សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតថ្មីប្រទេសឡាវចូលជួបសម្តែងការគួរសម

ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម បួកែវ ភុំវង្សសាយ (Buakeo PHUMVONGSAY) ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចំាព្រះរាជាណាចក្រកម្ពុជា ជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២។

ឯកឧត្តម បួកែវ ភុំវង្សសាយ បានពាំនាំការផ្តាំផ្ញើរសាកសួរសុខទុក្ខជូន សម្តេចប្រធានរដ្ឋសភា ពីសំណាក់ថ្នាក់ដឹកនាំបក្ស រដ្ឋ រដ្ឋសភានៃប្រទេសឡាវ។ ឯកឧត្តមបានលើកឡើងពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ ជាលក្ខណៈបងប្អូនរវាងប្រទេសទំាងពីរដែលមានតំាងពីយូរមក ។ តំណាងឱ្យប្រទេសឡាវ ឯកឧត្តមឯកអគ្គរដ្ឋទូត បានអរគុណរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា ដែលបានផ្តល់ជំនួយវ៉ាក់សំាងកូវីដ១៩ និងសម្ភារៈបរិក្ខារពេទ្យជាច្រើនទៀតជូនដល់ប្រទេសឡាវនាពេលកន្លងមក។

ឯកឧត្តមឯកអគ្គរដ្ឋទូតបានជម្រាប សម្តេចប្រធានរដ្ឋសភាថា នៅក្នុងពេលចាប់ផ្តើមបំពេញបេសកកម្មការទូតនៅកម្ពុជានេះ ក្រោយពីបានជូនសារតំាងដល់ប្រមុខរដ្ឋស្តីទីសម្តេចវិបុលសេនាភក្តី សាយ ឈុំ រួចមក ឯកឧត្តមបានជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយភាគីកម្ពុជាជាច្រើន ដើម្បីធ្វើយ៉ាងណាឱ្យបេសកកម្មការទូតរបស់ឯកឧត្តមទទួលបានជោគជ័យបម្រើផលប្រយោជន៍ប្រទេសទំាងពីរ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានស្វាគមន៍និងវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតរបស់ឯកឧត្តមនៅម្ពុជានាពេលនេះ ពិតជាមានសារសំខាន់ ក្នុងការបន្តលើកកម្ពស់ទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អ ដែលមានស្រាប់ ឱ្យកាន់តែប្រសើរថែមមួយកម្រិតទៀត ទាំងក្នុងក្របខណ្ឌ បក្ស រដ្ឋាភិបាល និងរដ្ឋសភា ។

សម្តេចបានមានប្រសាសន៍បន្តថា ទោះបីនៅក្នុងកាលៈទេសៈជំងឺកូវីដ-១៩ រាតត្បាតជាង២ឆ្នាំមកនេះយ៉ាងណាក្តី តែទំនាក់ទំនង កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរនៅតែបន្តធ្វើឡើងជាប្រក្រតី ហើយការផ្លាស់ប្តូរដំណើរទស្សនកិច្ច និងការជួបសន្ទនារវាងថ្នាក់ដឹកនាំប្រទេសទំាងពីរបានធ្វើឡើងជាប្រចំា។ ជាក់ស្តែង ដូចជាជំនួប សម្តេចនិងឯកឧត្តម ប្រធានរដ្ឋសភា តាមប្រព័ន្ធវីដេអូ និងដំណើរទស្សនកិច្ចរបស់ ឯកឧត្តម នាយករដ្ឋមន្រ្តីឡាវ មកកាន់ព្រះរាជាណាចក្រកម្ពុជា ជាដើម ។

សម្តេចប្រធានបានលើកឡើងថា នៅខែវិច្ឆិកា ឆ្នាំ២០២២នេះ រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងឋានៈជាប្រធានប្តូរវេន នឹងរៀបចំមហាសន្និបាតអាយប៉ា និងជំនួបកំពូលអាស៊ាន។ កម្ពុជាជឿជាក់ថា ប្រទេសឡាវនិងមានវត្តមាននៅក្នុងមហាសន្និបាតនិងជំនួបដ៏សំខាន់នោះ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា រដ្ឋសភា និងរដ្ឋាភិបាលឡាវ នឹងបន្តគាំទ្រតួនាទីលើឆាកអន្តរជាតិដ៏មានសារៈសំខាន់នេះរបស់រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីនាំមកនូវជោគជ័យ និងវិបុលភាព ប្រជាជាតិទាំងពីរ និងតំបន់អាស៊ានទាំងមូលផងដែរ៕ ដោយ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner