ការដោះស្រាយវិវាទការងារនៅក្រុមហ៊ុន ណាហ្គាវើលដ៍ នៅតែមិនទាន់បញ្ចប់នៅឡើយ
ភ្នំពេញ ៖ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២២ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញពីដំណោះស្រាយវិវាទការងាររួមនៅក្រុមហ៊ុន ណាហ្គាវើលដ៍ដែលជាដំណោះស្រាយលើកទី៩ ប៉ុន្តែការរកដំណោះស្រាយមិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ ។
ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងការងារបានឱ្យដឹងថា នារសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបន្តអញ្ជើញគូភាគីវិវាទរវាងតំណាងបាតុករ និងតំណាងក្រុមហ៊ុនណាហ្គាវើលដ៍ មកជួបប្រជុំដោះស្រាយបន្តទៀត។
ក្នុងកិច្ចប្រជុំនេះត្រូវបានអញ្ជើញគ្រប់ភាគីចូលរួម និងជជែកពិភាក្សារកដំណោះស្រាយដើម្បីបញ្ចប់រឿង។ ទោះបីយ៉ាងណាចំពោះលទ្ធផលក្រោយពីការពិភាក្សាគ្នាយ៉ាងផុសផុល ភាគីទាំងពីរបានឯកភាព ដូចខាងក្រោម៖ ១. ភាគីទាំងពីរ នៅមិនទាន់ឈានដល់ចំណុចព្រមព្រៀងគ្នានៅឡើយទេ ។ ២. កំណត់កាលបរិច្ឆេទប្រជុំបន្ទាប់ នៅថ្ងៃពុធទី១១ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ១៤:៣០នាទី ដើម្បីឱ្យភាគីទាំងពីរមានឱកាសពិចារណាឡើងវិញ អំពីលទ្ធភាពនៃការសម្បទានគ្នាទៅវិញទៅមកដែលអាច ឈានទៅបញ្ចប់វិវាទនេះ។
ជុំវិញបញ្ហានេះ ក្រសួងការងារបញ្ជាក់ក្នុងសេចក្តីជូនដំណឹងរបស់ខ្លួនថា បើទោះបីជាមិនទាន់មានការឯកភាពគ្នា ក៏ក្រសួងនឹងបន្តខិតខំធ្វើការសម្របសម្រួល និងកំណត់កាលបរិច្ឆេទប្រជុំបន្តបន្ទាប់ទៀត ស្របតាមតួនាទីដែលកំណត់ដោយច្បាប់ ក៏ដូចជាការទាមទាររបស់គូភាគី។
ជាថ្មីម្តងទៀត ក្រសួងស្នើឱ្យភាគីទាំងពីរមានការយោគយល់គ្នាខ្ពស់ក្នុងការចូលរួមដោះស្រាយបញ្ចប់វិវាទ ការងារនេះ, បន្តសហការជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធដោយសន្តិវិធី, និងថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ។ យោងតាមនីតិវិធីច្បាប់ ប្រសិនបើវិវាទការងារនេះមិនអាចស្វែងរកដំណោះស្រាយ បានដោយការផ្សះផ្សា នីតិវិធីបន្ទាប់គឺអាចបញ្ជូនទៅតុលាការ ដើម្បីរកដំណោះស្រាយចុងក្រោយ ៕
ដោយ ៖ ម៉ាដេប៉ូ




