មន្រ្តី​ក្រុង​និយាយ​ថា​ បាត់​ការ​ទាក់​ទង​​គ្នា​​ពី​កង​កម្លាំង​អ៊ុយក្រែន​នៅ​រោងចក្រ​ដែក​ក្នុង​ក្រុង​ម៉ារីអ៊ូភូល​ ​​ចំ​ពេល​មាន​ការ​ប្រយុទ្ធ​គ្នាកា​ន់​តែ​ខ្លាំង​ ​

អភិបាល​ក្រុងម៉ា​រីអ៊ូភូល​របស់​អ៊ុយក្រែន​ដែល​រង​ការ​បំផ្លាញ​យ៉ាង​ដំណំ ​​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា បាត់​ការ​ទំនាក់​ទំនង​​គ្នា​ជាមួយ​កង​កម្លាំង​អ៊ុយក្រែន​ដែល​ជាប់​នៅ​ក្នុង​រោងចក្រ​ដែក​ Azovstal ​​ចំ​ពេល​មាន​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​ក្លា​ជាមួយ​កង​ទ័ព​រុស្ស៊ី​។​

លោក​អភិបាល​ Vadym Boichenko ​និយាយ​ប្រាប់​ទូរទស្សន៍​អ៊ុយក្រែន​ថា​៖​ «​ជា​អកុសល​ មាន​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​នៅ ​Azovstal ​ថ្ងៃ​នេះ​»​។​ ​លោក​បន្ត​ថា​ ​មន្ត្រី​ទីក្រុង​បាន​ «​បាត់​បង់​ទំនាក់​ទំនង​»​ ជាមួយ​កង​កម្លាំង​អ៊ុយក្រែន​នៅ​ខាង​ក្នុង​រោង​ចក្រ​ ហើយ​មិន​ដឹង​ថា​ «​មាន​អ្វី​កើត​ឡើង​ ​ថា​តើ​ពួក​គេ​មាន​សុវត្ថិភាព​ ឬ​អត់​»​ នោះ​ទេ​។​

យោធា​អ៊ុយក្រែន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា​ កង​កម្លាំង​រុស្ស៊ី​បាន​បើក​ការ​វាយ​លុក​មួយ​ដើម្បី​រារាំង​កង​ទ័ព​នៅ​ខាង​ក្នុង​រោង​ចក្រ​ Azovstal ​ភ្លាម​ៗ​បន្ទាប់​ពី​អង្គការ​សហ​ប្រជាជាតិ​ និង​កាក​បាទ​ក្រហម​បញ្ជាក់​ថា​ ជន​ស៊ីវិល​ជាង​ ១០០ ​នាក់​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​រោងចក្រ​។​

លោក ​Boichenko ​​និយាយ​ថា​៖​ «​មាន​អ្នក​ស្រុក​​ ជន​ស៊ីវិល​រាប់​រយ​នាក់​នៅ​ទីនោះ​។​ មាន​ក្មេង​ៗជាង​ ៣០ ​នាក់​កំពុង​រង់​ចាំ​ការ​សង្គ្រោះ​»។​ ​

ក្រុង​ម៉ារីអ៊ូភូល​​ ស្ថិត​​ក្នុង​​ចំណោម​​ទីក្រុង​​ដែល​​រង​​ការ​​វាយ​​ប្រហារ​​យ៉ាង​​ធ្ងន់​ធ្ងរ​​បំផុត​​​នៃ​​ការ​​លុក​លុយ​​របស់​​រុស្ស៊ី​​មក​​លើ​​អ៊ុយក្រែន​។​​ រុស្ស៊ី​បញ្ជាក់​ថា​ ខ្លួន​កំពុង​វាយ​លុក​ទី​តាំង​កម្លាំង​អ៊ុយក្រែន​នៅ​ក្នុង​រោងចក្រ​ Azovstal ​ដោយ​ «​កាំភ្លើង​ធំ​ និង​យន្តហោះ​ចម្បាំង​»​ ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​ពុធ​ វិមាន​ក្រឹម​ឡាំង​​បដិសេធ​ថា​ រុស្ស៊ី​មិន​បាន​វាយ​លុក​នៅ​រោងចក្រ​នេះ​នោះ​ទេ​។​

កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ជម្លៀស​មនុស្ស​ចេញ​ពី​ទីក្រុង​ម៉ារីអ៊ូភូល​​ និង​ជា​ពិសេស​នៅ​ខាង​ក្រៅ​រោងចក្រ​ Azovstal ​បរាជ័យ​ម្តង​ហើយ​ម្តង​ទៀត​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មី​ៗ​នេះ ​ដោយ​សារ​កិច្ច​ព្រម​ព្រៀង​បង្កើត​ច្រក​របៀង​មនុស្ស​ធម៌​បាន​ដួល​រលំ​ក្រោម​ការ​បាញ់​ផ្លោង​របស់​រុស្ស៊ី​។​

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ​ ក្រុម​ជន​ស៊ីវិល​បាន​គ្រប់​គ្រង​ការ​ជម្លៀស​ចេញ​ពី​រោងចក្រ​ ដោយ​មាន​ជំនួយ​ពី​អង្គការ​សហប្រជាជាតិ​ និង​បុគ្គលិក​កាក​បាទ​ក្រហម​ ដោយ​បង្កើន​ក្តី​សង្ឃឹម​ថា​ កង​កម្លាំង​រុស្ស៊ី​នឹង​អនុញ្ញាត​ឱ្យ​ជន​​ស៊ីវិល​ធ្វើ​ការ​ជម្លៀស​ចេញ​។​ ​

ការ​បង្ខំ​អ្នក​ស្រុក​ឱ្យ​ភៀស​ខ្លួន​ ឬ​ប្រឈម​មុខ​នឹង​ការ​ស្លាប់​ ហាក់​ដូច​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​របស់​រុស្ស៊ី​ក្នុង​សង្គ្រាម​ដែល​លោក​ វ្ល៉ាឌីមៀ​ ពូទីន​ ​ចាប់​ផ្តើ​ម​នៅ​ចុង​ខែ​កុម្ភៈ​។​ នា​ពេល​នេះ​ ប្រតិបត្តិការ​យោធា​រុស្ស៊ី​​លាត​សន្ធឹង​​​ពី​ទីក្រុង​​ខាកៀវ​នៅ​ភាគ​ខាង​កើត​ រហូត​ដល់​ទីក្រុង​ឆ្នេរ​សមុទ្រ​​ Odesa ​នៅ​ភាគ​ខាង​ត្បូង​។​​​

ប្រភព៖ CBS News

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner