គម្រោងវិនិយោគមជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងក្នុងខេត្តកំពត ចាយទុនប្រមាណ ១,៥០០លានដុល្លារ បានបើកការដ្ឋានសាងសង់ ដើម្បីពង្រីកសក្តានុពលនៃការដឹកជញ្ជូនតាមសមុទ្រ
កំពត ៖ មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពត ដែលក្នុងនេះ មានការសាងសង់កំពង់ផែទឹកជ្រៅកម្រិតអន្តរជាតិថ្មីមួយផង ត្រូវបានបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ជាផ្លូវការ ក្នុងគម្រោងទុនវិនិយោគ រហូតដល់ ១៥០០លានដុល្លារអាមេរិក មានផ្ទៃដីរហូតដល់ទៅ ៦០០ហិកតា ដែលនឹងរួមចំណែកដ៏សំខាន់សម្រាប់ការដឹកជញ្ជូនផ្លូវសមុទ្ររបស់កម្ពុជា រួមជាមួយកំពង់ផែដទៃទៀតដែលមានរួចមកហើយនោះ បានបើកការដ្ឋានសាងសង់ នាព្រឹកថ្ងៃទី៥ ឧសភា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
គម្រោងវិនិយោគដែលមានឈ្មោះថា មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពតនេះ វិនិយោគដោយក្រុមហ៊ុន កំពត ឡូជីស្ទីក អេន ផត និងមានទីតាំងនៅភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូ ន បញ្ជាក់ឲ្យដឹងថា គម្រោងវិនិយោគនេះ មានផែនការអនុវត្តជា ៣ដំណាក់កាល ជាមួយនឹងដើមទុនវិនិយោគសរុបប្រមាណ ១,៥០០លានដុល្លារអាមេរិក។ នៅក្នុងផែនការដំណាក់កាលទី១ មានការចាយទុនប្រមាណ ២០០លានដុល្លារអាមេរិក។
ឯកឧត្ដម បន្ថែមថា ទីតាំងនៃគម្រោងវិនិយោគនេះ ជាទីតាំងដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានសក្តានុពលខ្ពស់សម្រាប់មជ្ឈមណ្ឌលភស្តុភារកម្មនិងកំពង់ផែពហុបំណងកំពត ដោយមានកត្តាអំណោយផលពីធម្មជាតិ រួមមាន៖ ជាតំបន់សមុទ្រទឹកជ្រៅ និងជាតំបន់ពុំសូវរងផលប៉ះពាល់ពីគ្រោះធម្មជាតិ ដោយមានរបាំងការពារព្យុះ រលក ពីកោះថ្មី កោះសេះ និងកោះត្រល់ ជាពិសេស ក្រុមហ៊ុនក៏បានសាងសង់ឃ្លងនាវាចរណ៍រួចជាស្រេចផងដែរ។
បន្ថែមលើនេះ ទីតាំងកំពង់ផែពហុបំណងនេះ មានជម្រៅទឹកប្រមាណ ១៥ម៉ែត្រ ដែលអាចឱ្យនាវាចំណុះ ១០ម៉ឺនតោន ចូលចតបាន។ គម្រោងវិនិយោគនេះ នឹងរួមបញ្ចូលនូវ ទីលានកុងតឺន័រ តំបន់សេដ្ឋកិច្ចពិសេស តំបន់ពាណិជ្ជកម្មសេរី មជ្ឈមណ្ឌលភស្តុភារកម្ម ឃ្លាំងស្តុកទំនិញគ្រប់ប្រភេទ ឃ្លាំងភណ្ឌាគារគយ រោងចក្រផលិតនិងចែកចាយ រោងចក្រចម្រាញ់ប្រេងឥន្ធនៈ និងមជ្ឈមណ្ឌលប្រេងឥន្ធនៈ តំបន់លំនៅឋាន និងចំណតនាវាដឹកអ្នកដំណើរទេសចរ ព្រមទាំងចំណតនាវាប្រភេទជាសាឡង់ ដែលភ្ជាប់ការដឹកជញ្ជូនជាមួយកំពង់ផែស្វយ័តភ្នំពេញ ក្នុងករណីរាជរដ្ឋាភិបាលអភិវឌ្ឍគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់។
គម្រោងវិនិយោគមជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពតនេះ នឹងដើរតួនាទីយ៉ាងសំខាន់សម្រាប់លើកដាក់ ផ្ទេរ ទំនិញចេញ-ចូល ទៅកាន់ទីផ្សារអន្តរជាតិ ដែលនឹងនាំមកនូវភាពងាយស្រួល និងប្រសិទ្ធភាពខ្ពស់ដល់ពាណិជ្ជករ និងអ្នកវិនិយោគ នៅក្នុងការនាំចេញផលិតផលកសិកម្ម ឧស្សាហកម្ម និងនេសាទ ទៅលក់នៅទីផ្សារនៅក្នុងតំបន់ និងពិភពលោក ។
នៅក្នុងឱកាសនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានចាត់ទុកការសាងសង់មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពត គឺជាគម្រោងដ៏ធំទីមួយលំដាប់អន្តរជាតិមិនធ្លាប់មាន ក្រោមការវិនិយោគដោយក្រុមហ៊ុនឯកជនក្នុងស្រុក ដែលនឹងបំពេញបន្ថែមទៅលើតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ បើទោះបីកម្ពុជា មានកំពង់ផែធំពីររបស់រដ្ឋគឺ៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ ក៏ដូចជា កំពង់ផែឯកជនមួយចំនួនទៀតក៏ដោយ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំផែនការមេដើម្បីអភិវឌ្ឍខេត្ដព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលបានកំណត់ក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥, ដូច្នេះគម្រោងវិនិយោគអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពត ក៏នឹងជាផ្នែកមួយដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយអនុវត្តឱ្យសម្រេចជោគជ័យនូវផែនការមេនេះ ដែលនឹងជួយប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ គម្រោងវិនិយោគអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពត នឹងផ្តល់ឱកាសការងារដោយផ្ទាល់ និងដោយប្រយោលជូនប្រជាពលរដ្ឋប្រមាណ ១ម៉ឺនកន្លែង នៅពេលគម្រោងវិនិយោគនេះ ត្រូវបានសាងសង់រួច និងដាក់ឱ្យដំណើរការនាពេលខាងមុខ។
ពាក់ព័ន្ធដល់ការគ្រប់គ្រងតំបន់ឆ្នេរ តាមរយៈអង្គពិធីនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានសំណូមពរដល់អភិបាលខេត្តទាំងអស់ ដែលជាប់ជាមួយនឹងឆ្នេរ សូមថែរក្សាព្រែក នៅតាមតំបន់ឆ្នេរសមុទ្រ ដែលមានសរុបទាំងអស់ ១១១ព្រែក ដែលព្រែកទាំងនេះ អនុញ្ញាតឱ្យមានទឹកជោរនាចចូល ទៅក្នុងទំនាបដទៃទៀត នាំនូវមកសម្រាប់ការលូតលាស់ដុះដាលកោងកាង, ក៏ដូចជារុក្ខជាតិដទៃ ការកើតឡើងនូវមច្ឆាជាតិ ដែលកើតឡើងនូវបរិស្ថាន។
ឯកឧត្ដម ក៏បានសំណូមពរដល់អភិបាលខេត្តទាំងអស់ ថែរក្សាព្រែកទាំងនេះ ចៀសវាងមានការលុប ជៀសវាងការកែប្រែឲ្យទៅជាទីកន្លែងសំណង់, ដែលបានត្រឹមតែមួយ ឬក៏ពីរសំណង់ ក៏ប៉ុន្តែខូចផលប្រយោជន៍ធំ ។
ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ចំពោះការចាក់ដីកែលំអ ក៏ចៀសមិនផុត តែត្រូវមានគោលការណ៍ច្បាស់ ចៀសវាង ការចាក់រួចហើយ ត្រូវមានវិធានការឲ្យកាយចេញវិញ ដែលនោះចាត់ទុកជាការខាតបង់មួយ ដូច្នេះសូមឱ្យមានការទប់ស្កាត់ ជាជំហានដំបូង។
ចំពោះការគ្រប់គ្រងនៅខេត្តកំពតនេះដែរ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានថ្លែងថា ខេត្តកំពត មានលក្ខណៈពិសេសមួយក្រៅពីវប្បធម៌ នៅមានស្រែអំបិលទៀត ដែលមានសរុប ៣ពាន់ ៧២៦ហិចតា ដោយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស្នើសុំអភិបាលខេត្ត រៀបចំគ្រប់គ្រង មិនអនុញ្ញាតឲ្យមានការកែប្រែប្រភេទដីស្រែអំបិល ដែលចាត់ទុក ជាទំនិញពិសេសរបស់កម្ពុជា។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានលើកឡើងទៀតថា ដោយមានការដាក់ទិសពីសម្ដេចតេជោ ហ៊ុនសែន នៅថ្ងៃនេះ ខ្ញុំសូមស្នើអភិបាលខេត្ដ គ្រប់គ្រងផ្ទៃដីស្រែអំបិល ទាំង ៣.៧២៦ហិចតា នេះ ចៀសវាងការកែប្រែផ្ទៃដីនេះ ទៅជាសំណង់ ៕ ដោយ វណ្ណលុក