កង់ចំនួន ៣៥គ្រឿង ត្រូវបាន ឯកឧត្តម ប៉ាន សូរស័ក្តិ ប្រគល់ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនី ជម្រើសជាតិកីឡាទូក

ភ្នំពេញ៖ ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម កង់ចំនួន ៣៥គ្រឿង ត្រូវបានប្រគល់​ជូន​គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ជម្រើសជាតិកីឡាទូក ដើម្បីមាន​ភាព​​ងាយស្រួល​ក្នុងការធ្វើ​ដំណើរ​ទៅកន្លែង​ហ្វឹកហាត់​នៅ​ក្នុង​សហព័ន្ធកីឡាទូកកានូ និ​ង​រ៉ូ​អ៊ីង​កម្ពុជា។ ពិធីប្រគល់ទទួលនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​ជាអនុ​ប្រធាន​ទី១ សហព័ន្ធកីឡាទូកកានូ និ​ង​រ៉ូ​អ៊ីង​កម្ពុជា និងមានការចូលរួមពីថ្នាក់នាំក្រសួងពាណិជ្ជកម្ម គ្រូបង្វឹក និងកីឡាករ-កីឡាករិនី ជាច្រើនរូប។

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថា ដោយមាន​ការ​យក​ចិត្ត​ទុក​​ដាក់ផ្ទាល់ពី សម្តេចក្រឡាហោម ស ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន​សហព័ន្ធ​កីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា​ បានដឹកនាំចង្អុលបង្ហាញ​ និងផ្ដល់​នូវ​ភាព​កក់​ក្ដៅ ធ្វើ​ឱ្យ​ប្រភេទកីឡាទូកមួយនេះ មានការរីកចម្រើនមួយកម្រិតបន្ថែមទៀត ហើយ​កំពុង​ទទួល​បាន​ការចាប់​អារម្មណ៍ និង​គាំទ្រ​យ៉ាង​​ខ្លាំង​​​ពី​​មហាជន ចាប់​​តាំងពីសហព័ន្ធបានកែទម្រង់រចនាសម្ព័ន្ធគ្រប់គ្រងរបស់ខ្លួន។

ឯកឧត្តមរដ្ឋមន្ត្រីបន្តថា ដើម្បីជួយសម្រួលដល់​ការប្រមូលផ្តុំហ្វឹកហាត់នៅ​ក្នុង​សហព័ន្ធឱ្យមានភាពងាយស្រួល ក្នុង​ការ​ធ្វើ​​ដំណើរ​ទៅកន្លែងហ្វឹកហាត់ ឯកឧត្តមរដ្ឋមន្ត្រី បានឧបត្ថម្ភកង់ចំនួន ៣៥គ្រឿង ដល់​ក្រុម​គ្រូ​បង្វឹក និងកីឡាករ-កីឡាការិនី ក្នុងនោះ​គឺ​ប្រគល់​​ជូនលើកទី១ ចំនួន ១៣គ្រឿង​ និងប្រគល់​លើកទី២​ នៅ​ថ្ងៃ​​នេះចំនួន ២២គ្រឿងទៀត ដើម្បីឱ្យកីឡាករ-កីឡា​ការនី​ទាំងអស់ ហ្វឹកហាត់សម្រាប់​ត្រៀម​ចូលរួមការប្រកួត​កីឡា​ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេស​វៀតណាម និង​ដើម្បី​ត្រៀម​ខ្លួនចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែល​កម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីស្ថានភាពជំងឺកូវីដ-១៩ នៅក្នុង​ប្រទេស​កម្ពុជា ដែលមានភាពល្អ​ប្រសើរ ក្រោម​​មាគ៌ា​ដឹកនាំ​ដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហា​សេនា​​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ធ្វើឱ្យសេដ្ឋកិច្ច និង​ទេសចរណ៍​ងើបឡើងវិញ ព្រម​ទាំង​វិស័យ​កីឡា​ផង​ដែរ។

ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាបាន​ដាក់​​ចេញនូវ​គោលនយោបាយ «ឈ្នះ-ឈ្នះ» ដែល​បាន​នាំឱ្យ​ប្រទេសកម្ពុជា ទទួល​បាន​នូវ​ការឯកភាពជាតិ និង​សុខ​​សន្តិភាព​ពេញ​លេញ ហើយត្រូវ​បាន​មជ្ឈដ្ឋាន​អន្តរជាតិ​ទទួល​ស្គាល់ ពីការផ្លាស់​ប្ដូរ​ជា​វិជ្ជមាន ទាំងទិដ្ឋភាពនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គម។ ការណ៍ទាំងនេះ បាន​រួម​ចំណែក​បង្កើត​កាលា​នុវត្តភាព​ថ្មីៗ សម្រាប់​រាជរដ្ឋាភិបាល ក្នុងការបន្តអនុវត្តកម្មវិធីកំណែ​​ទម្រង់​​ស៊ីជម្រៅ ការធ្វើពិពិធកម្ម​មូល​ដ្ឋាន​កំណើនសេដ្ឋកិច្ច ក្នុង​រង្វង់ ៧% ជាប្រចាំ និងការទទួលបានទំនុកចិត្តពីគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិ និងក្រុមប្រឹក្សា កីឡា​អូឡាំពិក​អាស៊ី ដើម្បីធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំព្រឹត្តិការណ៍​ប្រកួត​កីឡាអាស៊ីអាគ្នេយ៍ (SEA Games) នៅក្នុង ឆ្នាំ២០២៣ ខាងមុខនេះ។

នៅកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានជូនពរដល់ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ជម្រើសជាតិ កីឡាទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង ទាំងអស់ដែលត្រូវទៅចូលរួមប្រកួតកីឡាស៊ីហ្គេម SEA Games លើក​ទី​៣១ ប្រទេស​វៀតណាម ឱ្យ​ទទួល​បាន​នូវ​ជ័យ​ជម្នះ និងទទួលបានជោគជ័យ ទាំងអស់គ្នា៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner