ព្រះមហាក្សត្រផ្តល់គោរម្យងារជូនឯកឧត្តម ហ៊ុន ណេង ជាសម្តេចឧត្តមទេពញាណ ហ៊ុន ណេង  

ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ នៃ​ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២នេះ បាន​ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរម្យងារជូនឯកឧត្តម ហ៊ុន ណេង ជាសម្តេចឧត្តមទេពញាណហ៊ុន ណេង។

សូមជម្រាបថា ឯកឧត្តម ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម បានទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៨:២៥នាទី ក្នុងជន្មាយុ៧២ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋានខេត្តកំពង់ចាម។ 

សពឯកឧត្តម ហ៊ុន ណេង នឹងត្រូវតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណី សាសនា នៅគេហដ្ឋាន ភូមិទី៧ សង្កាត់កំពង់ចាមក្រុងកំពង់ចាម។ នៅថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ សព ឯកឧត្តមហ៊ុន ណេង នឹងត្រូដង្ហែទៅបញ្ចុះនៅវត្តសុវណ្ណគិរីរតនៈ ភ្នំប្រុស ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕ 

ដោយ៖ពល​ជ័យ

ads banner