អ្នកវិភាគឆ្ងល់ថា ហេតុអ្វីរុស្ស៊ីមិនញញើតរឿងបរទេសជញ្ជូនអាវុធទៅអ៊ុយក្រែន ឬ ពូទីន មានផែនការធំជាងនេះ?
មន្ត្រីនៅលោកខាងលិច កំពុងជជែកវែកញែកអំពីផែនការរបស់វិមានក្រឹមឡាំង ដែលមិនព្រមព្យាយាមបញ្ឈប់បរទេសមិនឱ្យដឹកជញ្ជូនអាវុធទៅអ៊ុយក្រែន និងបង្កើតជាមន្ទិលថាតើ លោក ពូទីន កំពុងរៀបគម្រោងវាយលុកកាន់តែធំជាងមុន ឬ យ៉ាងណា។
តាមអ្នកវិភាគយោធា និងមន្ត្រីបស្ចិមប្រទេសមួយចំនួន រុស្ស៊ី អាចនឹងវាយលុក ផ្លូវដែក ផ្លូវថ្នល់ និងស្ពានរបស់អ៊ុយក្រែនកាន់តែខ្លាំងជាងមុន ដើម្បីព្យាយាមរារាំងមិនឱ្យមានការដឹកជញ្ជូនសព្វាវុធលោកខាងលិចទៅឱ្យទាហានជួរមុខ។ ប្រទេសនេះ អាចនឹងទម្លាក់គ្រាប់បែកលើហេដ្ឋារចនាសម្ព័ន្ធជាច្រើនជុំវិញរដ្ឋធានី Kyiv ដើម្បីបង្កការលំបាកដល់មេដឹកនាំលោកខាងលិចមិនឱ្យទៅជួបប្រធានាធិបតី Volodymyr Zelensky ដើម្បីសហការគ្នារកដំណោះស្រាយ។
បន្ថែមពីនេះ ប្រទេសនឹងក៏គ្រោងនឹងធ្វើទុកបុកម្នេញលោកខាងលិច តាមរយៈការវាយប្រហារតាមអ៊ីនធឺណិត ការបំផ្លិចបំផ្លាញ ឬការកាត់ផ្តាច់ការនាំចេញថាមពលទៅកាន់អឺរ៉ុបជាដើម។
សប្តាហ៍ដំបូងនៃសង្រ្គាម បានបង្ហាញយ៉ាងច្បាស់ថា យោធារបស់រុស្ស៊ីមានសមត្ថភាពតិចជាងអ្វី ដែលខ្លួនបានអួតអាងមុនពេលការឈ្លានពាន។ ប៉ុន្តែ មន្ត្រីអាមេរិក និងអឺរ៉ុប ក៏និយាយដែរថា លោក ពូទីន ហាក់ដូចជា មានការប្រុងប្រយ័ត្នគួរឱ្យកត់សម្គាក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយគេសង្កេតឃើញមាន ការវាយលុកយឺតៗនៅភាគខាងកើតអ៊ុយក្រែន ដែលជាវិធីសាស្រ្តរារាំងក្នុងការដកយកហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន និងជៀសវាងសកម្មភាព ដែលអាចបង្កើនជម្លោះជាមួយណាតូ។
ភាពអត់ធ្មត់ និងការវាយលុកសន្សឹមៗរុស្ស៊ី ហាក់ផ្ទុយស្រឡះនឹងអ្វី ដែលរុស្ស៊ីប្រកាសក្នុងទូរទស្សន៍រដ្ឋ ដែលថា ទីក្រុងម៉ូស្គូកំពុងជាប់ប្រយុទ្ធជាមួយលោកខាងលិច និងនឹងអាចប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រសិនបើអាច។
បញ្ហា ដែលគេកំពុងបារម្ភពេលនេះគឺថា សង្រ្គាមបច្ចុប្បន្ន អាចនឹងធ្វើឱ្យ ពូទីន ប្តូរស្នៀត ហើយធ្វើឱ្យសង្រ្គាមកាន់តែធ្ងន់ធ្ងរជាងមុនឬយ៉ាងណា។ នោះហើយជាសំណួរបន្ទាន់គួរឆ្ងល់ ជាពិសេសមុនពេល ទិវាជ័យជំនះក្នុងប្រទេសរុស្ស៊ីនៅថ្ងៃ ចន្ទ សប្តាហ៍ក្រោយ ដែលជាទូទៅ លោកក ពូទីន តែងធ្វើជាអធិបតីក្នុងក្បួនដង្ហែដ៏ធំ ដែលបង្ហាញពីជ័យជំនះរបស់សូវៀតលើពួកណាស៊ីអាល្លឺម៉ង់ និងថ្លែងសុន្ទរកថាបែបយោធានិយម។
លោក Ben Wallace រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេស បានព្យាករកាលពីសប្តាហ៍មុនថា លោក ពូទីន នឹងប្រើសុន្ទរកថានេះ ដើម្បីប្រកាសសង្គ្រាមជាផ្លូវការ និងប្រមូលផ្តុំប្រជាជនរុស្ស៊ីយ៉ាងច្រើនក្នុងប្រទេស។
មន្ត្រីអាមេរិក និងអឺរ៉ុប បាននិយាយថា ក្បួនយោធាលើគោក ដែលនឹងបង្ហាញពីការជំរុញឱ្យមានយោធាធំនៅថ្ងៃ ចន្ទ សប្ដាហ៍ក្រោយ ឬឆាប់ៗនេះ ជាក្បួនធំបំផុតហើយ។ មន្ត្រីដដែលនេះ ក៏រំពឹងថា អ៊ុយក្រែននឹងបង្កើតយុទ្ធនាការសន្សឹមៗតែរឹងមាំ ដើម្បីការពារខ្លួន។ ហើយអ្វីដែលថា លោក ពូទីន អាចប្រើសុន្ទរកថា ដើម្បីប្រកាសសង្រ្គាមកាន់តែទូលំទូលាយ និងប្រឹងប្រែងជាតិឱ្យកាន់តែរឹងមាំបន្ថែមទៀតនោះ វាមិនអាចកើតឡើងទេ។
សម្រាប់ពេលនេះ លោក ពូទីន ហាក់ដូចជាស្ថិតក្នុងទម្រង់នៃការកាន់យោធាមួយ ដែលអនុញ្ញាតឱ្យអ៊ុយក្រែនប្រមូលផ្តុំឡើងវិញ និងស្តុកទុកអាវុធរបស់លោកខាងលិច។ កាលពីថ្ងៃ ច័ន្ទ មន្ត្រីជាន់ខ្ពស់មន្ទីរបញ្ចកោណ បានហៅ ការវាយលុកចុងក្រោយបង្អស់របស់រុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែនថា «ការវាយលុកបែបប្រយ័ត្នប្រយែង ប៉ុន្តែក្ដៅគគុក»។
នៅប្រទេសរុស្ស៊ីឯណ្ណោះវិញ សាធារណជន មានការរអ៊ូរទាំថា យោធាកំពុងប្រយុទ្ធ ដោយដៃម្ខាង ហើយយុទ្ធសាស្ត្រ និងគោលបំណងនៃការធ្វើសឹកក៏មើលមិនយល់ដែរ។
លោក Dmitri Trenin ប្រធានមជ្ឈមណ្ឌល Carnegie Moscow បាននិយាយក្នុងបទសម្ភាសន៍តាមទូរស័ព្ទពីខាងក្រៅក្រុងមូស្គូថា៖ «នេះ គឺជាសង្រ្គាមដ៏ចម្លែក និងពិសេស។ រុស្ស៊ី បានកំណត់កម្រិតតឹងរ៉ឹង សម្រាប់ខ្លួនឯង ហើយគ្មានអ្នកណាអាចពន្យល់បានដែរ ទើបបានជាពលរដ្ឋរុស្ស៊ីមានការងឿងឆ្ងល់ជាខ្លាំង»។
គួរបញ្ជាក់ផងដែរថា លោក Trenin គឺជាអ្នកវិភាគម្នាក់ក្នុងចំណោមអ្នកវិភាគផ្សេងទៀតមកពីក្រុមអ្នកវិភាគស្ថានភាពសង្គ្រាមរុស្ស៊ី ក៏ពិបាកនឹងពន្យល់ថាតើហេតុអ្វីបានជាវិមានក្រឹមឡាំង ប្រយុទ្ធប្រើកម្លាំងតែពាក់កណ្តាលដែរ។
លោកបានសួរថា ហេតុអ្វី បានជារុស្ស៊ី មិនទម្លាក់គ្រាប់បែកបន្ថែមលើស្ពាន និងបណ្តាញផ្លូវដែក ខណៈលោកខាងលិចកំពុងផ្គត់ផ្គង់ និងចែកចាយយោធាដល់អ៊ុយក្រែនយ៉ាងសន្ធឹកសន្ធាប់រាល់ថ្ងៃ? ហេតុអ្វីបានជាមេដឹកនាំលោកខាងលិច ដូចជា ប្រធានសភាលោកស្រី Nancy Pelosi នៅថ្ងៃ អាទិត្យ នៅតែអាចទៅទស្សនាទីក្រុង Kyiv ដោយសុវត្ថិភាព?
អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ក្រុមមន្ត្រីនៅទីក្រុងវ៉ាស៊ីនតោន បានពិភាក្សាអំពីមូលហេតុ ដែលយោធារុស្ស៊ីមិនមានភាពឆេវឆាវ ឬ ព្យាយាមបំផ្លាញខ្សែផ្គត់ផ្គង់អាវុធរបស់លោកខាងលិចចូលទៅក្នុងអ៊ុយក្រែន។ ចម្លើយមួយគឺថា ការការពារដែនអាកាសរបស់អ៊ុយក្រែន នៅតែបន្តគំរាមកំហែងយន្តហោះរុស្ស៊ី ដូច្នេះប្រសិនបើយន្តហោះរុស្ស៊ីចូលកាន់តែជ្រៅចូលទៅក្នុងអ៊ុយក្រែនឱកាស ដែលត្រូវគេបាញ់ទម្លាក់កាន់តែច្រើន។
បន្ថែមពីនេះ រុស្ស៊ីក៏កំពុងប្រឈមជាមួយបញ្ហាគ្រាប់រំសេវរបស់ខ្លួនដែរ (ពោលគឺកាំជ្រួច ឬរ៉ុក្កែតជាមួយនឹងប្រព័ន្ធណែនាំ) ដោយសព្វាវុធទាំងនោះ បានបរាជ័យក្នុងការដាក់ដំណើរការឱ្យបានត្រឹមត្រូវ ហើយការផ្គត់ផ្គង់អាវុធរបស់រុស្ស៊ីក៏នៅមានកម្រិតដែរ។ ដោយសារភាពមិនប្រាកដប្រជានេះហើយ ទើបការវាយប្រហារលើផ្លូវដែក ឬក្បួននានា មិនអាចប្រព្រឹត្តិទៅដោយប្រសិទ្ធភាពនោះទេ។
ប្រភព៖ New York Times