ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហម ទើបជ្រើសរើសថ្មី ចំនួន ២៦នាក់ នៃវិទ្យាល័យ ប៊ូថង អូរជុំ ទទួលបានវគ្គបណ្តុះបណ្តាលជាមូលដ្ឋាន

រតនគិរី ៖ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី បានបើកវគ្គបណ្តុះបណ្តាលជាមូលដ្ឋានដល់ទីប្រឹក្សាយុវជន និង យុវជនកាកបាទក្រហមកម្ពុជា នៃវិទ្យាល័យប៊ូថងអូរជុំ ក្រោមវត្តមាន លោកស្រី ខាំ ណាវ អភិបាលរង នៃគណៈអភិបាលស្រុកអូរជុំ លោកឌឹម ណាត នាយកសាខា កក្រក.ខេត្តរតនគិរី លោក ទិត វីរ៉ា នាយកវិទ្យាល័យប៊ូថង អូរជុំ និងមានការចូលរួមពីលោកគ្រូ អ្នកគ្រូទីប្រឹក្សា និងយុវជនកាកបាទក្រហមកម្ពុជាចំនួន ២៦នាក់ ស្រី១៣នាក់ ។

លោក ទិត វីរ៉ា បានលើកឡើងថា ក្នុងនាមលោកជាអ្នកគ្រប់គ្រងនៅវិទ្យាល័យប៊ូថង អូរជុំ នេះ លោកពិតជាមានមោទនៈភាព និងមានសេចក្តីរីករាយណាស់ ដែលវិទ្យាល័យបានបើកប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី បានចុះមកបង្កើតអោយមានយុវជនកាកបាទក្រហម ប្រចាំនៅវិទ្យាល័យ ដើម្បីបណ្តុះគំនិតទឹកចិត្ត និងសេចក្តីស្រលាញ់ចំពោះការងារមនុស្សធម៌ដល់ប្អូនៗសិស្សានុសិស្សដែលជាទំពាំងស្នងប្ញស្សី និងជាកម្លាំងយុវជនគំរូដល់ប្អូនៗយុវជនផ្សេងៗទៀតនៅក្នុងវិទ្យាល័យ។

ក្នុងឱកាសនោះដែរ លោក ឌឹម ណាត នាយកសាខា បានមានមតិសំណេះសំណាលផ្តាំផ្ញើជាមួយប្អូនៗ និងបានពាំនាំប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និង ឯកឧត្តម ញ៉ែម សំអឿនប្រធានគណៈកម្មាធិការសាខា ដោយក្តីស្រលាញ់ និងក្តីនឹករលឹក ជូនដល់ប្អូនៗយុវជនកាកបាទក្រហមទាំងអស់ ដែលតែងតែលះបង់ពេលវេលាដ៏មានតម្លៃពីការសិក្សាចូលរួមចំណែកបំរើសកម្មភាពការងារមនុស្សធម៌កន្លងមកដោយស្ម័គ្រចិត្ត មិនគិតពីការនឿយហត់។ លោកនាយកក៏មានមតិផ្តាំផ្ញើថា បន្ទាប់ពីឆ្លងកាត់វគ្គបណ្តុះបណ្តាលនេះទៅប្អូនៗ នឹងក្លាយជាគ្រួសារកាកបាទក្រហម ជាអ្នកជួយការពារផលប្រយោជន៍កាកបាទក្រហម ពិសេសអាចចូលរួមគ្រប់សកម្មភាពការងារមនុស្សធម៌ ក្នុងវិស័យអាទិភាពទាំងបួនរបស់កាកបាទក្រហម រួមមាន ការឆ្លើយតបគ្រោះមហន្តរាយ វិបត្តភ័យ និង បម្រែបម្រួលអាកាសធាតុ, ការងារសុខភាព និងការថែទាំសុខភាពសហគមន៍, ការងារលើកកម្ពស់គោលការណ៍គ្រឹះ និងតំលៃមនុស្សធម៌, និងការងារអភិវឌ្ឍន៍ស្ថាប័ន និងធនធាន។

មានមតិសំណេះសំណាលបើកវគ្គនាឱកាសនោះ លោកស្រី ខាំ ណាវ អភិបាលរងស្រុកអូរជុំ បានផ្តាំផ្ញើដល់ប្អូនៗឱ្យប្រឹងប្រែង យកចិត្តទុកដាក់ ចូលរួមឱ្យបានគ្រប់គ្នានៅក្នុងវគ្គយល់ដឹងជាមូលដ្ឋានដែលមានរយៈពេល ១ថ្ងៃពេញនេះ ប្អូនៗនឹងបានដឹងអំពីប្រវត្តិគោលការណ៍គ្រឹះ ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម វិជ្ជាសង្គ្រោះបឋម ការងារគ្រប់គ្រង និងការពង្រឹងពង្រីកកម្លាំងយុវជន អ្នកស្ម័គ្រចិត្ត កក្រក នឹងបានស្គាល់ពីកាកបាទក្រហមកាន់តែច្បាស់ រចនាសម្ព័ន្ធកាកបាទក្រហម ពីថ្នាក់ជាតិរហូតដល់ថ្នាក់មូលដ្ឋាន
ពិសេសប្អូនៗ នឹងបានស្គាល់ពីតួនាទីភារកិច្ចរបស់ខ្លួនកាន់តែច្បាស់។ ហើយបន្ទាប់ពីឆ្លងកាត់វគ្គនេះហើយ ខ្ញុំសង្ឃឹមថាប្អូនៗយុវជនទើបបង្កើថ្មីទាំងអស់នេះ ក្លាយយុវជនកាកបាទក្រហមដែលពោរពេញដោយសមត្ថភាពក្នុងការរួមចំណែកជាមួយសាខាក្នុងការផ្តល់សេវាកម្មមនុស្សធម៌ តាមសហគមន៍ និងសាលារៀនបានល្អ ស្របតាមបណ្តុំទស្សនៈទាន “យុវជនគឺជាចលករ និងជាភ្នាក់ងារនៃការផ្លាស់ប្តូរជាវិជ្ជមាន កំពុងនាំគ្នាធ្វើសកម្មភាព ធ្វើឱ្យបានកាន់តែច្រើនជាងមុន ធ្វើឱ្យកាន់តែល្អជាងមុន ធ្វើឱ្យកាន់តែស៊ីជម្រៅ និង ទៅឱ្យបានកាន់តែឆ្ងាយជាមុន” ។

គួរញ្ជាក់ផងដែរថា វគ្កបណ្តុះបណ្តាលជាមូលដ្ឋាននេះ ដំណើរការយៈពេល១ថ្ងៃ និងបានលើកយកមេរៀនសំខាន់ៗមកបង្ហាត់បង្ហាញ និងអនុវត្តផ្ទាល់ រួមមាន ៖
១. តួនាទី និងភារកិច្ចទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា
២. ប្រវត្តិចលនា បដិរូប គោលការណ៍គ្រឹះទាំង៧ និងកាកបាទក្រហមកម្ពុជា
៣. វិជ្ជាសង្គ្រោះបឋម ៕ ដោយ គតិ យុត្ត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner