គ.ជ.ប គ្រោងនឹងបោះពុម្ពសន្លឹកឆ្នោតជាង១០លានសន្លឹកសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គ្រោងនឹងបោះពុម្ពសន្លឹកឆ្នោតជាង១០លានសន្លឹក សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់ គ.ជ.ប ថ្លែងប្រាប់ AMS នៅល្ងាចថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២។

ទាក់ទងនឹងការបោះពុម្ពសន្លឹកឆ្នោតនេះ នៅព្រឹកថ្ងៃទី៦ ខែ ឧសភា ឆ្នាំ២០២២ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នឹងរៀបចំកម្មវិធីបង្ហាញអំពីដំណើរការបោះពុម្ពសន្លឹកឆ្នោត សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅទីតាំងរោងពុម្ពសួន វឌ្ឍនៈ ស្ថិតនៅផ្ទះលេខ៩ ផ្លូវលេខ៣៤៥ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ។ នេះបើយោងតាមសេចក្តី ជូនដំណឹងរបស់ គ.ជ.ប នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២។

ជាមួយគ្នានេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក៏បានជូនដំណឹងដល់គណបក្សនយោបាយ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិ អញ្ជើញចូលរួមក្នុងការរៀបចំកម្មវិធីបង្ហាញអំពីដំណើរការបោះពុម្ពសន្លឹកឆ្នោត សម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ផងដែរ។

សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នេះ មានគណបក្សនយោបាយចំនួន១៧ដែលបានចុះឈ្មោះចូលរួម ប្រកួតប្រជែង មានដូចជាៈ ១.គណបក្សប្រជាជនកម្ពុជា ដាក់បេក្ខជនឈរឈ្មោះបានចំនួន១.៦៥២/១.៦៥២ ឃុំ សង្កាត់។ ២.គណបក្សភ្លើងទៀន ដាក់បេក្ខជនឈរឈ្មោះបានចំនួន ១.៦២៣/១.៦៥២ ឃុំ សង្កាត់ ។ ៣.គណបក្សហ៊្វុនស៊ិនប៉ិច ដាក់បេក្ខជនឈរឈ្មោះបានចំនួន ៦៨០/១.៦៥២ ឃុំ សង្កាត់។ ៤.គណបក្សខ្មែររួបរួមជាតិ ដាក់បេក្ខជនឈរឈ្មោះបានចំនួន ៥៩៦/១.៦៥២ ឃុំ សង្កាត់។ ៥.គណបក្សខ្មែរស្រឡាញ់ជាតិ ដាក់បេក្ខជនឈរឈ្មោះបានចំនួន ៣១៥/១.៦៥២ ឃុំ សង្កាត់។ ៦.គណបក្សសញ្ជាតិកម្ពុជា ដាក់បេក្ខជនឈរឈ្មោះបានចំនួន ២៤៥/១.៦៥២ ឃុំ សង្កាត់។ ៧.គណបក្សយុវជនកម្ពុជា ដាក់បេក្ខជនឈរឈ្មោះបានចំនួន ១១៤/១.៦៥២ ឃុំ សង្កាត់។ ៨.គណបក្សកែទម្រង់កម្ពុជា ដាក់បេក្ខជនឈរឈ្មោះបានចំនួន៥៩/១.៦៥២ ឃុំ សង្កាត់។ ៩.គណបក្សឆន្ទៈខ្មែរ ដាក់បេក្ខជនឈរឈ្មោះបានចំនួន ៥៨/១.៦៥២ ឃុំ សង្កាត់។ ១០.គណបក្សកម្ពុជានិយម ដាក់បេក្ខជនឈរឈ្មោះបានចំនួន ៣៨/១.៦៥២ ឃុំ សង្កាត់។ ១១.គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ដាក់បេក្ខជនឈរឈ្មោះបានចំនួន ៣២/១.៦៥២ ឃុំ សង្កាត់។ ១២.គណបក្សខ្មែរតែមួយ ដាក់បេក្ខជនឈរឈ្មោះបានចំនួន ៣០/១.៦៥២ ឃុំ សង្កាត់។ ១៣.គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ដាក់បេក្ខជនឈរឈ្មោះបានចំនួន ២៣/១.៦៥២ ឃុំ សង្កាត់។ ១៤.គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ដាក់បេក្ខជនឈរឈ្មោះបានចំនួន ១៩/១.៦៥២ ឃុំ សង្កាត់។ ១៥.គណបក្សឯកភាពជាតិខ្មែរ ដាក់បេក្ខជនឈរឈ្មោះបានចំនួន ១៤/១.៦៥២ ឃុំ សង្កាត់។ ១៦.គណបក្សរស្មីខេមរា ដាក់បេក្ខជនឈរឈ្មោះបានចំនួន ៦/១.៦៥២ ឃុំ សង្កាត់។ ១៧.គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ដាក់បេក្ខជនឈរឈ្មោះបានចំនួន ៤/១.៦៥២ ឃុំ សង្កាត់៕

ដោយ៖ពលជ័យ

រូបភាព៖គ.ជ.ប

ads banner