ប្រតិភូក្រសួងទេសចរណ៍រៀបចំកម្មវិធីផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជានៅប្រទេសហ្វីលីពីន

ហ្វីលីពីន-យោងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី នាឱកាសបើកវេទិកា ទេសចរណ៍ អាស៊ានឆ្នាំ២០២២ នៅខេត្តព្រះសីហនុ និងស្របតាមស្មារតីនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ានដែលបានជំរុញឱ្យប្រទេសសមាជិកអាស៊ាន ពិចារណាក្នុងការបើក វិស័យទេសចរណ៍ដោយផ្តើមពីចលនាទេសចរផ្ទៃក្នុងអាស៊ាន (Intra-ASEAN Travelers) និងស្របតាម “ផែនទីចង្អុលផ្លូវ ស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយដំណាក់កាល នៃវិបត្តិជំងឺកូវីដ-១៩” ក៏ដូចជាផែនការ យុទ្ធសាស្រ្ត បើកទទួលទេសចរវ៉ាក់សាំងរបស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម សុខ សង្វារ អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីនៃក្រសួងទេសចរណ៍ នឹងដឹកនាំប្រតិភូចំនួន ៤រូប ទៅរៀបចំកម្មវិធីផ្សព្វផ្សាយដំណើរទេសចរណ៍កម្ពុជា ក្រោមយុទ្ធនាការ ទស្សនាកម្ពុជាបន្ទាប់ ដែលជាគោលដៅទេសចរណ៍ប្រកបដោយភាពកក់ក្តៅ សុវត្ថិភាព ស្អាត និងបៃតង “Cambodia’s Tourism Roadshow – Visit Cambodia NEXT as a Safe, Warm, Clean and Green Tourism Destination” នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីវាគ្មិនសំខាន់ៗដោយផ្ទាល់ពីវាគ្មិនក្រសួងទេសចរណ៍ ឯកឧត្តម ហ៊យ ភីរក្ស អគ្គនាយករងអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងតាមប្រព័ន្ធវីដេអូ (ZOOM) ពីវាគ្មិនដែលជាថ្នាក់ដឹកនាំតំណាងមកពីក្រសួងស្ថាប័នពាក់ព័ន្ធរួមមាន ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា អនុរដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក តាន់ យុវរដ្ឋ អគ្គនាយករងនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្ម លោក សួន សុផល ប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈ និងការជំរុញគម្រោងវិនិយោគឯកជននៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងផ្នែកឯកជន លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា។

អញ្ជើញជាអធិបតីក្នុងឱកាសបើកកម្មវិធី រួមមាន ឯកឧត្តម សុខ សង្វារ អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និង ឯកឧត្តម ផន ពៅ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណៈរដ្ឋហ្វីលីពីន មានអ្នកចូលរួមពីសមាគមន៍ទេសចរណ៍ហ្វីលីពីនចំនួន១២ និងទីភ្នាក់ងារទេសចរណ៍សរុបប្រមាណ ១៥០រូប។

កម្មវិធីផ្សព្វផ្សាយដំណើរទេសចរណ៍កម្ពុជា ក្រោមយុទ្ធនាការ ទស្សនាកម្ពុជាបន្ទាប់ ដែលជាគោលដៅទេសចរណ៍ប្រកបដោយភាពកក់ក្តៅ សុវត្ថិភាព ស្អាត និងបៃតង “Cambodia Tourism Roadshow – Visit Cambodia NEXT as a Safe, Warm, Clean and Green Tourism Destination” សំដៅផ្សព្វផ្សាយ អំពីសក្តានុពលវិស័យទេសចរណ៍កម្ពុជា ពង្រឹងទំនាក់ទំនង និងកិច្ចសហការល្អរវាងផ្នែកឯកជនកម្ពុជា – ហ្វីលីពីន ឱ្យបង្កើនការលក់កញ្ចប់ ទស្សនកិច្ចទេសចរណ៍កម្ពុជាលើទីផ្សារហ្វីលីពីន រួមជាមួយការផ្សព្វផ្សាយ អំពី ការបើកដំណើរការសេវាទិដ្ឋាការពេលមកដល់ (Visa On Arrival) សម្រាប់អ្នកដំណើរ ពីបរទេសចូលមកកម្ពុជាតាមផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក ការលើកលែងលិខិត PCR Test អវិជ្ជមាន ៧២ម៉ោងមុនធ្វើដំណើរ ការលើកលែងធ្វើតេស្តរហ័សពេលមកដល់ និងការលើកលែងកាតព្វកិច្ចពាក់ម៉ាស់ នៅតាមទីសាធារណៈទូទាំងប្រទេស ព្រមទាំងជំរុញការផ្សព្វផ្សាយអំពីការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ (SEA Games 2023) របស់កម្ពុជា ក្រោមមូលបទ “កីឡារស់ក្នុងសន្តិភាព”។

កម្មវិធីCambodia’s Tourism Roadshow ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីបណ្តាក្រុមហ៊ុនភ្នាក់ងារទេសចរណ៍នៃប្រទេសហ្វីលីពីន ហើយភ្នាក់ងារទេសចរណ៍ហ្វីលីពីន និងក្រុមហ៊ុន Philippines Airlines បានឯកភាពគ្នាជំរុញជើងហោះហើរត្រង់មកកាន់កម្ពុជានាពេលឆាប់ៗខាងមុខនេះ។ តាមរយៈកម្មវិធី Cambodia’s Tourism Roadshow នេះ កម្ពុជានឹងអាចទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនហ្វីលីពីន ឱ្យមកទស្សនា “កម្ពុជា – ព្រះរាជាណាចក្រអច្ឆរិយៈ សុវត្ថិភាព និងភាពកក់ក្តៅ” កាន់តែច្រើនឡើងវិញ ក្នុង និងក្រោយវិបត្តិកូវីដ-១៩។

គួរបញ្ជាក់ថា ក្នុងរយៈពេល ៤ខែដើមឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ២២ម៉ឺននាក់ និងភ្ញៀវទេសចរក្នុងស្រុកប្រមាណ ៩ម៉ឺននាក់ យើងសង្កេតឃើញថា ការងើបឡើងវិញនៃវិស័យទេសចរណ៍ កម្ពុជានឹងអាចទទួលបានភ្ញៀវទេសចរ ៨០ម៉ឺននាក់ នៅចុងឆ្នាំ២០២២ នេះ។ តាមរយៈកម្មវិធីនេះ ក្រសួងទេសចរណ៍រំពឹងថា តាមរយៈការជំរុញទេសចរវ៉ាក់សាំង ក៏ដូចជា ផ្អែកលើការប្រែប្រួលនិន្នាការទេសចរណ៍ថ្មីគឺការផ្តោតទៅលើទេសចរផ្ទៃក្នុងអាស៊ាន និងទេសចរដែលនៅជិត (Short Haul) រយៈពេលនៃការធ្វើដំណើរចន្លោះពី ៤ ទៅ ៥ ម៉ោង ដូចជា ទីផ្សារកូរ៉េ និងទីផ្សារជប៉ុន ឥណ្ឌា អូស្រ្តាលី ជាដើម។ ដោយឡែក យើងនៅតែមានសុទិដ្ឋិនិយមថា ទីផ្សារចិននឹងបើកដំណើរការទេសចរណ៍អន្តរជាតិឡើងវិញនៅពេលដែលកូវីដ១៩ មានភាពធូរស្រាល ចំណែកទីផ្សារនៅឆ្ងាយ (Long Haul) គឺជាគោលដៅយុទ្ធសាស្រ្តកំណត់ដោយក្រសួងទេសចរណ៍ថា ជាទីផ្សារទេសចរណ៍កម្រិតខ្ពស់ និងមានការចំណាយច្រើន ដែលមានទីផ្សារអឺរ៉ុប សហរដ្ឋអាមេរិក កាណាដា និងមជ្ឈឹមបូព៌ា៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner