លោកនាយរដ្ឋមន្រ្តីថៃរំពឹងថា ថៃនឹងស្វាគមន៍ភ្ញៀវទេសចរ ២០លាននាក់នៅឆ្នាំក្រោយ
បាងកក៖ នាយករដ្ឋមន្ត្រីលោកប្រាយុទ្ធ ចាន់ អូចា( Prayut Chan-o-cha )បានឱ្យដឹងថា ប្រទេសថៃអាចរំពឹងថា នឹងស្វាគមន៍ ភ្ញៀវទេសចរ ២០លាននាក់នៅឆ្នាំក្រោយ ឬប្រហែលពាក់កណ្តាលនៃ កម្រិតមុនពេលមានការរាតត្បាតជំងឺកូវីដ-១៩។
លោកបានថ្លែងថា ការព្យាករនេះទំនងក្លាយជាការពិតដោយ សារ ស្ថានភាពជំងឺកូវីដ-១៩ មិនធ្លាក់ទៅរកស្ថានភាពអាក្រក់ឡើយ និងគ្មានការលេចឡើងការគំរាមកំហែងថ្មីចំពោះវិស័យទេសចរណ៍។
កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់សំដីរបស់លោក ប្រាយុទ្ធ នាពេលថ្មីៗនេះ ថា ភ្ញៀវទេសចររាប់ម៉ឺននាក់កំពុង ចូលមក ក្នុងប្រទេសរៀងរាល់ថ្ងៃ ហើយស្ថានភាពបានប្រសើរឡើងគួរឱ្យកត់ សម្គាល់ចាប់តាំងពីការរឹតបន្តឹងការចូលប្រទេសត្រូវបានបន្ធូរបន្ថយ។
លោកបានបន្តថា ផែនការកំណត់យកកម្រៃភ្ញៀវទេសចរអន្តរជាតិ សម្រាប់ការធ្វើដំណើរក្នុងប្រទេសថៃនៅមិនទាន់អនុវត្តនៅឡើយទេ ដោយរង់ចាំការពិភាក្សាបន្ថែមទៀត ហើយទោះបីជាមានការថមថយ ចុះបន្តិចនៃកំណើនសេដ្ឋកិច្ចក៏ដោយ ក៏ការកើនឡើងនៃការនាំចេញ ដោយសារតែប្រាក់បាតធ្លាក់ចុះ ជាពិសេសផលិតផលកសិកម្ម និង ការកើនឡើងភ្ញៀវទេសចរបរទេសផ្តល់ហេតុផលសម្រាប់សុទិដ្ឋិនិយមនេះ។
ការថ្លែងរបស់លោកធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំរបស់គណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍នៅសប្តាហ៍នេះ។ លោកបានបន្តថា ជារួមសេដ្ឋកិច្ចថៃបាន កើនឡើងក្នុងអត្រាប្រសើរក្នុងត្រីមាសទីមួយនៃឆ្នាំនេះធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២១៕ ប្រែសម្រួល ៖ សារ៉ាត