រដ្ឋបាលខេត្តកំពង់ឆ្នាំង បានបញ្ចប់យុទ្ធនាការរុះរើជញ្ជាំង ដំបូល បែចិញ្ចឹមត្រី និងបន្ទប់ទឹក និងបានជំរុញឱ្យបងប្អូនប្រជាពលរដ្ឋវៀតណាមឡើងមករស់នៅលើគោក លើដីសមាគមន៍ចំនួន ៤២ហិចតា ដែលបានរៀបចំរួចរាល់
កំពង់ឆ្នាំង ៖ យោងបទបញ្ជារបស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ស្រ៊ន សំឫទ្ធី ដែលជាប្រធានក្រុមចម្រុះ បម្លាស់ទីផ្ទះបណ្ដែតទឹកក្នុងខេត្តកំពង់ឆ្នាំង បានធ្វើការដឹកនាំចម្រុះ ដោយមានកងកម្លាំង ស្ថាប័ណ្ណអង្គភាពពាក់ព័ន្ធ និងអាជ្ញារធក្រុងកំពង់ឆ្នាំង បានបន្តរុះរើកាត់ដំបូលបែចិញ្ចឹមត្រី និងបង្គន់ចេញពីលើផ្ទះបណ្ដែតទឹក ដែលនៅសល់ប្រមាណ ១០ភាគរយ ជាការបញ្ចប់យុទ្ធនាការ កាត់ដំបូល និងជញ្ជាំងចេញ ចំពោះអ្នកដែលបានបន្តរស់នៅក្រោមហេតុផល លើបែចិញ្ចឹមត្រី កាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ
២០២២នេះ។
រដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលមានឯកឧត្តម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្តនិងជាប្រធានក្រុមចម្រុះ បម្លាស់ទីផ្ទះបណ្ដែតទឹកក្នុងខេត្តកំពង់ឆ្នាំង បានបញ្ជាក់ឱ្យដឹងថា ប្រជាពលរដ្ឋរស់នៅលើផ្ទះបណ្ដែតទឹក ត្រូវមករស់នៅលើគោក មានចំនួន ៦១១ខ្នងមានបែចិញ្ចឹមត្រីចំនួន ៣៧២បែ ស្មើនឹង ២៣១គ្រួសារ ទូកដំបូលស្នាក់នៅអចិន្ត្រៃយ៍លើផ្ទៃទឹកមានចំនួន ៨០គ្រឿង ស្មើនិង ៨០គ្រួសារ ចំពោះបែចិញ្ចឹមត្រីមកដល់បច្ចុប្បន្ននេះ ម្ចាស់បែបានស្ម័គ្រចិត្ត រុសរើដំបូលចេញទាំងអស់ តាមការណែនាំរបស់ក្រុមការងារ ។
អាជ្ញាធរខេត្តបន្តបម្លាស់ទី ជនជាតិវៀតណាមដែលរស់នៅលើផ្ទះបណ្ដែត
ទឹក ក្នុងក្រុងកំពង់ឆ្នាំង ឱ្យមករស់នៅលើទីតាំងដីថ្មីរបស់សមាគមន៍វៀតណាមដែលមានផ្ទៃដី ៤២ហិចតា ស្ថិតនៅភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ចំណែកស្រុកមួយចំនួនទៀតក៍មានទីតាំងឡើងមករស់នៅលើគោកដូចគ្នា ។
ប្រធានក្រុមចម្រុះបានឲ្យដឹងទៀតថា អាជ្ញាធរខេត្តបន្លាស់ទីផ្ទះប្រជាពលរដ្ឋ ដែលរស់នៅលើផ្ទះបណ្តែតទឹកឱ្យមករស់នៅលើគោក គឺមិនមែនតែជនជាតិវៀតណាមនោះទេ រួមទាំងខ្មែរ និងខ្មែរឥស្លាមផងដែរ ដើម្បីរៀបចំសណ្តាប់ធ្នាប់តាមដងទន្លេ ឱ្យមានបរិស្ថានល្អ អនាម័យល្អឡើងវិញ លើផ្ទៃទឹកទន្លេ ព្រោះអ្នកខេត្តកំពង់ឆ្នាំង សុទ្ធតែប្រើប្រាស់ទឹកទន្លេនេះទាំងអស់ ។ ក្រោយពីរុះរើអស់ហើយ អាជ្ញាធរខេត្ត នៅតែបន្តឃ្លាំមើលរហូត បើមានការលួចសាងសង់ដំបូល ជញ្ជាំង និងមានវិធានការរដ្ឋបាលលើបុគ្គលនោះ ផែនការរបស់អាជ្ញាធរខេត្តបន្តរៀបចំបែត្រីទាំងនោះជាពីជួរនៅត្រើយខាងកើត ៕ សុខ គឹមសៀន