ពលរដ្ឋនៅឃុំអមលាំង ស្រុកថ្ពងខេត្តកំពង់ស្ពឺ ដកផ្សិតលក់គ្រាន់ដោះស្រាយជីវភាពគ្រួសារ

កំពង់ស្ពឺ ៖ នារដូវភ្លៀងធ្លាក់មកដល់ពលរដ្ឋរស់នៅ ភូមិទំនាប និងភូមិថ្មគប់ ស្ថិតនៅក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ មួយចំនួនតែងនាំគ្នាចេញដើររកដកផ្សិតតាមព្រៃក្បែរភូមិ និងតំបន់សហគមន៍ដើម្បីទុកបរិភោគ និងលក់គ្រាន់ដោះស្រាយជីវភាពគ្រួសារ។

ជារៀងរាល់ព្រឹក និងល្ងាចពលរដ្ឋតែងចេញទៅរកដកផ្សិត ហើយនាំគ្នាយកមកដាក់លក់តាមផ្លូវលេខ៤៤ ដើម្បីលក់ឱ្យភ្ញៀវទេសចរ និងអ្នកដំណើរឆ្លងកាត់នៅទីនោះ ។ ចំពោះផ្សិតដែលពួកគេរកបានច្រើនបំផុតគឺផ្សិតដំបូក ផ្សិតប៉ក់ និងផ្សិតក្ងោកជាដើម ។ ដោយសារផ្សិតនេះដុះតាមធម្មជាតិ គេឃើញពេលខ្លះពួកគាត់មានដាក់លក់ និងពេលខ្លះទៀតគ្មានលក់ផងដែរ។

អ្នកស្រី សាយ គិន ជាពលរដ្ឋតែងចេញរកដកផ្សិតលក់បានប្រាប់ឱ្យដឹងថា ការរកចំណូលបានពីការដកផ្សិតដំបូក និងផ្សិតដទៃទៀតរបស់អ្នកស្រីគឺបានតាមថ្ងៃដោយថ្ងៃខ្លះអាចរកចំណូលចាប់ពី ២ម៉ឺន ដល់ ៥ម៉ឺនផងដែរ ។ ប្រាក់ចំណូលនេះអាចជួយអ្នកស្រីគ្រាន់ដោះស្រាយជីវភាពគ្រួសារក្នុងអំឡុងពេលរដូវវស្សា។

អ្នកស្រីបានបន្តឱ្យដឹងថា “ផ្សិតដែលដកបាននេះខ្ញុំលក់ដាច់ណាស់ ដោយភាគច្រើនភ្ញៀវទេសចរមកពីភ្នំពេញ និងបណ្តាខេត្តដទៃទៀតទិញយកទៅបរិភោគ ។ សម្រាប់ផ្សិតនេះខ្ញុំដាក់លក់ក្នុងមួយចានដែលមានទំងន់ជាងកន្លះគីឡូក្រាមតម្លៃ ១០០០០រៀល”។

ជុំវិញការដើររកដកផ្សិតលក់នេះអ្នកស្រីបានរៀបរាប់ប្រាប់ឱ្យដឹងទៀតថា ៖ រៀងរាល់រដូវភ្លៀងធ្លាក់នៅតំបន់អ្នកស្រីរស់នៅសម្បូរដោយផ្សិតដុះច្រើនប្រភេទណាស់ ។ ពលរដ្ឋឱ្យតែរដូវនេះមកដល់តែងនាំគ្នាចេញទៅរកដកផ្សិតលក់មិនដែលខាន។

ដោយឡែក លោក ថន វុត្ថា ដែលជាប្រជាពលរដ្ឋមួយរូបរស់នៅភូមិទំនាបនេះដែរបានរៀបរាប់ឱ្យដឹងថា ពេលរដូវភ្លៀងធ្លាក់មកដល់ លោកនិងភរិយាតែងជិះគោយន្តដើម្បីដើររកដកផ្សិតលក់ ។ សម្រាប់ពេលនេះសម្បូរផ្សិតដំបូក ដោយក្នុងមួយថ្ងៃលោកអាចរក ចំណូលបានចាប់ពី ៤ ដល់ ១០ម៉ឺនរៀលទៀតផង ។ ទោះបីយ៉ាងណាការរកផ្សិតនេះគឺបានដោយថ្ងៃប៉ុណ្ណោះពោលគឺថ្ងៃខ្លះមានថ្ងៃខ្លះទៀតអត់មានផ្សិតដុះក៏មានដែរ។

លោកថា ដោយសារបច្ចុប្បន្ននេះ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ បានធ្វើឲ្យ ផ្សិតដំបូកនិងផ្សិតក្ងោក បានដុះស្អេកស្កះ នៅតាមព្រៃរបោះ និងក្នុងតំបន់ការពារ ធម្មជាតិសហគមន៍ ដែលធ្វើឲ្យប្រជាជនរស់នៅតំបន់នោះ បានចាប់យកមុខរបរដកផ្សិតនេះ សម្រាប់យកមកធ្វើម្ហូបអាហារ និងមួយផ្នែកទៀតយកទៅលក់ ដើម្បីទទួលបានចំណូលបន្ថែមសម្រាប់លើកកម្ពស់ជីវភាពគ្រួសារ ។ ដោយក្នុងនេះពួកគាត់លក់ក្នុងមួយចានមានទម្ងន់ជាងកន្លះគីឡូក្រាមថ្លៃ ១០០០០រៀល ។ ពួកគាត់ដាក់លក់ជាចានបែបនេះងាយស្រួលដោយ អ្នកទិញគេអាចជ្រើសរើសបានតាមចំណូលចិត្តគេផង។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតែងបានអនុញ្ញាតឱ្យប្រជាពលរដ្ឋអាស្រ័យផលចេញពីព្រៃធម្មជាតិ តាមរយៈបេះផ្លែឈើ តាមរដូវ បោចវល្លិ រកបន្លែជាស្លឹក និងដកផ្សិតលក់ជាដើម។ ជាមួយគ្នានេះ កន្លងមកក្រសួងបរិស្ថានបាន អំពាវនាវឲ្យប្រជាជនក្នុងសហគមន៍ទាំងអស់ ចូលរួមការពារនូវធនធានធម្មជាតិ និងអភិរក្សធនធានធម្មជាតិឲ្យបានល្អប្រសើរ ជៀសវាងការកាប់បំផ្លាញព្រៃឈើខុសច្បាប់ បរបាញ់សត្វខុសច្បាប់ ដើម្បីទទួលបាននូវអនុផលពីព្រៃឈើ សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ និងសហគមន៍របស់ខ្លួន៕ ដោយ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner