ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រ ដល់បេក្ខជន បណ្ឌិតកិត្តិយស និងនិស្សិតជ័យលាភីថ្នាក់វេជ្ជបណ្ឌិត នៃសាកលវិទ្យាល័យអន្តរជាតិ

ភ្នំពេញ៖ សាកលវិទ្យាល័យអន្តរជាតិ បានរៀបចំកម្មវិធីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស និងសញ្ញាបត្រវេជ្ជបណ្ឌិត ជូនដល់និស្សិតសាកលវិទ្យាល័យអន្តរជាតិចំនួន ២៨៥នាក់ នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ។

លោកបណ្ឌិត សាបូ អូហ្សាណា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យអន្តរជាតិ បានធ្វើរបាយការណ៍ជូនពាក់ព័ន្ធនិស្សិត ដែលត្រូវទទួលសញ្ញាបត្រនាពេល នេះ ដែលមានការផ្តល់ជូនសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកវិទ្យាសាស្រ្តនយោបាយជូនដល់ឯកឧត្តម មុត ខៀវ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនិតិសម្បទា និងជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកគ្រប់គ្រង ជូនឯកឧត្តម សាម៉ន បណ្ឌិត្យ រដ្ឋលេខាធិកាក្រសួងព័ត៌មាន និងការផ្តល់សញ្ញាបត្រវេជ្ជបណ្ឌិត ជូនដល់និស្សិតចំនួន ២៨៥ នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ។

លោកសាកលវិទ្យាធិការបន្តថា សាកលវិទ្យាល័យអន្តរជាតិ គឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជនមួយ ដែលបានបង្កើតឡើងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០០២។ សាកលវិទ្យាល័យ បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ទាំងក្នុងផ្នែកអប់រំ និងស្រាវជ្រាវ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់សាស្ត្រាចារ្យនិងបុគ្គលិកទាំងអស់ក៏ដូចជាការសហការរបស់ស្ថាប័នជាដៃគូទាំងក្នុង និងក្រៅប្រទេស។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍ តំណាងសិស្សនិងនិស្សិតក្រីក្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិតបានធ្វើការវាយតម្លៃខ្ពស់ ចំពោះឯកឧត្តមសាកលវិទ្យាធិការ ក៏ដូចជាសម្មភាពរបស់ថ្នាក់ដឹកនាំទាំងមូលនៃសាកលវិទ្យាល័យ អន្តរជាតិដែលបានខិតខំប្រឹងប្រែងបណ្តុះបណ្តាលនិស្សិតប្រកបដោយគុណភាព និងគុណតម្លៃ ដែលមិនអាចកាត់ថ្លៃបាន និងជាជោគជ័យមួយ ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាលសម្រាប់អភិវឌ្ឍប្រទេសជាតិទាំងមូល។ ឯកឧត្តម ក៏បានអបអរសាទរដល់និសិ្សតដែលបានខិតខំប្រឹងប្រែងសិក្សារហូតដល់បានបញ្ចប់ការសិក្សាប្រកបដោយជោគជ័យ ក្នុងរយៈពេលកន្លងមកនេះ ។

នៅក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម មុត ខៀវ ដែលត្រូវបានសាកលវិទ្យាល័យ ផ្តល់ជូនសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកវិទ្យាសាស្រ្តនយោបាយ។ ឯកឧត្តម ហ៊ុន ម៉ាណែត បញ្ជាក់ថា ពិតជាសក្តិសមណាស់ ដែលសាកលវិទ្យាល័យ ប្រគល់សញ្ញាបត្របណ្ឌិតកិត្តយស ជូនឥស្សរជនជាន់ខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា ព្រោះ ឯកឧត្តម មុត ខៀវ បានលះបង់នូវកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី បម្រើរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជាង ៤០ឆ្នាំមកហើយ។ ឯកឧត្តមថា ឯកឧត្តម មុត ខៀវ ដែលលោកបានស្គាល់គាត់តាំងតែពីរូបលោកនៅជាកុមារភាព ហើយឯកឧត្តមក៏អ្នកដែលមើលថែឯកឧត្តម និងបងប្អូនកាលពីនៅកុមារភាពផងដែរ ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានអញ្ជើញប្រគល់សញ្ញាបត្រ ជូនដល់ឯកឧត្តម មុត ខៀវ និងឯកឧត្តម សាមន បណ្ឌិត្យ និងប្រគល់សញ្ញាបត្រជូនដល់និស្សិតទាំង ២៨៥នាក់ និងផ្តល់កិត្តិយសថតរូបជាមួយអ្នកដឹកនាំ រួមទាំងនិស្សិតទុកជាអនុស្សាវរីយ ក្នុងបរិយាកាសស្និទិស្នាលនិងរីករាយក្រៃលែង។

សូមបញ្ជាក់ថា ដើម្បីឆ្លើយតបនិងការកើនឡើងរបស់និសិ្សត បច្ចុប្បន្នសាកលវិទ្យាល័យអន្តរជាតិ មានទីតាំងកំពុងដំណើរការចំនួន ៤កន្លែងដែលទីតាំងក្នុងរាជធានីភ្នំពេញជាទីតាំងគោល និង៣កន្លែងទៀតនៅតាមបណ្តាខេត្តរួមមាន ខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង និងខេត្តកំពត ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner