លោក Peter Khan បញ្ជាក់ថា Jessa Khan អាចក្លាយជាកីឡាការិនីតំណាងកម្ពុជា ៣ដងមកនេះ គឺជាមោទកភាពសម្រាប់ក្រុមគ្រួសារ និងប្រជាជនកម្ពុជា

កីឡាការិនីជឺជីតស៊ូជម្រើសជាតិកម្ពុជា Jessa Khan និងឪពុក ព្រមទាំងលោកយាយរបស់នាង បានមកដល់ប្រទេសកម្ពុជាដោយសុវត្តិភាព នាព្រឹកថ្ងៃទី០៥ ខែឧសភា ដើម្បីចូលរួមជាមួយក្រុមកីឡាជម្រើសជាតិកម្ពុជា ទៅប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម ។

ម្ចាស់មេដាយមាសកីឡាអាស៊ី រូបនេះ បានសម្ដែងអារម្មណ៍រំភើបយ៉ាងខ្លាំង ដ្បិតខកខានមកទីនេះរយៈពេល៣ឆ្នាំ គ្រាដែលកីឡាការិនីរូបនេះ ក៏បានបង្ហាញពីការតាំងចិត្តសម្រាប់ការត្រៀមចូលរួមប្រកួតស៊ីហ្គេម លើកទី២ ក្នុងអាជីពរបស់ខ្លួន ។ Jessa Khan បានលើកឡើងក្នុងកិច្ចសម្ភាសន៍ដូច្នេះថា ៖«ខ្ញុំពិតជារីករាយដែលបានមកដល់ទីនេះ ហើយខ្ញុំអរគុណអ្នកគ្រប់គ្នាដែលបានគាំទ្រ វាមានរយៈពេល ៣ឆ្នាំហើយដែលខ្ញុំមកទីនេះលើកចុងក្រោយ ហើយខ្ញុំពិតជារីករាយក្នុងការវិលត្រលប់មកវិញ និងបានឃើញអ្នករាល់គ្នា»។
កីឡាការិនីវ័យ ២០ឆ្នាំរូបនេះបានបន្ថែម នេះជាលើកទី៣ ដែលប្រកួតតំណាងកម្ពុជា ២លើក នៅស៊ីហ្គេម ខ្ញុំពិតជារីករាយ ជាពិសេសឪពុករបស់ខ្ញុំដែលតែងតែនៅជាមួយខ្ញុំ នឹងបង្ហាត់ខ្ញុំ។ Jessa Khan បន្តថា ការប្រកួតចុងក្រោយរបស់ខ្ញុំគឺជើងឯក Pan Jiu-Jitsu នៅសហរដ្ឋអាមេរិកវាគឺជាពានរង្វាន់ដែលធំ ជឺជីតស៊ូ វាដូចជាក្នុងប្រភេទកីឡាអាស៊ី និងកីឡាអាស៊ីអាគ្នេយ៍ ហើយខ្ញុំឈ្នះព្រឹត្តិការណ៍ដ៏ធំកម្រិតពិភពលោក ជាមួយខ្សែក្រវាត់ខ្មៅជាលើកដំបូង ប៉ុន្តែពេលនេះខ្ញុំត្រៀមរួចរាល់សម្រាប់ស៊ីហ្គេម» ។ Jessa Khan បញ្ជាក់ទៀតថា សមត្ថភាពមានការរីកចំរើនច្រើន បើធៀបនឹងឆ្នាំ២០១៩ ហើយពេលនេះខ្ញុំកាន់ខ្សែក្រវាត់ខ្មៅ ដូច្នេះខ្ញុំទទួលបានបទពិសោធជាច្រើន ដើម្បីត្រៀមខ្លួនបានល្អជាងមុន សម្រាប់ព្រឹត្តការណ៍ស៊ីហ្គេម នៅវៀតណាម ឆ្នាំ២០២២នេះ ។

លោក Peter Khan បានបង្ហាញអារម្មណ៍រំភើប ដែលកូនស្រី របស់ខ្ញុំ Jessa Khan តំណាងឲ្យកម្ពុជា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដោយខ្ញុំដែលមិនធ្លាប់ធ្វើបានល្អ ក្នុងនាមជាកីឡាករ ប៉ុន្តែពេលនេះ Jessa Khan អាចក្លាយជាកីឡាការិនីតំណាងកម្ពុជា ៣ដងមកហើយ នេះជាកិត្តិយសដែលនាងបានធ្វើឲ្យគ្រួសារ ក៏ដូចជាកម្ពុជា មានមោទកភាព ហើយយើងកំពុងទន្ទឹងរង់ចាំជាមួយលទ្ធផលល្អប្រសើរ ដើម្បីឈ្នះមេដាយមាស ។

គួររម្លឹកថា កីឡាការិនីខ្មែរ-អាមេរិករូបនេះ បានបង្កើតប្រវត្តិសាស្ត្រឲ្យកម្ពុជា ក្នុងការឈ្នះមេដាយមាសពីព្រឹត្តិការណ៍កីឡាទ្វីបអាស៊ី ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូណេស៊ី និងបានឈ្នះមេដាយមាសពីកីឡាស៊ីហ្គេម ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ។ ហើយថ្មីៗនេះកីឡាការិនី Jessa Khan ទើបតែបានប្រកួតឈ្នះខ្សែក្រវាត់ខ្មៅ ក្នុងការប្រកួតជើងឯក 2022 Pan Jiu-Jitsu Championship ដែលរៀបចំដោយសហព័ន្ធកីឡាជឺជីតស៊ូអន្តរជាតិ នៅរដ្ឋហ្លរីដា សហរដ្ឋអាមេរិក ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner