អឺរ៉ុបត្រៀមដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី ខណៈពេលដែលអាមេរិកព្រមានថារុស្ស៊ីមានផែនការកាត់យកផ្នែកខ្លះនៃអ៊ុយក្រែន
សហភាពអឺរ៉ុបគឺកំពុងត្រៀមសម្រាប់ការដាក់ទណ្ឌកម្មលើការនាំចូលប្រេងពីរុស្ស៊ី ដែលនឹងកាត់ផ្ដាច់ប្រភពចំណូលដ៏ធំមួយរបស់ក្រុងម៉ូស្គូ ខណៈពេលដែលសហរដ្ឋអាមេរិកព្រមានថារុស្ស៊ីកំពុងមានផែនការកាត់យកផ្នែកមួយចំនួននៃប្រទេសអ៊ុយក្រែន។
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសម្រាប់សន្តិសុខ និងកិច្ចសហប្រតិបត្តិការនៅអឺរ៉ុប (OSCE) លោកមៃខល ខាផេនថឺ បាននិយាយថារុស្ស៊ីគឺកំពុងគ្រោងកាត់យកជាផ្លូវការនូវតំបន់ក្រុមផ្ដាច់ខ្លួនលូហានស្ក៍ និងដូណេតស្ក៍នៅភាគខាងជើងប្រទេសអ៊ុយក្រែន។ លោកនិយាយថា៖ «របាយការណ៍បានបញ្ជាក់ថារុស្ស៊ីគ្រោងរៀបចំការបោះឆ្នោតប្រជាមតិនៅពេលណាមួយក្នុងពាក់កណ្ដាលខែឧសភា»។
លោកខាផេនថឺ និយាយថារុស្ស៊ីក៏កំពុងពិចារណាអនុវត្តផែនការស្រដៀងគ្នានេះនៅតំបន់ឃឺសុន ដែលខ្លួនទើបតែពង្រឹងការគ្រប់គ្រង និងកំណត់ឱ្យរូបិយប័ណ្ណរុស្ស៊ី បន្ទាប់ចូលកាន់កាប់កាលពីដើមនៃសង្គ្រាមពេលបច្ចុប្បន្ននេះ។
យ៉ាងណាមិញគណៈកម្មការអឺរ៉ុបត្រូវបានគេរំពឹងថានឹងដាក់ចេញកញ្ចប់ទណ្ឌកម្មថ្មីទៅលើរុស្ស៊ី ដែលអាចនឹងរួមមានការនាំចូលប្រេងពីរុស្ស៊ី។ រហូតមកដល់ពេលនេះវិស័យប្រេងរបស់រុស្ស៊ីត្រូវបានគេលើកលែងពីការដាក់ទណ្ឌកម្មអន្តរជាតិ ខណៈពេលដែលក្រុងគៀវបានជំរុញឱ្យមានការធ្វើបែបនេះ ដោយអះអាងថាចំណូលបានមកពីប្រេងគឺកំពុងគាំទ្រការឈ្លានពានរបស់រុស្ស៊ីនៅក្នុងទឹកដីរបស់ខ្លួន។ កាលពីថ្ងៃចន្ទ ប្រទេសអាល្លឺម៉ង់ ដែលជាអ្នកនាំចូលប្រេងរុស្ស៊ីធំជាងគេនៅអឺរ៉ុប បានបង្ហាញការផ្លាស់ប្ដូរគាំទ្រចំពោះវិធានការដាក់ទណ្ឌកម្មលើការនាំចូលប្រេងវិញ។ អធិការបតីអាល្លឺម៉ង់លោកអូឡាហ្វ សូល បានប្រឈមមុខនឹងសម្ពាធពីលោកខាងលិចកាន់តែខ្លាំង ខណៈពេលដែលលោកមានភាពស្ទាក់ស្ទើរជុំវិញការឆ្លើយតបនឹងសង្គ្រាមនេះ។ ឥឡូវលោកសូលបានប្ដេជ្ញាថាដាក់ទណ្ឌកម្មនឹងមិនត្រូវដោះរហូតដល់ពេលដែលរុស្ស៊ីចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយនឹងអ៊ុយក្រែន៕
ប្រភព៖ The Guardian