ស្ថានទូតចិនរិះគន់ការអះអាងមិនពិតរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសចិនជុំវិញសង្គ្រាមអ៊ុយក្រែន
វ៉ាស៊ីនតោន៖ ស្ថានទូតចិនប្រចាំនៅសហរដ្ឋអាមេរិក ក្នុងថ្ងៃអង្គារបានស្តីបន្ទោសទីក្រុងវ៉ាស៊ីនតោន ជុំវិញការអះអាងមិនពិតនាពេលថ្មីៗនេះរបស់ក្រសួងការបរទេសអាមេរិកដែលថា មន្ត្រី និងប្រព័ន្ធផ្សព្វផ្សាយចិនតែងតែពង្រីកការឃោសនារបស់វិមានក្រឹមឡាំង ទ្រឹស្ដីសមគំនិត និងព័ត៌មានមិនពិតលើបញ្ហាអ៊ុយក្រែន។ អ្នកនាំពាក្យស្ថានទូតចិនបានបញ្ជាក់ដូច្នេះថា ជំហររបស់ចិនចំពោះបញ្ហាអ៊ុយក្រែនគឺមិនលំអៀង។
នៅពេលនិយាយអំពីការផ្សព្វផ្សាយព័ត៌មានមិនពិតវិញ ភាគីសហរដ្ឋអាមេរិកគួរតែឆ្លុះបញ្ចាំងឱ្យច្បាស់អំពីខ្លួនឯង ដោយកត់សម្គាល់ថា ប៉ុន្មានឆ្នាំមកនេះ សហរដ្ឋអាមេរិកបានធ្វើសង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ាក់ អាហ្វហ្គានីស្ថាន និងស៊ីរី ដែលបានសម្លាប់ជនស៊ីវិល ៣៣៥,០០០ ។ នេះមិនមែនជាព័ត៌មានមិនពិតនោះទេ។
អ្នកនាំពាក្យរូបនេះបន្ថែមថា ប្រទេសមួយចំនួនធំនៅលើពិភពលោក មានគោលជំហរឈរលើការដោះស្រាយជម្លោះរុស្ស៊ី-អ៊ុយក្រែន តាមរយៈការសន្ទនា និងការចរចា ហើយគ្មាននរណាម្នាក់ក្នុងចំណោមពួកគេចង់ឃើញស្ថានការណ៍ឡើងកម្តៅ ឬសូម្បីតែចេញពីការគ្រប់គ្រងនោះទេ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា