តើ​ការ​អះអាង​របស់​រុស្ស៊ី​អំពី​អាវុធ​ជីវសាស្ត្រ​អ៊ុយក្រែន​ពិត​ឬ​យ៉ាង​ណា?

តើ​ទីក្រុង​គៀវ​កំពុង​អភិវឌ្ឍ​អាវុធ​ជីវសាស្ត្រ​នៅ​មន្ទីរ​ពិសោធន៍​សម្ងាត់​ដោយ​មាន​ការ​គាំទ្រ​ពី​សហរដ្ឋអាមេរិក​ ឬ​ក៏​គ្រាន់​តែ​ជា​ការ​អះអាង​របស់​រុស្ស៊ី​ដើម្បី​បង្កើត​លេស​ឱ្យ​មាន​សង្គ្រាម​នៅ​ប្រទេស​អ៊ុយក្រែន​។ កាល​ពី​ចុង​ខែ​មេសា​ប្រធានាធិបតី​រុស្ស៊ី​បាន​លើកឡើង​ថា​ «បណ្ដាញ​មន្ទីរ​ពិសោធន៍​អាវុធ​ជីវសាស្ត្រ​លោក​ខាង​លិច​» នៅ​ក្នុង​អ៊ុយក្រែន​ គឺ​ជា​ការ​គំរាមកំហែង​ដ៏​ធំ​មួយ​ដែល​ក្រុង​ម៉ូស្គូ​កំពុង​ប្រឈម​ ហើយ​ដែល​ខ្លួន​ចង់​កម្ចាត់​ក្នុង​ការ​ឈ្លានពាន​ក្នុង​ប្រទេស​នេះ​។

ទន្ទឹម​នឹង​នេះ​ ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​និយាយ​ថា​ខ្លួន​មាន​ភស្តុតាង​ថា​ក្រុង​គៀវ​កំពុង​អភិវឌ្ឍ​អាវុធ​ជីវសាស្ត្រ​ «ដោយ​មាន​ការ​ចូល​រួម​ដោយ​ផ្ទាល់​ពី​មន្ទីរ​បញ្ចកោណ (ក្រសួង​ការពារ​ជាតិ​អាមេរិក)»​។ ក្រុង​គៀវ និង​ក្រុង​វ៉ាស៊ីនតោន​បាន​ច្រាន​ចោល​ការ​អះអាង​នេះ​។

អនុសញ្ញា​អាវុធ​ជីវសាស្ត្រ​ (BWC) ឆ្នាំ​ ១៩៧៥ បាន​ហាមឃាត់​ការ​អភិវឌ្ឍន៍ ការផលិត ការ​ទិញ​យក ការ​ផ្ទេរ ការ​ស្តុក​ទុក និង​ការ​ប្រើប្រាស់​អាវុធ​ជីវសាស្ត្រ និង​អាវុធ​ជាតិ​ពុល​។ ប៉ុន្តែ​អ្នក​ជំនាញ​ជា​ច្រើន​និយាយ​ថា​ព្រំដែន​រវាង​ការ​សិក្សា​ស៊ីវិល​ និង​យោធា​ គឺ​មាន​ភាព​ស្រពិចស្រពិល​ខ្លាំង​ណាស់ ហើយ​ត្រូវ​បាន​គេ​ប្រើប្រាស់​ដើម្បី​ធ្វើ​ការ​ឃោសនា​ញុះញង់ ឬ​បញ្ចុះ​បញ្ចូល​។

អ្នក​ជំនាញ​អាល្លឺម៉ង់​ដែល​បាន​ធ្វើ​ការ​វិភាគ​ទៅ​លើ​ការ​អះអាង​របស់​រុស្ស៊ី​សម្រាប់​គម្រោង​របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​សន្តិភាព និង​គោលនយោបាយ​សន្តិសុខ នៅ​សាកលវិទ្យាល័យ​ហាំប៊ឺក​ បាន​និយាយ​ថា​គោលដៅ​ចម្បង​នៃ​ការ​អះអាង​បែប​នេះ​ ដើម្បី​បង្ក​ឱ្យ​មាន​ការ​ភ័យ​ខ្លាច​ក្នុង​ចំណោម​ប្រជាជន​ទូទៅ​ ដោយ​ហាក់​ដូចជា​ចោទ​ប្រកាន់​រុស្ស៊ី​ថា​បាន​ប្រើប្រាស់​ «ព័ត៌មាន​មិន​ពិត»​។

ការ​អះអាង​របស់​រុស្ស៊ី​គឺ​ផ្ដោត​ទៅ​លើ​មេរោគ​ដែល​បង្ក​ជំងឺ​ប៉េស្ត ​ជំងឺ​អង់ត្រាក់​ និង​ជំងឺ​ខាន់ស្លាក់​។ អ៊ុយក្រែន​ពិត​ជា​មាន​មន្ទីរ​ពិសោធ​ជីវសាស្ត្រ​គាំទ្រ​ដោយ​អាមេរិក​ពិត​មែន​ ប៉ុន្តែ​អ្នក​ជំនាញ​ជា​ច្រើន​ចាត់​ទុក​ការ​សិក្សា​នៅ​មន្ទីរ​ពិសោធ​ទាំង​នេះ​ថា​មាន​តម្លាភាព​ ហើយ​មិន​មាន​លាក់បាំង​ការ​សម្ងាត់​ដូច​ការ​អះអាង​របស់​រុស្ស៊ី​ទេ​។

កាល​ពី​ដើម​ទសវត្ស​ ១៩៩០ រដ្ឋាភិបាល​អាមេរិក​បាន​ធ្វើ​ការ​ជា​មួយ​ប្រទេស​ជា​អតីត​រដ្ឋ​សហភាព​សូវៀត​ ក្រោម​កម្មវិធី​កាត់​បន្ថយ​ការ​គំរាមកំហែង​សហករណ៍​ Nunn-Lugar ដើម្បី​កម្ចាត់​អាវុធ​ប្រល័យ​លោក​ដូចជា អាវុធ​នុយក្លេអ៊ែរ អាវុធ​គីមី និង​អាវុធ​ជីវសាស្ត្រ​នៅ​ប្រទេស​ទាំង​នេះ​។

ក្រោម​កម្មវិធី​នេះ​សហរដ្ឋអាមេរិក​បាន​ផ្ដល់​ថវិកា​ឱ្យ​គម្រោង​មួយ​ចំនួន​ ដើម្បី​បង្វែរ​ការ​សិក្សា​នៅ​មន្ទីរ​ពិសោធ​ទាំង​នេះ​ពី​ការ​សិក្សា​អាវុធ​ជីវសាស្ត្រ​ ទៅ​ការ​សិក្សា​ផ្សេង​ទៀត​ដើម្បី​បំពេញ​ប្រយោជន៍​ឱ្យ​សង្គម​។

ក្រោយ​មក​នៅ​ឆ្នាំ​ ២០០៥ ក្រុង​គៀវ និង​ក្រុង​វ៉ាស៊ីនតោន​ក៏​បាន​ចុះ​កិច្ចព្រមព្រៀង​មួយ​ដើម្បី «ទប់​ស្កាត់​ការ​រីក​សាយ​ភាយ​នៃ​មេរោគ​គ្រោះថ្នាក់ និង​ជំនាញ​ពាក់ព័ន្ធ និង​កាត់​បន្ថយ​ការ​គំរាមកំហែង​ជីវសាស្ត្រ​ដែល​អាច​កើត​មាន​»​។ ក្រោម​កិច្ចព្រមព្រៀង​នេះ​អ៊ុយក្រែន​បាន​ទទួល​ថវិកា​ពី​សហរដ្ឋអាមេរិក​ដើម្បី​ធ្វើ​ទំនើប​កម្ម​លើ​មន្ទីរ​ពិសោធ​ជីវសាស្ត្រ​របស់​ខ្លួន​។

ការ​ចោទ​ប្រកាន់​មួយ​ទៀត​របស់​រុស្ស៊ី​ទៅ​លើ​អ៊ុយក្រែន​ គឺ​ថា​ក្រុង​គៀវ​គឺ​កំពុង​ជួយ​ក្រុង​វ៉ាស៊ីនតោន​បង្កើត​អ្វី​ដែល​ពួកគេ​ហៅ​ថា​ «អាវុធ​ជីវសាស្ត្រ​ជនជាតិ»​។ មន្ត្រី​រុស្ស៊ី​មួយ​ចំនួន​ ដែល​រួមមាន​ឧត្ដមសេនីយ៍​អ៊ីហ្គ័រ គីរីឡូវ មេបញ្ជាការ​កម្លាំង​ទប់ទល់​វិទ្យុសកម្ម គីមី និង​ជីវសាស្ត្រ​រុស្ស៊ី បាន​អះអាង​ថា​អាវុធ​ជីវសាស្ត្រ​ប្រភេទ​នេះ គឺ​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​វាយ​ប្រហារ​តែ​ជនជាតិ​ជាក់​ស្ដែង​ណា​មួយ​ ដូចជា​ជនជាតិ​រុស្ស៊ី​ជា​ដើម​។

រហូត​មក​ដល់​ពេល​នេះ​គេ​មិន​មើល​ឃើញ​មាន​អាវុធ​បែប​នេះ​នៅ​ឡើយ​ទេ ហើយ​អ្នក​ជំនាញ​ស្ទើរ​តែ​ទាំង​អស់​យល់ឃើញ​ថា​មេរោគ​បែប​នេះ​គឺ​មិន​អាច​បង្កើត​បាន​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​បច្ចុប្បន្ន​នោះ​ទេ​។

កាល​ពី​ទសវត្ស​ ១៩៧០ មេដឹកនាំ​ស្បែក​ស​នៃ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ បាន​បើក​ការ​សិក្សា​អាវុធ​ជីវសាស្ត្រ​ប្រឆាំង​នឹង​ជនជាតិ​ស្បែក​ខ្មៅ​ ប៉ុន្តែ​គម្រោង​នេះ​មិន​ទទួល​បាន​ការ​សម្រេច​ ហើយ​មិន​ដែល​បាន​អនុវត្ត​នោះ​ទេ​។

អ្នក​វិភាគ​ជា​ច្រើន​និយាយ​ថា​គោលដៅ​បង្ក​ការ​ភ័យខ្លាច​របស់​រុស្ស៊ី​បាន​ជោគជ័យ​រួច​ទៅ​ហើយ​ ប៉ុន្តែ​គេ​កត់​សម្គាល់​ថា​រុស្ស៊ី​នៅ​មិន​ទាន់​ប្រើប្រាស់​មាត្រា​ ៦ នៃ​អនុសញ្ញា​អាវុធ​ជីវសាស្ត្រ​ (BWC)​ដើម្បី​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ប្រសិន​បើ​ខ្លួន​សង្ស័យ​ថា​មាន​ការ​រំលោភ​លើ​កាតព្វកិច្ច​សន្ធិសញ្ញា​ដោយ​រដ្ឋ​មួយ​ផ្សេង​ទៀត​។

នេះ​មិន​មែន​ជា​លើក​ដំបូង​ទេ​ដែល​រុស្ស៊ី​បាន​ចោទ​ប្រកាន់​ប្រទេស​មួយ​ទៀត​ថា​បាន​អភិវឌ្ឍ​អាវុធ​ជីវសាស្ត្រ​ដោយ​មាន​ការ​គាំទ្រ​ពី​សហរដ្ឋអាមេរិក​។ កាល​ពី​ឆ្នាំ​ ២០១៨ រុស្ស៊ី​បាន​ចោទ​ប្រកាន់​ប្រទេស​ហ្សកហ្ស៊ី និង​សហរដ្ឋអាមេរិក​ថា​បាន​ធ្វើ​ការ​សាកល្បង​អាវុធ​ជីវសាស្ត្រ​នៅ​ក្នុង​ទឹកដី​ហ្សកហ្ស៊ី​ ធ្វើ​ឱ្យ​មនុស្ស​ ៧៣ នាក់​ស្លាប​។​ ហ្សកហ្ស៊ី​ និង​សហរដ្ឋអាមេរិក​បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​នេះ​ ហើយ​រដ្ឋាភិបាល​ហ្សកហ្ស៊ី​បាន​អញ្ជើញ​អ្នក​ជំនាញ​អន្តរជាតិ​ ដែល​រួម​ទាំង​រុស្ស៊ី​ ឱ្យ​មក​ធ្វើ​ទស្សនកិច្ច​មក​ពិនិត្យ​មន្ទីរ​ពិសោធ​ដែល​ក្រុង​ម៉ូស្គូ​អះអាង​ថា​ជា​កន្លែង​សាកល្បង​នេះ​។ អ្នក​ជំនាញ​ដែល​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​ទី​នោះ​បាន​សន្និដ្ឋាន​ថា​ការងារ​របស់​មន្ទីរ​ពិសោធ​នោះ​គឺ​មាន​តម្លាភាព​ ហើយ​ស្រប​តាម​គោលការណ៍​របស់​អនុសញ្ញា BWC ខណៈ​ពេល​ដែល​អ្នក​ជំនាញ​រុស្ស៊ី​បដិសេធ​ការ​អញ្ជើញ​មក​ធ្វើ​ការ​ពិនិត្យ​នេះ​៕

ប្រភព៖ DW

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner