ក្រុមបាល់ទាត់កុមារីខេត្តកំពតត្រៀមប្រជែងមេដាយមាស នៅថ្ងៃស្អែកនេះ

ក្រុមបាល់ទាត់កុមារីខេត្តកំពតបានយកឈ្នះក្រុមខេត្តក្រចេះ ក្នុងលទ្ធផល ២ទល់០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងត្រៀមប្រកួតដណ្តើមមេដាយមាស នៅវគ្គផ្តាច់ព្រ័ត្រ នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២នៃការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២២។

លោក ណុប ណាប់ ប្រធានប្រតិភូដឹកនាំខេត្តកំពតគូសបញ្ជាក់ថា ក្រៅពីក្រុមបាល់ទាត់កុមារី ដែលត្រៀមដណ្តើមមេដាយមាស ក៏មានប្រភេទកីឡាមួយចំនួនទៀត ដូចជាបាល់បោះក៏កំពុងដណ្តើមបានលទ្ធផលល្អ និងត្រៀមទៅវគ្គបន្ទាប់ផងដែរ។ ខេត្តកំពតបានបញ្ជូនប្រតិភូ កីឡាករ កីឡាការិនីចំនួន៦ប្រភេទកីឡា សរុប៥៧នាក់ នៅក្នុងចំណោម៨ប្រភេទកីឡានៃព្រឹត្តិការណ៍កីឡាសិស្សបឋមថ្នាក់ជាតិនេះ។

លោក ណុប ណាប់ បន្ថែមទៀតថា តាមរយៈការរៀបចំការប្រកួតសិស្សបឋមសិក្សាថ្នាក់ជាតិនេះបានផ្តល់ផលប្រយោជន៍ជាច្រើនដល់ការបណ្តុះបណ្តាលធនធានកីឡាករ កីឡាការិនីជាកុមារា កុមារី មកពី២៥រាជធានី-ខេត្តឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសគឺបំផុសឲ្យពួកគាត់ឲ្យមានសុខភាពល្អ និងឆន្ទៈ ស្មារតីចេះស្រឡាញ់កីឡាកាន់តែខ្លាំងក្លាបន្ថែមទៀត។

ការរៀបចំការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២២ របស់ក្រសួងអប់រំ យុវជន និងកីឡាមានលក្ខណៈល្អប្រសើរច្រើនលើការដឹកជញ្ជូនពីកន្លែងស្នាក់នៅសណ្ឋាគារទៅទីលានប្រកួត និងពីទីលានប្រកួតត្រឡប់មកកន្លែងស្នាក់នៅជារៀងរាល់ពេលប្រចាំថ្ងៃនេះមានភាពរលូន។ ចំពោះការរៀបចំលើផ្នែកម្អូបអាហារវិញ ក៏ល្អច្រើនដូចគ្នាផងដែរ។

គួរបញ្ជក់ថា ការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២២នេះត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ ដោយនាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡានៃក្រសួងអប់រំ យុវជន និងកីឡា ដោយមាន៨ប្រភេទកីឡា សរុប៣៤វិញ្ញាសា ដូចជាប្រភេទកីឡាបាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT និង តេក្វាន់ដូ ITF ដែលមានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ១៦៧៧នាក់ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner