សម្តេចតេជោ នាយករដ្ឋមន្រ្តី អញ្ជើញជួបសន្ទនាជាមួយ ក្រុមវិភាគបណ្តាញសង្គម នៅសហរដ្ឋអាមេរិក ដឹកនាំដោយលោក ម៉ក់ ហឺន និងភរិយា

អាមេរិក៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បន្ទាប់ពីទៅដល់ក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ក៏បានឆ្លៀតជួបពលរដ្ឋខ្មែរ ដែលជាអ្នកវិភាគបញ្ហាសង្គមនៅលើបណ្តាញ សង្គមហ្វេសប៊ុក នៅសហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ម៉ោងនៅកម្ពុជា ។

ពលរដ្ឋខ្មែរជាអ្នកវិភាគលើបណ្តាញសង្គមនៅអាមេរិក ដែលសម្តេចតេជោ អនុញ្ញាតឱ្យជួបមានជាង ១០រូប ដឹកនាំដោយលោក ម៉ក់ ហឺន និងភរិយា។ លោក ម៉ក់ ហឺន គឺជាអ្នកវិភាគបញ្ហាសង្គមមួយរូប ដែលតែងតែលើកបង្ហាញនូវតថភាពពិតនៃបញ្ហាក្នុងសង្គមខ្មែរ។ រាល់ការផ្សាយលើបណ្តាញសង្គម លោក ម៉ក់ ហឺន តែងលើកទាំងភាពវិជ្ជមាន និងអវិជ្ជមាននៅក្នុងសង្គមខ្មែរ ខណៈជំនួបនេះ លោក យង់ ណុយ ហៅ ប្រែឌី (Brady Nuy Young) ក៏ត្រូវបានសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ចូលរួមផងដែរ។

សូមជម្រាបថា លោក យង់ ណុយ ហៅ ប្រែឌី គឺជាពលរដ្ឋខ្មែរអាមេរិកាំង រស់នៅក្រុងឡុងប៊ិច។ កាលដើមឡើយលោក ជាសកម្មជនអតីតបក្សសង្គ្រោះជាតិ ហើយតែងបានធ្វើការផ្សាយ លើ បណ្តាញ សង្គមហ្វេសប៊ុក រិះគន់ និងវាយប្រហារធ្ងន់លើសម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជាផងដែរ។

នៅក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះពលរដ្ឋ ខ្មែរនៅអាមេរិក និងបង្ហាញក្តីរីករាយ និងនឹករលឹកផងដែរចំពោះពួកគាត់។ សម្តេចតេជោ បានថ្លែង អំណរគុណដល់ខ្មែរនៅអាមេរិក ដែលតែងបានចូលរួមផ្សព្វផ្សាយបង្ហាញនូវតថភាពពិតពីបញ្ហា នៅក្នុងសង្គមខ្មែរ និងតែងផ្តល់តម្លៃដល់កិច្ចប្រឹងប្រែង ក្នុងការអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាល។

សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឱ្យមានការផ្សព្វផ្សាយ និងផ្តល់ព័ត៌មាននានា ដើម្បី ធ្វើឱ្យការប្រាស្រ័យទាក់ទងរវាងខ្មែរ នៅក្រៅប្រទេស និងខ្មែរនៅក្នុងស្រុក មានភាពជិតស្និទ្ធ និង ល្អប្រសើរជាមួយគ្នា។

សូមបញ្ជាក់ដែរថា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅដល់ក្រុងវ៉ាស៊ីនតោន នៅវេលា ម៉ោងប្រមាណ ៧យប់ថ្ងៃទី១០ ខែឧសភា ម៉ោងនៅក្រុងវ៉ាស៊ីនតោន ត្រូវនឹងវេលាម៉ោងប្រមាណជា ៨ព្រឹកថ្ងៃទី១១ ខែឧសភា ម៉ោងនៅកម្ពុជា។ សម្តេចតេជោ និងគណៈប្រតិភូបានចំណាយ ពេលប្រមាណ ជា ២០ម៉ោង ក្នុងការហោះពីកម្ពុជា ទៅក្រុងវ៉ាស៊ីនតោន៕
ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner