នាយករដ្ឋមន្ត្រីអ៊ុយក្រែន និងប្រធានក្រុមប្រឹក្សាអឺរ៉ុបពិភាក្សាអំពីបញ្ហានៃការនាំចេញកសិផលរបស់ទីក្រុងកៀវ

កៀវ៖ សេវាសារព័ត៌មានរដ្ឋាភិបាលបានរាយការណ៍ថា នាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក ដេនីស៍ ហ្ស៊ីមហល់ (Denys Shmyhal) និងប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក ឆាលី មីឆែល (Charles Michel) ដែលកំពុងបំពេញទស្សនកិច្ចនៅអ៊ុយក្រែន ក្នុងថ្ងៃចន្ទសប្តាហ៍នេះ បានពិភាក្សាគ្នាអំពីជំហានដើម្បីដោះស្រាយបញ្ហាទាក់ទងនឹងការនាំចេញកសិផលរបស់ប្រទេសអ៊ុយក្រែន។

ក្នុងកំលុងកិច្ចពិភាក្សានៅទីក្រុងកំពង់ផែ អូឌីសា (Odessa) ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន លោក ហ្ស៊ីមហល់ បាននិយាយថា ការដឹកជញ្ជូនទំនិញឆ្លងកាត់កំពង់ផែអ៊ុយក្រែនតាមរយៈសមុទ្រខ្មៅត្រូវបានផ្អាកចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ដោយសារជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន។ លោក ហ្ស៊ីមហល់ បន្តថា បច្ចុប្បន្ននេះ នាវាប្រហែល ៧០គ្រឿងត្រូវបានរារាំងនៅក្នុងកំពង់ផែសមុទ្រនៃប្រទេសអ៊ុយក្រែន រួមទាំង ១០គ្រឿងនៅកំពង់ផែ អូឌីសា។

លោកបន្ថែមថា នាវាភាគច្រើនគឺជាក្រុមហ៊ុនដឹកជញ្ជូនសំពីងសំពោង និងកប៉ាល់ដឹកទំនិញចម្រុះ។ កសិផលប្រហែល ៩០លានតោនដែលអ៊ុយក្រែនគ្រោងនឹងផ្គត់ផ្គង់ទៅកាន់បណ្តាប្រទេសក្នុងទ្វីបអាហ្រ្វិក អាស៊ី និងអឺរ៉ុបត្រូវបានរារាំង។

លោក ហ្ស៊ីមហល់ ក៏បានព្រមានដែរថា វិបត្តិស្បៀងអាហារសកលអាចចាប់ផ្តើម ដោយសារតែការបិទច្រករបស់អ៊ុយក្រែន ហើយបានជំរុញឱ្យលោក មីឆែល បង្កើនកិច្ចខិតខំប្រឹងប្រែងរួមគ្នាដើម្បីការពារដំណើរការនេះ។

ជាការឆ្លើយតប លោក មីឆែល បានសង្កត់ធ្ងន់ថា កំពង់ផែ អូឌីសា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាសន្តិសុខស្បៀងនៅជុំវិញពិភពលោក ហើយថា សហភាពអឺរ៉ុបនឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីដោះស្រាយបញ្ហាវិបត្តិស្បៀងអាហារនៅលើពិភពលោក៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner