ស៊ុយអែត​និយាយ​ថា​ខ្លួន​ទទួល​បាន​ការ​ធានា​សន្តិសុខ​ពី​អាមេរិក​ ប្រសិន​បើ​ដាក់​ពាក្យ​ចូល​ជា​សមាជិក​ណាតូ​

កាល​ពី​ថ្ងៃ​ពុធ​ ទី​៤ ឧសភា​រដ្ឋមន្ត្រី​ការបរទេស​ស៊ុយអែត​លោក​ស្រី​អាន់​ លីនដេ​បាន​និយាយ​ក្នុង​ទស្សនកិច្ច​ទៅ​កាន់​ក្រុង​វ៉ាស៊ីនតោន​ថា ប្រទេស​លោក​ស្រី​បាន​ទទួល​ការ​ធានា​សន្តិសុខ​ពី​សហរដ្ឋអាមេរិក ​ក្នុង​អំឡុង​ពេល​ដែល​សមាជិក​ទាំង​៣០​ប្រទេស​នៃ​អង្គការ​ណាតូ​ធ្វើ​ការ​ពិចារណា​សមាជិកភាព​ ប្រសិន​បើ​ស៊ុយអែត​ដាក់​ពាក្យ​ស្នើសុំ​ចូល​ជា​សមាជិក​។

ប្រទេស​ស៊ុយអែត និង​ប្រទេស​ជិត​ខាង​ហ្វាំងឡង់​ បាន​ជៀសវាង​មិន​ចូល​ជា​សមាជិក​អង្គការ​ណាតូ​នៅ​ក្នុង​សម័យ​សង្គ្រាម​ត្រជាក់​។ ប៉ុន្តែ​ឥឡូវ​នេះ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​ទៅ​លើ​ប្រទេស​អ៊ុយក្រែន​បាន​ធ្វើ​ឱ្យ​ប្រទេស​ទាំង​ពិចារណា​ឡើង​វិញ​នូវ​ជំហរ​គោលនយោបាយ​សន្តិសុខ​របស់​ពួកគេ​ ដែល​ធ្វើ​ការ​ចូល​ជា​សមាជិក​អង្គការ​ណាតូ​កាន់​តែ​ទំនង​នឹង​កើត​ឡើង​។

បើ​ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​ ប្រទេស​ទាំង​ពីរ​មាន​ការ​ព្រួយ​បារម្ភ​ថា​ពួកគេ​អាច​ងាយ​រង​គ្រោះ​ក្នុង​អំឡុង​ពេល​ដែល​អង្គការ​ណាតូ​ធ្វើ​ការ​ពិចារណា​ពាក្យ​ស្នើ​សុំ​របស់​ពួកគេ​ ដែល​អាច​អូស​បន្លាយ​រហូត​ដល់​មួយ​ឆ្នាំ​សម្រាប់​សមាជិក​ណាតូ​ទាំង​អស់​ធ្វើ​ការ​អនុម័ត​។

បន្ទាប់​ពី​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក​អាន់តូនី ប្លីនខែន លោកស្រី​លីនដេ បាន​និយាយ​ថា​៖ «ជា​ធម្មតា ខ្ញុំ​មិន​និយាយ​លម្អិត​ទេ ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​ប្រាកដ​ណាស់​ថា ឥឡូវ​នេះ​យើង​មាន​ការ​ធានា​ពី​អាមេរិក​»​។

លោក​ស្រី​បន្ថែម​ទៀត​ថា​៖ «ប៉ុន្តែ​ មិនមែន​ជា​ការ​ធានា​សន្តិសុខ​រឹងមាំ​ដូច​អ្វី​ដែល​អាច​ទទួល​បាន​លុះត្រាតែ​ជា​សមាជិក​ពេញ​សិទ្ធ​ណាតូ»​។

កាល​ពី​ខែ​មុន​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ស៊ុយអែត​ បាន​និយាយ​ថា​ការ​ដាក់​ពាក្យ​ស្នើ​សុំ​សមាជិកភាព​ណាតូ​ អាច​នឹង​បង្ក​ឱ្យ​មាន​វិធានការ​ឆ្លើយ​តប​មួយ​ចំនួន​ពី​រុស្ស៊ី​ ដូចជា​ការ​វាយ​ប្រហារ​តាម​អ៊ីនធឺណិត​ និង​ «វិធានការ​កូនកាត់​» ពោល​គឺ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ ដើម្បី​ធ្វើ​ឱ្យ​ខូច​ខាត​ដល់​សន្តិសុខ​ជាតិ​របស់​ស៊ុយអែត​។

ក្រុង​ម៉ូស្គូ​ ក៏​ធ្លាប់​បាន​ព្រមាន​ថា​ពួកគេ​នឹង​ដាក់​ពង្រាយ​អាវុធ​នុយក្លេអ៊ែរ​នៅ​តំបន់​សមុទ្រ​បាល់ទិច​ ប្រសិន​បើ​ស៊ុយអែត និង​ហ្វាំងឡង់​ចូល​ជា​សមាជិក​នៃ​អង្គការ​ណាតូ​។

ទាំង​ស៊ុយអែត និង​ហ្វាំងឡង់​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ឆាប់​នេះ​អំពី​ការ​ចូល​ជា​សមាជិក​អង្គការ​ណាតូ​៕

ប្រភព៖ Reuters

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner