ផ្លូវបេតុង ជុំវិញឧទ្យានជាតិកែប ដែលប្រសិទ្ធិនាមថា«រុក្ខវិថី បុប្ផា ប្រសិទ្ធ» ស្ថិតនៅក្រុងកែប ខេត្តកែប ត្រូវបានសម្ភោធបើកឱ្យ ប្រើប្រាស់ជាផ្លូវការហើយ
នៅរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុងប្រវែង ៦,០០០ម៉ែត្រ ជុំវិញឧទ្យានជាតិកែប ដែលប្រសិទ្ធនាមថា «រុក្ខវិថី បុប្ផា ប្រសិទ្ធ » ស្ថិតក្នុងក្រុងកែប ខេត្តកែប ដោយមានការអញ្ជើញចូលរួមពីសំណាក លោកជំទាវ ចម និម្មល រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ព្រមទាំង បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស សរុប ៤៤០នាក់ ។

ឯឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប មានប្រសាសន៍ថា៖ រដ្ឋបាលខេត្ត បានខិតខំ យកចិត្តទុកដាក់ ចំពោះការគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះប្រកបដោយចីរភាព ការកសាងហេដ្ឋារចនាសម្ព័ន្ធជារូបវន្តជាដើម ដូចថ្ងៃនេះ ខេត្តកែបបានជួសជុល ស្ថាបនាឡើងវិញ និងសម្ពោធឱ្យប្រើប្រាស់នៅផ្លូវបេតុងជុំវិញឧទ្យានជាតិកែប ដែលជាផ្លូវចាស់ ក្នុងសម័យសង្គមរាស្ត្រនិយម ហើយផ្លូវនេះត្រូវបានជួសជុលជាបន្តបន្ទាប់ លើកទី១ ឆ្នាំ១៩៩៨, លើកទី២ ឆ្នាំ២០០៤ , លើកទី៣ ឆ្នាំ២០០៩-២០១០ ជួសជុលពង្រីកឱ្យធំ និងលើកទី៤ ជួសជុល ស្ថាបនា ចាក់បេតុង មានទទឹង ៣ម៉ែត្រ បណ្តោយ ៦,០០០ម៉ែត្រ ដោយប្រើប្រាស់ថវិការបស់ក្រសួងបរិស្ថាន ដោយចាប់ផ្តើមជួសជុល នៅថ្ងៃទី២៧ ខែមករា និងបញ្ចប់នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២។

ឯកឧត្តម បន្តថា ក្រៅពីការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវកៅស៊ូ ផ្លូវបេតុង កំពង់ផែកោះទន្សាយ ផ្លូវគ្រួសក្រហម រដ្ឋបាលខេត្តកែប ក៏មានសមិទ្ធផលផ្សេងទៀតដែរ ក្នុងការថែរក្សាបរិស្ថាន មានដូចជា ទីលានចាក់សំរាម ទំហំ ១៣.៣៩ ហិចតា អាងប្រព្រឹត្តិកម្មចម្រោះទឹកកខ្វក់ ឡដុតសំរាមតាមលក្ខណៈបច្ចេកទេស ផងដែរ។

ឯកឧត្តមបណ្ឌិត សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន មានប្រសាសន៍ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវបេតុង ប្រវែង ៦,០០០ម៉ែត្រ ជុំវិញឧទ្យានជាតិខេត្តកែនប នាឱនោះថា៖ ផ្លូវបេតុង ប្រវែង ៦,០០០ម៉ែត្រ នេះ នឹងក្លាយជាផ្លូវទាក់ទាញ ភ្ញៀវទេសចរណ៍ស្មើជើង ឬទេសចរណ៍ប្រើរថយន្តតូចៗ និងទោចក្រយានយន្តតែប៉ុណ្ណោះ ផ្លូវនេះយើងឃើញថា ភ្ញៀវទេសចរណ៍អាចមកលំហែកំសាន្តបែបធម្មជាតិ ស្រូបខ្យល់អាកាសបរិសុទ្ធ គយកន់រុក្ខជាតិពណ៍បៃតងជាច្រើននៅក្នុងព្រៃឧទ្យានជាតិនេះ។

ឯកឧត្តម រដ្ឋមន្ត្រី សង្ឃឹមថា ឧទ្យានជាតិនេះ និងប្រែក្លាយទៅជាបំណែកមួយ ជាមួយនឹងការធ្វើសមាហរណកម្ម វិស័យទេសចរណ៍ សេដ្ឋកិច្ចខេត្ត និងបំណែកមួយទៀតជួយដល់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ។ ឯកឧត្តម ក៏សូមអំពាវនាវដល់មន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវរួមគ្នាជួយថែរក្សាផ្លូវមួយខ្សែនេះ អោយបានយូអង្វែង ព្រោះការកសាងសមិទ្ធផលនីមួយៗពិបាក ព្រមទាំងនឹងចំណាយពេលយូរណាស់ ទម្រាំលេចចេញជារូបរៀង សម្រាប់ជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយៗទៀត ៕
Sila Sarin






