អគ្គលេខាធិការរង៖ គ.ជ.ប បានសម្រេចដាក់ឱ្យដំណើរការប្រព័ន្ធបច្ចេកវិទ្យាក្នុងដំណើរការបោះឆ្នោត 

ភ្នំពេញ៖ ឯកឧត្ដម ម៉ុក ដារ៉ា អគ្គលេខាធិការរងជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)  បានថ្លែងថា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នេះ គ.ជ.ប បានសម្រេចដាក់ឱ្យដំណើរការប្រព័ន្ធបច្ចេកវិទ្យាក្នុងដំណើរការបោះឆ្នោត ដើម្បីជាជំនួយដល់ការអនុវត្តរបស់មន្ត្រីបោះឆ្នោតនៅថ្នាក់ឃុំ សង្កាត់ និងថ្នាក់រាជធានី ខេត្ត និងដើម្បីបង្កើនប្រសិទ្ធភាព និងបង្ហាញពីតម្លាភាពសុចរិតភាព នៅក្នុងការងាររៀបចំ ចាត់ចែងការបោះឆ្នោត ជូនដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសគឺអ្នកបោះឆ្នោត និងគណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត។ 

ការបញ្ជាក់នេះ ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលជូនដល់ប្រធានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ប្រធានលេខាធិការដ្ឋាននៃគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (លគធ.ខប) និងសមាជិកប្រតិបត្តិការ ស្ដីពី ”ការប្រើប្រាស់កម្មវិធីថត បញ្ជូន និងបញ្ចូលទិន្នន័យប្រព័ន្ធទីតាំងសកល GPS នៃទីស្នាក់ការគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតសាលាឃុំ សង្កាត់ និងការិយាល័យបោះឆ្នោត” នៅទីស្ដីការ គ.ជ.ប នាថ្ងៃទី៥  ខែឧសភា ឆ្នាំ២០២២។

ឯកឧត្ដម ម៉ុក ដារ៉ា បានបញ្ជាក់ទៀតថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ខែមិថុនា ឆ្នាំ២០២២ ខាងមុខដ៏ខ្លីនេះ ហើយផ្អែកតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ គ.ជ.ប ត្រូវបង្កើតការិយាល័យបោះឆ្នោតមួយ ឬច្រើនសម្រាប់ឃុំ សង្កាត់នីមួយៗ ស្របតាមបទបញ្ជា និងនីតិវិធីរបស់ខ្លួន។ ឯកឧត្ដមអគ្គលេខាធិការរងគ.ជ.ប បានមានប្រសាសន៍ថា ការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង គឺក្នុងគោលបំណង ដើម្បីពង្រីកវិសាលភាពទៅលើការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងដំណើរការបោះឆ្នោត ដោយផ្តោតលើប្រព័ន្ធគ្រប់គ្រងទីតាំងការិយាល័យបោះឆ្នោត សាលាឃុំ សង្កាត់ទីស្នាក់ការគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) និងទីស្នាក់ការគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត(គធ.ខប) ដែលទីតាំងទាំងនេះសុទ្ធតែត្រូវបានកំណត់ និងបង្កើតឡើងដើម្បីបម្រើឱ្យការងារបោះឆ្នោត។

នៅក្នុងឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានសេវាកម្មច្បាប់ និងបច្ចេកទេសនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប បានផ្តួចផ្តើមសិក្សាលំហូរ និងរៀបចំអភិវឌ្ឍន៍លើប្រព័ន្ធកម្មវិធីគ្រប់គ្រងទីតាំងការិយាល័យបោះឆ្នោត ដោយរួមបញ្ចូលទីតាំងសំខាន់ៗបន្ថែមទៀតដូចជាទីស្នាក់ការ គធ.ខប ទីស្នាក់ការ គឃ.សប និងសាលាឃុំ សង្កាត់ ដើម្បីផ្តល់ភាពងាយស្រួល និងបង្ខិតសេវាបោះឆ្នោតឱ្យកាន់តែកៀកអ្នកបោះឆ្នោត និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ស្របតាមបរិបទនៃការរីកចម្រើនវិស័យបច្ចេកវិទ្យាក្នុងយុគសម័យឧស្សាហកម្ម៤.០។

សូមជម្រាបជូនថា វគ្គបណ្ដុះបណ្ដាលនេះ ធ្វើឡើងរយៈពេល ១ថ្ងៃកន្លះ គឺនៅថ្ងៃទី៥-៦ ខែឧសភា ឆ្នាំ២០២២ ដោយមានសិក្ខាកាមចូលរួមចំនួនសរុបប្រមាណ១០០នាក់៕ 

ដោយ៖ពលជ័យ

រូបភាព៖ គ.ជ.ប

ads banner