បញ្ចូនខ្លួនលោកស្រី ឈិន ដាណា ថៅកែក្រុមហ៊ុនទិញ-លក់ ដីទៅតុលាការពាក់ព័ន្ធករណីឆបោកនិងចេញសែកស្អុយ
ភ្នំពេញ៖នៅរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២នេះ កម្លាំង នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ បានបញ្ជូនខ្លួន លោកស្រី ឈិន ដាណា ថៅកែក្រុមហ៊ុនទិញ-លក់ដី ទៅកាន់សាលា ដំបូងរាជធានីភ្នំពេញ ពក់ព័ន្ធបទល្មើសឆបោក និងចេញសែកស្អុយ។
សូមបញ្ជាក់ថា កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៤ ខែឧសភានេះ បានឃាត់ខ្លួនលោកស្រីម្នាក់ ពាក់ព័ន្ធ ករណីឆបោកប្រាក់ និងចេញសែកគ្មានសាច់ប្រាក់ឲ្យអតិថិជន ក្នុង រឿង ទិញ–លក់ដីខ្យល់។
នគរបាលបានបញ្ជាក់ថា ជនត្រូវចោទឈ្មោះ ឈិន ដាណា ភេទស្រី អាយុ ៤៧ ឆ្នាំស្នាក់នៅបុរីឌឺផ្លរ៉ា ផ្ទះលេខ០៣ វិថីឌឺផ្លរ៉ា១ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ការឃាត់ខ្លួនលោកស្រី ឈិន ដាណា អគ្គនាយិកាក្រុមហ៊ុន ម៉ាឈិន ដាណាបាន ហេង ហេង គ្រុប ធ្វើឡើងតាមដីកាបង្គាប់ឲ្យ ចាប់ខ្លួន របស់លោក កេត សុជាតិ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានី ភ្នំពេញ ក្រោមបទចោទប្រកាន់ ឆបោក និងមិនបំពេញកាតព្វកច្ច ចំពោះ ឧបករណ៍ដែលអាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែកក្កដាឆ្នាំ២០២០ និងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ យោងតាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្ម ទណ្ឌ និងមាត្រា ២៣១ នៃច្បាប់ស្ដីពី ឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់។
សមត្ថកិច្ច បញ្ជាក់ថា នៅអំឡុងចុងឆ្នាំ២០២០ លោកស្រី ឈិន ដាណា បានធ្វើកិច្ចសន្យាលក់ដីទំហំបីហិកតា ស្ថិតនៅស្រុកអូររាំង ខេត្តមណ្ឌលគិរីក្នុងតម្លៃ ៦០ម៉ឺនដុល្លារ ឲ្យទៅជនរងគ្រោះម្នាក់។ ដោយមានការជឿជាក់លើលោកស្រីឈិន ដាណា ជនរងគ្រោះ បាន បង់ប្រាក់ថ្លៃដីគ្រប់ចំនួន ឲ្យទៅលោកស្រី។ ក្រោយពីបានលុយអស់ ហើយបែរជាលោកស្រីគ្មានដីឲ្យជនរងគ្រោះទៅវិញ។
លោកស្រី ឈិន ដាណា បានព្យាយាមគេចវេះមិនជួប និងដោះស្រាយ បញ្ហាលក់ដីខ្យល់ឲ្យជនរងគ្រោះទេ និងចុងក្រោយបានចេញសែក គ្មានសាច់ប្រាក់ឲ្យទៅជនរងគ្រោះដើម្បីដោះខ្លួនមួយគ្រា។
ដោយសារតែលោកស្រី ឈិន ដាណា មានឆន្ទៈបោកប្រាស់ម្ដង ហើយ ម្ដងទៀត ទើបជនរងគ្រោះសម្រេចដាក់ពាក្យប្ដឹងទៅតុលាការ ប៉ុន្តែ លោកស្រី ឈិន ដាណា នៅតែបន្តគេចវេះមិនព្រមចូលខ្លួន ឆ្លើយ តាម ដីកាកោះរបស់តុលាការឡើយ ទើបឈានដល់ការចេញដីកា បង្គាប់ ឲ្យចាប់ខ្លួនលោកស្រី ឈិន ដាណា យកទៅប្រគល់ ជូន តុលាការ តែម្ដង។
បច្ចុប្បន្ន ជនត្រូវចោទ ត្រូវបានបញ្ជូនមកដល់សាលាដំបូង រាជធានី ភ្នំពេញ ហើយកំពុងក្នុងដំណាក់កាល ចៅក្រមស៊ើបសួរនៅឡើយ ៕ ដោយ ៖ ជីម ភារ៉ា