៤ខែប្រមូលចំណូលពន្ធបានជាង៨០០លានដុល្លារ (Video Inside)
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ក្នុងរយៈពេល៤ខែ ឆ្នាំ២០២២នេះការ ប្រមូលចំណូលពន្ធ សម្រាប់ថវិកាជាតិបាន៨១៧.៩លានដុល្លារ ស្មើនឹង៣១.៦៧% នៃផែន ការកំណត់ដោយច្បាប់ថវិកាជាតិ ឆ្នាំ២០២២។
អគ្គនាយកគយនិងរដ្ឋាករកម្ពុជាលោក គុណ ញឹម បានថ្លែងថា ក្នុងនោះក្នុងត្រីមាសទី១ ឆ្នាំ ២០២២នេះ ការប្រមូលចំណូលបានចំនួន២៣.១៧ភាគរយ នៃផែនការកំណត់ដោយច្បាប់ ដោយគិតជាទឹកប្រាក់មានចំនួនជិត៦០០លានដុល្លារ។ លោក គុណ ញឹម ថ្លែងថាបើយោង តាមផែនការកំណត់ ការប្រមូលពន្ធត្រូវសម្រេចឲ្យបានជាង ២៤០០លានដុល្លារក្នុងឆ្នាំ ២០២២។
ទោះជាយ៉ាងណាក៏ដោយ លោកបានបញ្ជាក់ថា សម្រាប់ផែនការនៃការប្រមូលពន្ធ ក្នុងឆ្នាំ ២០២២នេះ នឹងមានស្ថានភាពទាបជាងឆ្នាំ២០២១ ដោយសារការរៀបចំផែនការក្នុងអំឡុង នៃការផ្ទុះឡើងនៃជំងឺកូវីដ១៩ មានការលំបាក។
លោកបានបញ្ជាក់ទៀតថា ក្រៅពីបញ្ហានៃជំងឺកូវីដ១៩ ក៏មានបញ្ហាតានតឹងមួយទៀត គឺការផ្ទុះឡើងនៃសង្គ្រាមរវាងអ៊ុយក្រែន និងរុស្សី ដែលជះឥទ្ធពលអវិជ្ជមានច្រើននៅតំបន់អឺរ៉ុប និងបានជះឥទ្ធិពលអវិជ្ជមានទូទាំងពិភពលោក ដោយធ្វើឲ្យប្រេងសាំង និងទំនិញផ្សេងៗជាច្រើនទៀតឡើងថ្លៃ។លោកបានបញ្ជាក់ថា សង្គ្រាមរវាងអ៊ុយក្រែន និងរុស្សីក៏ បានផ្ដល់ផលប៉ះពាល់ដល់សេដ្ឋកិច្ច របស់កម្ពុជាដែរ»។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងឆ្នាំ២០២១កន្លងមកនេះ បានប្រមូលចំណូលចំនួន ៩ពាន់២៩៥.៧ ប៊ីលានរៀល ស្មើនឹង ២ពាន់២៩៥.២ លានដុល្លារ ថយចុះប្រមាណ ៥.១% ធៀបនឹងចំណូលប្រមូលបានក្នុងឆ្នាំ២០២០៕