ស្ករត្នោតកំពង់ស្ពឺរំពឹងនាំចេញបាន ១៧០តោនក្នុងឆ្នាំ២០២២នេះ

កំពង់ស្ពឺ៖ នៅឆ្នាំ២០២១ សមាគមស្ករត្នោតកំពង់ស្ពឺ បាននាំចេញស្ករត្នោតប្រមាណ ១៥៧តោន ហើយរំពឹងថា ឆ្នាំ២០២២នេះ នឹងកើនឡើងដល់ ១៧០តោន។ លោក វី សាសនា អ្នកចាត់ការទូទៅនៃសមាគមស្ករត្នោតកំពង់ស្ពឺ បានឱ្យដឹងថា បច្ចុប្បន្នសមាគមមានកសិករផលិតស្ករត្នោតចំនួន ១៥៥គ្រួសារ ស្មើនឹងផលិតបានស្ករម្សៅចំនួន ៧០តោន ស្ករហុយ និងស្ករសាច់ចំនួន ៩៧តោន។ លោកបន្តថា នៅឆ្នាំ២០២១ មានកសិករ ១៥០គ្រួសារ សម្រេចការផលិតបានទាំងស្ករសាច់ និងស្ករម្សៅចំនួន ១៥៧តោន ក្នុងនោះ មាន ៤២តោនស្ករម្សៅ ១៩តោនស្ករសេរ៉ូ ក្រៅពីនេះគឺស្ករសាច់។

ស្ករត្នោត ដែលសមាគមផលិតមាន ៤ប្រភេទ គឺស្ករម្ស៉ៅ ស្ករសេរ៉ូ ស្ករផែន និងស្ករសាច់។ ចំពោះតម្លៃសម្រាប់ស្ករសាច់កាលពីឆ្នាំ២០២១ មួយគីឡូតម្លៃ ៦,៨០០រៀល ចំណែកឆ្នាំ២០២២នេះវិញ ឡើងបាន ៧,១០០រៀល។ លោកបន្ថែមថា បច្ចុប្បន្នសមាគមស្ករត្នោតកំពង់ស្ពឺ នៅខ្វះកម្លាំងផលិត ដើម្បីបំពេញតម្រូវការនៅឡើយ ហើយថា សមាគមត្រូវការកម្លាំងផលិតបន្ថែមចំនួន ១៥០គ្រួសារទៀត ខណៈសព្វថ្ងៃមានចំនួន ១៥៥គ្រួសារ បូកសរុបទាំងអស់ ៣០០គ្រួសារ ទើបអាចគ្រប់តម្រូវការ។ លោកថា មូលហេតុដែលសមាគមស្ករត្នោតកំពង់ស្ពឺខ្វះកម្លាំងផលិត ដោយសារយុវជនពេញកម្លាំងភាគច្រើនងាកទៅធ្វើការងារក្នុងវិស័យរោងចក្រ។

ចំណែកកសិករវ័យចំណាស់ខ្វះកម្លាំងក្នុងការឡើងត្នោតមួយចំនួនក៏បោះបង់មុខរបរនេះ។ បច្ចុប្បន្នសមាគមផ្តោតលើការផលិតស្ករត្នោតនៅតំបន់ចំនួនបី គឺស្រុកឧដុង្គ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងស្រុកអង្គស្នួល ខេត្តកណ្តាល។ ស្ករត្នោតកំពង់ស្ពឺនាំចេញតាមរយៈក្រុមហ៊ុនទៅប្រទេស កាណាដា អាឡឺម៉ង់ បារាំង ចិន កូរ៉េ និងភាគច្រើននាំចេញទៅសហគមន៍អឺរ៉ុប។

ចំណែកនៅក្នុងស្រុកមានការផ្គត់ផ្គង់ប្រភេទស្ករសាច់ច្រើនផងដែរ។ ដើមត្នោត ដែលបានផ្តល់ស្ករឲ្យសមាគមស្ករត្នោតកំពង់ស្ពឺ មានចំនួនជាង ៣ពាន់ដើម ស្ថិតក្នុងស្រុកពីរនៃខេត្តកំពង់ស្ពឺ គឺស្រុកឧដុង្គ ស្រុកសំរោងទង និងមួយស្រុកទៀត នៅអង្គស្នួល ខេត្តកណ្តាល។

ស្ករត្នោតកំពង់ស្ពឺត្រូវបានទទួលស្គាល់ជាផលិតផលសម្គាល់ភូមិសាស្ដ្រ (GI) កាលពីឆ្នាំ២០១០ និងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តការពារ (PGI) របស់សហភាពអឺរ៉ុប នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ ដោយបានទទួលស្គាល់ថា ជានិមិត្តរូបនៃប្រទេសកម្ពុជា៕ ប្រភព៖ កម្ពុជាថ្មី ដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner