សហភាព​អឺរ៉ុប​នឹង​បង្កើន​ជំនួយ​យោធា​ «យ៉ាង​ខ្លាំង​» ទៅ​ឱ្យ​ប្រទេស​ម៉ុលដាវី

ប្រធាន​ក្រុម​ប្រឹក្សា​អឺរ៉ុប​លោក​ហ្សាល មីសែល​បាន​ប្ដេជ្ញា​បង្កើន​ជំនួយ​យោធា​របស់​សហភាព​អឺរ៉ុប​ទៅ​ឱ្យ​ប្រទេស​ម៉ុលដាវី​ ដែល​ជា​ប្រទេស​ជាប់​ព្រំដែន​ជា​មួយ​ប្រទេស​អ៊ុយក្រែន ហើយ​កំពុង​មាន​ការ​កើន​ឡើង​ភាព​តានតឹង​ក្រោយ​ពី​មាន​ការ​ផ្ទុះ​ជា​បន្ត​បន្ទាប់​នៅ​ក្នុង​តំបន់​ផ្ដាច់​ខ្លួន​គាំទ្រ​ដោយ​រុស្ស៊ី​។

ក្នុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​ប្រធានាធិបតី​ម៉ុលដាវី​លោកស្រី​ម៉ាយ៉ា សាន់ឌូ​ លោក​មីសែល​បាន​និយាយ​ថា​៖ «នៅ​ឆ្នាំ​នេះ យើង​មាន​គម្រោង​បង្កើន​ការ​គាំទ្រ​របស់​យើង​យ៉ាង​ខ្លាំង​ចំពោះ​ប្រទេស​ម៉ុលដាវី តាម​រយៈ​ការ​ផ្ដល់​ឧបករណ៍​យោធា​បន្ថែម​ទៅ​ឱ្យ​កងកម្លាំង​ប្រដាប់​អាវុធ​របស់​ប្រទេស​នេះ​»​។

លោក​មីសែល​និយាយ​ថា​សហភាព​អឺរ៉ុប​នឹង​បង្កើន​ការ​គាំទ្រ​របស់​ខ្លូន​លើ «វិស័យ​ភស្តុភារ​នៃ​ការ​ការពារ​អ៊ីធឺណិត» ហើយ​នឹង​ស្វែង​រក​ផ្ដល់​នូវ​ «សមត្ថភាព​កសាង​យោធា​បន្ថែម​ទៀត» ដល់​ម៉ុលដាវី​ ប៉ុន្តែ​លោក​មិន​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​ទេ​។

រីឯ​លោក​ស្រី​សាន់ឌូ​វិញ​ បាន​បញ្ជាក់​ជា​ថ្មី​អំពី​គោល​បំណង​របស់​ម៉ុលដាវី​ក្នុង​ការ​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប​ បន្ទាប់​ពី​ដាក់​ពាក្យ​កាល​ពី​ថ្ងៃ​ទី ៣ មិនា​ ប្រមាណ​ជាង​មួយ​សប្ដាហ៍​បន្ទាប់​ពី​រុស្ស៊ី​ចាប់​ផ្ដើម​ការ​ឈ្លានពាន​ចូល​ប្រទេស​អ៊ុយក្រែន​។

លោក​មីសែល​ និយាយ​ថា​លោក​គាំទ្រ​ជម្រើស​របស់​ម៉ុលដាវី​ក្នុង​ការ​ដាក់​ពាក្យ​សុំ​ចូល​ជា​សមាជិក​សហភាព​អឺរ៉ុប​។ លោក​បាន​កត់​សម្គាល់​ថា​ករណី​របស់​ម៉ុលដាវី​គឺ «ស្មុគស្មាញ» តែ​លោក​មាន​គោល​បំណង​ធ្វើ​សកម្មភាព​ភ្លាមៗ​លើ​សំណើ​របស់​ប្រទេស​នេះ​។

យ៉ាង​ណា​មិញ​ ក្រុម​ផ្ដាច់​ខ្លួន​តំបន់​ត្រង់នីស្ត្រៀ​នៅ​ភាគ​ខាង​កើត​ប្រទេស​ម៉ុលដាវី​ បាន​រាយការណ៍​ថា​មាន​ការ​ផ្ទុះ​គ្រាប់​បែក​នៅ​ទីស្ដីការ​ក្រសួង​មហា​ផ្ទៃ​របស់​ខ្លួន​ មូលដ្ឋាន​យោធា​មួយ​ និង​អង់តែន​វិទ្យុ​ភាសា​រុស្ស៊ី​មួយ​។ គេ​មិន​ដឹង​ប្រភព​នៃ​ការ​ផ្ទុះ​គ្រាប់​បែក​នេះ​ ប៉ុន្តែ​ក្រុង​ម៉ូស្គូ​បាន​និយាយ​ថា​វា​គឺ​ជា​ «អំពើ​ភេរវកម្ម»​។

មន្ត្រី​ម៉ុលដាវី​ និង​អ៊ុយក្រែន​ជា​ច្រើន​បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ថា​ការ​ផ្ទុះ​គ្រាប់បែក​ទាំង​នេះ​គឺ​ត្រូវ​បាន​រៀប​ចំ​ឡើង​ដើម្បី​បង្កើត​លេស​ឱ្យ​កង​កម្លាំង​ផ្ដាច់​ខ្លួន​ និង​កង​កម្លាំង​រុស្ស៊ី​ នៅ​ក្នុង​តំបន់​ត្រង់នីស្ត្រៀ​ ធ្វើ​ការ​ឆ្លង​ព្រំដែន​ចូល​អ៊ុយក្រែន​ ដើម្បី​ចូល​រួម​ក្នុង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​៕

ប្រភព៖ Aljazeera

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner