បណ្ឌិត ហ៊ុន ម៉ាណែត ចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បណ្ឌិតកិត្តិយស (Video Inside)
បណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បណ្ឌិតកិត្តិយស និងថ្នាក់វេជ្ជបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិ នៅថ្ងៃទី៥ឧសភានេះ។ បណ្ឌិត ហ៊ុន ម៉ាណែត គឺជាប្រធានគណៈកម្មាធិការសមាគមសិស្ស-និស្សិត អាហារូបករណ៍សមេ្ដចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត។
បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថាអំណោយផល នៃសុខសនិ្តភាព ស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនផ្នែកសង្គម-សេដ្ឋកិច្ច បានជំរុញឱ្យរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា អាចគ្រប់គ្រងដំណើរការប្រទេសប្រកប ដោយប្រសិទ្ធភាព និងប្រសិទ្ធផល ព្រមជាមួយនឹងការកំណត់ចក្ខុវិស័យយ៉ាងច្បាស់លាស់ សម្រាប់អនាគតទៅមុខ ហើយដែលសំខាន់ជាក់ស្តែង គឺបានធ្វើឱ្យប្រជាជនមានសេចក្តីសុខ ទាំងផ្លូវកាយ និងផ្លូវចិត្ត។
បណ្ឌិត ហ៊ុន ម៉ាណែត បានសម្តែងនូវមោទនភាពចំពោះវឌ្ឍនភាពជាលំដាប់ របស់សាកលវិទ្យាល័យអន្តរជាតិក្នុងរយៈកាល២០ឆ្នាំកន្លងមកនេះ ទាំងផ្នែកធនធានមនុស្ស និងហេរដ្ឋារចនា សម្ព័ន្ធរូបវ័ន្តផ្សេងៗ ពិសេសបានអប់រំបណ្តុះបណ្តាលធានធានមនុស្សប្រកបដោយគុណវុឌ្ឍិ សមត្ថភាព សម្បទាវិជ្ជាជីវៈគ្រប់គ្រាន់ និងក្រមសីលធម៌វិជ្ជាជីវៈ បម្រើឱ្យតម្រូវការក្នុង វិស័យ សុខាភិបាល។
បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថាការបណ្តុះបណ្តាលផ្នែកសុខាភិបាល គឺទាមទារឱ្យមានភាពច្បាស់លាស់ និងប្រុងប្រយ័ត្នបំផុត ព្រោះវិជ្ជាជីវៈសុខាភិបាល គឺជា ជំនាញវិជ្ជាជីវៈដ៏ពិសេសមួយ ដែលទាក់ទងនឹងការស្លាប់រស់របស់អាយុជីវិតមនុស្ស។