សម្តេចតេជោ ហ៊ុន សែន៖ នៅថ្ងៃទី៧ ឧសភានេះ ពុំមានអ្នកឆ្លងកូវីដ នេះគឺជាជោគជ័យដ៏ធំ ដែលយើងបានរួមគ្នាប្រយុទ្ធយកឈ្នះលើសមរភូមិនៃកូវីដ-១៩  

ភ្នំពេញ៖ តាមរយៈសារសំឡេងពិសេសផ្ញើជូនជនរួមជាតិ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាបានបញ្ជាក់ថា នៅថ្ងៃទី៧ ខែឧសភានេះ នៅកម្ពុជាពុំមានករណីឆ្លងជំងឺកូវីដនោះទេ។ សម្តេចបានអះអាងថា នេះគឺជាជោគជ័យដ៏ធំ ដែលយើងបានរួមគ្នាប្រយុទ្ធយកឈ្នះលើសមរភូមិនៃកូវីដ-១៩។ ប៉ុន្តែសម្តេចក៏នៅតែបន្តអំពាវនាវឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ការពារខ្លួនតទៅមុខទៀត ជាមួយនឹងវិធានការសុខាភិបាល ដែលបានដាក់ចេញកន្លងមក។ បើទោះបីជាលើកលែងកាតព្វកិច្ចអំពីការពាក់ម៉ាស់ក៏ប៉ុន្តែរាជរដ្ឋាភិបាលក៏នៅតែបន្តលើកទឹកចិត្តឱ្យមានការពាក់ម៉ាស់។ 

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋន្ត្រី នៅថ្ងៃទី៧ ខែឧសភានេះ បានផ្ញើសារសំឡេងពិសេសជូនជនរួមជាតិថា ថ្ងៃនេះជាលើកដំបូងក្នុងរយៈពេលចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ដែលកម្ពុជាពុំមានករណីកូវីដកើតឡើងនោះទេ។ បានសេចក្តីថាថ្ងៃនេះពុំមានការឆ្លងសូម្បីតែ មួយករណី គឺសូន្យករណី។ សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា រឿងនេះបានកើតឡើងបន្ទាប់ពីការសាកសល្បងដ៏ខ្លាំងមួយ នៅក្នុងដំណាក់កាលនៃការបើកឱកាសឲ្យប្រជាជនបាន ដើរលេងចូលឆ្នាំ ដែលជាការសាកល្បងបើកទូលាយដ៏ធំធេង ហើយដែលពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រដែលមានអ្នក ចូលរួមដើរលេងយ៉ាងច្រើនកុះករ។ ដោយសារការខិតខំថែទាំងខ្លួនរបស់ជនរួមជាតិ ជាមួយនិងកិច្ចខិតខំរបស់មន្ត្រីសុខាភិបាល ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំង ប្រដាប់អាវុធ ជាពិសេសប្រជាពលរដ្ឋផ្ទាល់ខ្លួន។ យើងសម្រេចបានជោគជ័យជាបន្តបន្ទាប់ករណីឆ្លងមានត្រឹមមួយខ្ទង់។ នេះគឺជាជោគជ័យដ៏ធំ ដែលយើងបានរួមគ្នាប្រយុទ្ធយកឈ្នះលើសមរភូមិនៃកូវីដ-១៩។ 

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះជនរួមជាតិដែលបានចូលរួមនៅក្នុងចលនាប្រឆាំងកូវីដ-១៩ ដែល ធ្វើឲ្យអាត្រាឆ្លងគឺមានការថយចុះជាលំដាប់ រហូតមក ដល់ថ្ងៃនេះ (៧ ខែឧសភា) ជាលើកដំបូង ក្នុងរយៈពេល ជាង ១ឆ្នាំ ដែលយើងបានដើរដល់ចំណុចសូន្យ។ សម្តេចបាន លើកឡើងថា មិនប្រាកដទេថានៅថ្ងៃស្អែក អាចនឹងមានការកើតឡើងវិញ ក៏ប៉ុន្តែយ៉ាងហោចណាស់នៅថ្ងៃទី៧ ខែឧសភានេះ យើងពុំមានករណីឆ្លងសូម្បីតែ មួយករណី គឺសូន្យករណីតែម្តង។ ទោះបីយ៉ាងនេះក្តីសម្តេចក៏នៅតែបន្តអំពាវនាវឲ្យប្រជា ពលរដ្ឋយកចិត្ត ទុកដាក់ការពារខ្លួន តទៅមុខទៀត ជាមួយនឹងវិធានការសុខាភិបាល ដែលបានដាក់ចេញកន្លងមក។ បើទោះបីជាគេលើកលែងកាតព្វកិច្ចអំពីការពាក់ម៉ាស់ ក៏ប៉ុន្តែរាជរដ្ឋាភិបាលក៏នៅតែបន្តលើកទឹកចិត្តឲ្យមានការពាក់ម៉ាស់។ បងប្អូនដែលធ្លាប់ពាក់ម៉ាស់បន្តពាក់ម៉ាស់តទៅទៀត។ បងប្អូនដែលមិនចង់ពាក់ម៉ាស់ទុកលទ្ធភាព ឲ្យបងប្អូនធ្វើការជ្រើសរើស។ ទោះបីថាដកចេញនៅកាតព្វកិច្ចពាក់ម៉ាស់ក្នុងក្របខណ្ឌច្បាប់ ប៉ុន្តែនៅតែលើកទឹក ចិត្ត ឲ្យការប្រើប្រាស់ម៉ាស់ ការរក្សាគន្លាត ការលាងដៃ និងវិធានការសុខាភិបាលដ៏ទៃទៀតដែលត្រូវ ប្រកាន់យក។ ជាពិសេសសូមបងប្អូនទទួលយកវ៉ាក់សាំង និងដូសជំរុញជាដូសទី៣ ដូសទី៤ ហើយនឹងអាចឈានទៅបន្តទៅរកដូសទី៥ បន្ទាប់ពីគណៈកម្មការចំពោះកិច្ចនៅក្នុងការចាក់វ៉ាក់សាំងកក្របខណ្ឌទូទាំងប្រទេសពិនិត្យ ឃើញថាដល់ពេល វេលាដែលត្រូវចាក់ដូសទី៥។ 

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា សម្តេចពិតជាមានមោទនភាពចំពោះជនរួមជាតិរបស់យើងដែលរួបរួមគ្នាជុំវិញព្រះមហាក្សត្រ ជុំវិញនីតិប្បញ្ញត្តិ ជុំវិញនីតិ ប្រតិបត្តិ គឺជុំវិញរាជរដ្ឋាភិបាលប្រយុទ្ធយកឈ្នះនៅក្នុងគ្រាដល់លំបាក។ ជាមួយគ្នានេះសម្តេចតេជោ បានអរគុណចំពោះមិត្តភ័ក្តិដែលបានផ្តល់វ៉ាក់សាំងជូនកម្ពុជា ដើម្បីចាក់ជូនប្រជាជនដោយឥតគិតថ្លៃ។ វ៉ាក់សាំងបានផ្តល់ឱកាសសម្រាប់យើងទាំងអស់គ្នាក្នុងការ បើកសេដ្ឋកិច្ចឡើងវិញ ផ្តល់ឱកាសឱ្យប្រជាពលរដ្ឋអាចបង្កបង្កើនផល ការរកស៊ីធម្មតាឡើងវិញ ជាមួយនឹងការរៀនរស់ជាមួយកូវីដតាមគន្លងថ្មី៕ 

ដោយ៖ពលជ័យ

ads banner