ព្រឹទ្ធសភាកម្ពុជាបើកសម័យប្រជុំលើកទី៤ ព្រឹទ្ធសភា នីតិកាលទី៤ ស្តាប់របាយការណ៍ គណៈកម្មាធិការអចិន្ត្រៃយ៍ស្តីពីសកម្មភាពការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី៣ និងលើកទី៤ ព្រឹទ្ធសភា នីតិកាលទី៤
ភ្នំពេញ៖ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំលើកទី៤ ព្រឹទ្ធសភា នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ត ទី២៤ ខែតុលា ឆ្នាំ២០១៩។ សមាជិកព្រឹទ្ធសភាមានវត្តមានចំនួន៥៨រូប។
សម័យប្រជុំលើកទី៤នេះ បានដំណើរការដោយមានរបៀបវារៈតែមួយ គឺស្តាប់របាយការណ៍គណៈកម្មាធិការអចិន្ត្រៃយ៍ស្តីពីសកម្មភាពការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី៣ និងលើកទី៤ ព្រឹទ្ធសភា នីតិកាលទី៤។ ក្នុងរយៈពេលបីខែនេះ ព្រឹទ្ធសភាបានប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ចំនួន ០៤លើក និងប្រជុំវិសាមញ្ញចំនួន០២លើក ដោយពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ចំនួន០៥ច្បាប់។
ព្រឹទ្ធសភាបានទទួលពាក្យបណ្តឹងចំនួន១៦ករណី ប្រជុំផ្ទៃក្នុងគណៈកម្មការចំនួន១០លើក ចុះបេសកកម្មក្នុងប្រទេសចំនួន១០លើក បំពេញបេសកកម្មក្រៅប្រទេសចំនួន០៦លើក ចូលរួមសិក្ខាសាលា វេទិកា និងកិច្ចប្រជុំនានាចំនួន១៧៦លើក និងចូលរួមពិធីផ្លូវការផ្សេងៗចំនួន៣៥០លើក ព្រមទាំងចុះមូលដ្ឋានដោយឡែករៀងៗខ្លួនចំនួន១៩១លើក។
ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ និងក្រុមសមាជិកាព្រឹទ្ធសភា បានរៀបចំវេទិកាសាធារណៈចំនួន ៣លើក នៅខេត្តពោធិ៍សាត់ ខេត្តត្បូងឃ្មុំ និងរាជធានីភ្នំពេញ ដើម្បីដោះស្រាយបញ្ហាប្រឈម និងសំណូមពររបស់ក្រុមប្រឹក្សាឃុំ សង្កាត់ និងជីអណ្តូងទឹកស្អាត ជីកស្រះទឹក ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល តាកែវ កំពត កែប ឧត្តរមានជ័យ ព្រះវិហារ កំពង់ធំ ប៉ៃលិន បាត់ដំបង និងខេត្តបន្ទាយមានជ័យ ព្រមទាំងចូលរួមក្នុងពិធីផ្សេងៗ។
ក្នុងអំឡុងពេលចន្លោះសម័យប្រជុំលើកទី៣ និងលើកទី៤នេះ ថ្នាក់ដឹកនាំគណៈកម្មាធិការអចិន្រ្តៃយ៍ គណៈកម្មការ ក្រុមភូមិភាគនានា សមាជិក សមាជិកាព្រឹទ្ធសភានីតិកាលទី៤ បានរួមគ្នាខិតខំបំពេញភារកិច្ចរៀងៗខ្លួន ទាំងក្នុងប្រទេស និងក្រៅប្រទេស ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ហើយសម្រេចបានលទ្ធផលផ្លែផ្កា ជាគុណប្រយោជន៍ដល់ជាតិ និងប្រជាពលរដ្ឋ។
ព្រឹទ្ធសភា សូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រដ៏ថ្លៃថ្លាពីគ្រប់មជ្ឈដ្ឋាន និងគ្រប់ស្ថាប័ន ដែលញុំាងឱ្យព្រឹទ្ធសភាដំណើរការទៅមុខដោយរលូន និងល្អប្រពៃ៕ធ.ដ