អាល្លឺម៉ង់​ពិចារណា​លើ​ការ​បញ្ជូន​ប្រព័ន្ធ​អាវុធ​បាញ់​រហ័ស​ទៅ​កាន់​អ៊ុយក្រែន​

អធិការបតី​អាល្លឺម៉ង់​លោក​ អូឡាហ្វ ​សុល​ (Olaf Scholz) ​កំពុង​ពិចារណា​លើ​ការ​បញ្ជូន​ប្រព័ន្ធ​កាំភ្លើង​ធំ​បាញ់​រហ័ស​​ចំនួន​៧គ្រឿង​​ទៅ​កាន់​ក្រុង​កៀវ​ ក្នុង​ជំហាន​មួយ​ទៀត​ដើម្បី​ពង្រឹង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​​កង​កម្លាំង​អ៊ុយក្រែន​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​។​​

វា​ជា​ការ​ពិចារណា​លើ​​អនុសាសន៍​របស់​រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​អាល្លឺម៉ង់​អ្នក​ស្រី​ Christine Lambrecht ​លើ​ការ​ប្រគល់​ប្រព័ន្ធ​កាំភ្លើង​ធំ​ PzH 2000 ​ប៉ុន្តែ​ក៏​មាន​សំណើ​ផ្សេង​ទៀត​ជា​ច្រើន​នៅ​លើ​តុ​ ហើយ​លោក​ សុល ​មិន​ទាន់​ទទួល​បាន​ការ​យល់​ព្រម​ចុង​ក្រោយ​នៅ​ឡើយ​​​។​ នេះ​បើ​តាម​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ Bloomberg ​ដែល​ស្រង់​សម្ដី​ប្រភព​ជា​អនាមិក​កាល​ពី​ថ្ងៃ​អង្គារ​។​ ​

លោក​​ Jacob Kirkegaard ​សមាជិក​ជាន់​ខ្ពស់​នៃ​មូលនិធិ​ Marshall ​អាល្លឺម៉ង់​ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប្រ៊ុចសែល​ ​និយាយ​ថា​៖​ «​ប្រសិន​បើ​មាន​ការ​យល់​ព្រម​ នេះ​នឹង​ក្លាយ​ជា​វិធានការ​ដ៏​រឹងមាំ​មួយ​របស់​លោក​អធិការបតី​ អូឡាហ្វ​ សុល​​ ព្រោះ​​វា​នឹង​ធ្វើ​ឱ្យ​អាល្លឺម៉ង់​មាន​ប្រៀប​ជាមួយ​នឹង​អ្នក​ផ្គត់​ផ្គង់​សព្វា​វុធ​អឺរ៉ុប​ដ៏​ធំ​បំផុត​សម្រាប់​អ៊ុយក្រែន​»​។​

ការ​ពិចារណា​របស់​លោក​អធិការបតី​ ធ្វើ​ឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​អាល្លឺម៉ង់​ អនុញ្ញាត​ឱ្យ​ផ្ទេរ​រថក្រោះ​ប្រឆាំង​យន្តហោះ ​Gepard ​ចំនួន​ ៥០​ ក្រោយ​ប្រកែក​មិន​បញ្ជូល​អាវុធ​ធុន​ធ្ងន់​ទៅ​អ៊ុយក្រែន​ ហើយ​ផ្តល់​សញ្ញា​ថា​ សព្វា​វុធ​កាន់​តែ​ច្រើន​នឹង​បញ្ជូន​ទៅ​កាន់​ទីក្រុង​កៀវ​។​

ពី​មុន​មក​ លោក ​សុល ​ប្រឈម​មុខ​នឹង​សម្ពាធ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ស្ទាក់​ស្ទើរ​របស់​លោក​ក្នុង​ការ​ផ្គត់​ផ្គង់​ប្រព័ន្ធ​សព្វា​វុធ​ទំនើប​ៗ​ដើម្បី​ទប់​ទល់​នឹង​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​។​ តែ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ លោក​និយាយ​ថា​ អាល្លឺមង់​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​បន្ត​បញ្ជូន​អាវុធ​ទៅ​អ៊ុយក្រែន​ ដោយ​​ច្រាន​ចោល​​នឹង​អ្នក​រិះ​គន់​ក្នុង​ស្រុក​មួយ​ចំនួន​។​ ​​

សមត្ថភាព​​យោធា​​របស់​​អាល្លឺម៉ង់​ ​ត្រូវ​​បាន​​រារាំង​​ដោយ​​ការ​​ផ្តល់​​មូលនិធិ​​មាន​​កំណត់​​ជា​ច្រើន​​​ឆ្នាំ​ ហើយ​​មេដឹកនាំ​​យោធា​​​​ព្រមាន​​​ថា​ ​ការ​​បញ្ជូន​​យន្តហោះ​​ចម្បាំង​​អាច​​ធ្វើ​​​ឱ្យ​​វិស័យ​​ការពារ​​ប្រទេស​​ចុះ​ខ្សោយ​។​ យោធា​អាល្លឺម៉ង់​ មាន​អាវុធ​ PzH 2000 ​ចំនួន​ ១៩៩ ​គ្រឿង​ ប៉ុន្តែ​មាន​តែ​ ៤០ ​ប៉ុណ្ណេះ​​ដែល​កំពុង​ដំណើរការ​នា​ពេល​បច្ចុប្បន្ន​។​​ យ៉ាង​ណា​មិញ​ លោក​ Kirkegaard ​​និយាយ​ថា​ ក្តី​បារម្ភរ​បស់​មេដឹកនាំ​យោធា​​អាល្លឺម៉ង់​ ដែល​ថា​ការ​ចែក​ចាយ​សព្វាវុធ​អាច​ធ្វើ​ឲ្យ​សមត្ថភាព​ការពារ​របស់​ប្រទេស​​ខ្លួន​ចុះ​ខ្សោយ​ គឺ​ជា​រឿង​ «​មិន​សម​ហេតុ​ផល​»​ ដោយ​សារ​កាំភ្លើង​ធំ​នឹង​ត្រូវ​ប្រើដើ​ម្បី​ការពារ​មិន​ត្រឹម​តែ​អ៊ុយក្រែន​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ថែម​ទាំង​អឺរ៉ុប​ទាំង​មូល​ផង​ដែរ​។

ប្រភព៖ Yahoo

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner