សមាជិកមូលនិធិត្រីចក្រយានកម្ពុជាចំនួន៣០០នាក់ ទទួលបានអំណោយនិង បណ្ណ័ប. ស. ស ពីសម្តេចតេជោ ហ៊ុន សែន តាមរយៈឯកឧត្តមឃួង ស្រេង
ភ្នំពេញ៖ ប្រធានកិត្តិយសមូលនិធិត្រីចក្រយានកម្ពុជា(ស៊ីក្លូ) និងជានាយករដ្ឋមន្ត្រីនៃព្រះរាជា ណា ចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន តែងតែក្រើនរំលឹកដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយាន កម្ពុជា យកចិត្តទុកដាក់និងមើលថែ ពីសុខទុក្ខបងប្អូនដែលជាសមាជិកអ្នកធាក់ស៊ីក្លូក្នុងរាជធានី ភ្នំពេញ ពោលគឺនៅពេលពួកគាត់ជួបការលំបាក ខ្វះខាត ត្រូវជួយពួកគាត់ភ្លាម។
នៅព្រឹកថ្ងៃទី០៧ ឧសភានេះ ឯកឧត្តម ឃួង ស្រេង បានចាត់ឱ្យលោក ម៉េត មាសភក្តី អ្នកនាំពាក្យ រដ្ឋបាល រាជធានីភ្នំពេញនិងជាប្រធានលេខាធិការដ្ឋានមូលនិធិត្រីចក្រយានកម្ពុជា នាំយកនូវ អំណោយ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជូនបងប្អូនដែលជាសមាជិកអ្នក ធាក់ស៊ីក្លូ ក្នុងរាជធានីភ្នំពេញចំនួន៣០០នាក់ នៅសាលារាជធានីភ្នំពេញ ដើម្បីជួយសម្រួលដល់ ការលំបាកក្នុងជីវភាពរបស់ពួកគាត់។
អំណោយក្នុងម្នាក់ៗទទួលបានអង្ករ២៥គីឡូក្រាម ,មីមួយកេសតូច ,ទឹកស៊ីអ៊ីវឬទឹកត្រីមួយយួរ, ត្រីខមួយយូរ និងប្រេងឆាមួយដប។ ជាមួយគ្នានេះដែរ អ្នកធាក់ស៊ីក្លូទាំង៣០០នាក់ក៏ ទទួលបានអាវ ឯកសណ្ឋានចំនួន២កំប្លេនិងបណ្ណ័ប. ស. ស ដើម្បីឲ្យបងប្អូនទៅព្យាបាលជំងឺដោយ មិនអស់ប្រាក់ ផងដែរ។
បងប្អូនអ្នកធាក់ស៊ីក្លូទាំង៣០០នាក់ក៏ទទួលបានប្រាក់ខែជារៀងរាល់ខែចំនួន២១ម៉ឺនរៀលផងដែរ ដោយក្នុងមួយខែពួកគាត់អាចបើកបានបីដង។ គួរបញ្ជាក់ផងដែរថា មូលនិធិនេះត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី១៨មករាឆ្នាំ២០១៨គឺ មានរយៈ ពេល បួនឆ្នាំ ហើយ ក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតី តេជោហ៊ុនសែន សំដៅអភិរក្សស៊ីក្លូ ដែលមានដើមកំណើតតាំងពីសម័យអនានិគមនិយម បារាំង៕សរន