ពលរដ្ឋខ្មែរឯនាយសមុទ្ទបន្តធ្វើសារលិខិតគាំទ្រដំណើរទស្សនកិច្ចសម្តេចជួបប្រជុំជាមួយ ប្រធានាធិបតីអាមេរិក (Video Inside)
ប្រជាពលរដ្ឋខ្មែរនាជាយសមុទ្ទ បានបន្តការធ្វើសារតាមបណ្តាញសង្គមបញ្ជាក់ទឹកចិត្តគាំទ្រ ចំពោះដំណើរទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ានអាមេរិករវាងពីថ្ងៃទី១២ដល់១៣ឧសភាក្នុងរដ្ឋធានី Washington DC ។
សម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានអាស៊ានប្តូរវេន ក្នុងឆ្នាំ២០២២ ត្រូវបានប្រធានាធិបតី អាមេរិកលោកចូបៃដិន បានធ្វើលិខិតអញ្ជើញដើម្បីចូលរួមក្នុងកិច្ចប្រជុំមួយ ជាមួយនឹងបណ្តា មេដឹកនាំប្រទេសអាស៊ានដទៃទៀតក្នុងការរៀបចំធ្វើជាពិសេសនៅសេតវិមាន។
ក្នុងសប្តាហ៍នេះពលរដ្ឋខ្មែរក្នុងប្រទេសកាណាដានិងក្នុងសហរដ្ឋអាមេរិក ចាប់តាំងពី សហគមន៍នៅរដ្ឋកាលីហ្វ័រនីញ៉ា, នៅWashington State, នៅរដ្ឋណេវ៉ាដា Nevada, រដ្ឋមីនីសូតា, រដ្ឋតិចសាស់រហូតដល់សហគមន៍ក្នុងរដ្ឋម៉ាសាឈូសិត បានបង្ហោះរូបភាពសម្តែងក្តីរីករាយ និង ស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ដែលនឹងធ្វើជាសហប្រធាន កិច្ចប្រជុំកំពូលពិសេសអាស៊ានអាមេរិក នៅក្នុងពិធីដែលរៀបចំធ្វើនាវិមានសប្រធានាធិប តីអាមេរិក។
នៅថ្ងៃទី៤ឧសភានេះ ពលរដ្ឋខ្មែរក្នុងសហគមន៍នៃប្រទេសកាណាដាពីក្រុង ខែលហ្គារី Calgary, ក្រុងណាយម៉ាវ ប៊ីស៊ី Naimao BC និងក្នុងក្រុងវែនគូវើ Vancouver បានបន្តធ្វើសារ សម្តែងក្តីគាំទ្រថែមទៀត។
សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងបញ្ជាក់ថាសម្តេចនឹងអញ្ជើញដល់រដ្ឋធានី Washington DC នៅថ្ងៃទី១០ឧសភា។ សម្តេចបានបញ្ជាក់នឹងធ្វើការជួបសំណេះ សំណាលជាមួយពលរដ្ឋ ខ្មែរទាំងអស់ដែលបានអញ្ជើញមកទទួលសម្តេចនៅទីនោះ។
កិច្ចប្រជុំកំពូលអាស៊ានអាមេរិក ដែលនឹងមកដល់នាសប្តាហ៍ក្រោយនេះ នឹងផ្តោតលើកិច្ច សហប្រតិបត្តិការក្នុងវិស័យមួយចំនួនពាក់ព័ន្ធការឆ្លើយតបនឹងជំងឺកូវីដ១៩, សន្តិសុខ និង សុខភាពសកល, ការផ្លាស់ប្តូរអាកាសធាតុ, ការអភិវឌ្ឍប្រកបដោយចីរភាព, កិច្ចសហប្រតិបត្តិ ការលំហសមុទ្រ, ការអភិវឌ្ឍធនធានមនុស្ស, ការអប់រំ និងចំណងទាក់ទងរវាងប្រជាជន និង ប្រជាជន ក៏ដូចជាការតភ្ជាប់ និងទំនាក់ទំនងសេដ្ឋកិច្ច។