ប្រមុខការទូតអាល្លឺម៉ង់៖ ទីក្រុងប៊ែរឡាំងកំពុងធ្វើការលើការផ្តល់ជំនួយ សព្វាវុធ យោធាទំនើបៗដល់អ៊ុយក្រែន

កៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Ukrinform ដែលគ្រប់គ្រង ដោយរដ្ឋាភិបាលអ៊ុយក្រែន បាន រាយការណ៍ថា ថ្លែងក្នុងកំលុងដំណើរទស្សនកិច្ចមកកាន់ទីក្រុងកៀវ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី អ៊ែនណាឡេណា ប៊ែរបក (Annalena Baerbock) ក្នុងថ្ងៃអង្គារបញ្ជាក់ថា រដ្ឋាភិបាល អាល្លឺម៉ង់កំពុងធ្វើការដើម្បីផ្តល់អាវុធទំនើបៗដល់អ៊ុយក្រែន។

លោកស្រី ប៊ែរបក បានប្រាប់អ្នកសារព័ត៌មានក្នុងកំលុងសន្និសីទកាសែតជាមួយរដ្ឋមន្ត្រី ការបរទេស អ៊ុយក្រែនលោក ឌីមីត្រូ ខូលេបា ថា យើងកំពុងធ្វើការជាមួយសហគ្រាសអាល្លឺម៉ង់ ដើម្បីធានាថា អ៊ុយក្រែននឹងទទួលបានអាវុធទំនើបៗបំផុត។

លោកស្រី ប៊ែរបក បន្ថែមថា នៅប៉ុន្មានថ្ងៃខាងមុខ អាល្លឺម៉ង់នឹងចាប់ផ្តើមបណ្តុះបណ្តាលទាហាន អ៊ុយក្រែន លើការប្រើប្រាស់ឧបករណ៍បំពងសំឡេងចល័ត។

ក្រៅពីនេះ អាល្លឺម៉ង់ក៏នឹងជួយអ៊ុយក្រែនក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាតមីន និងគាំទ្រដល់ សេចក្តីប្រាថ្នារបស់អ៊ុយក្រែនក្នុងការចូលរួមជាមួយសហភាពអឺរ៉ុប (EU)ផងដែរ។

ចំណែកលោក ខូលេបា បានសម្តែងក្តីសង្ឃឹមថា បណ្តាប្រទេសនៅអឺរ៉ុបនឹងបន្តផ្តល់ការគាំទ្រ ផ្នែកសេដ្ឋកិច្ច និងយោធាដល់អ៊ុយក្រែន ព្រមទាំងបន្តដាក់ទណ្ឌកម្មលើរុស្ស៊ីជុំវិញ ជម្លោះ ជាមួយអ៊ុយក្រែន។

ស្របពេលជាមួយគ្នានោះដែរ លោកស្រី ប៊ែរបក ក៏បានជួបពិភាក្សាជាមួយប្រធានាធិបតី អ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ផងដែរ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស អាល្លឺម៉ង់៕
ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner