រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ពីវិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ

ភ្នំពេញៈ រដ្ឋសភានៅព្រឹកថ្ងៃទី១១ ខែឧសភានេះ បានអនុម័តសេចក្តីព្រាងច្បាប់ពីវិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដោយសំឡេង១០៦សំឡេងលើ១០៦សំឡេង។ រដ្ឋសភាក៏បានសម្រេចអំពីសុពលភាពនៃអាណត្តិរបស់ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន ជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ជំនួសសម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលបានទទួលមរណភាព និងការបោះឆ្នោតជ្រើសតាំងឯកឧត្តម កែប ជុតិមា ជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារ សាធារណៈ នៃរដ្ឋសភា និងឯកឧត្តម ខឹម ច័ន្ទគិរី ជាសមាជិកគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា។

សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី និងជាតំណាងរាជរដ្ឋាភិបាលបានឡើងមានប្រសាសន៍ថា ការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រង រដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលជាច្បាប់រៀបចំអង្គការមានរយៈពេលប្រមាណជិត១៤ឆ្នាំមកហើយ។ កំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើនមានជាអាទិ៍ ការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅមូលដ្ឋាន ការលើកកម្ពស់សិទ្ធិអំណាចនិងការ ចូលរួមរបស់ប្រជាពលរដ្ឋ ការបង្កើតឡើង នូវរចនាសម្ព័ន្ធនិងប្រព័ន្ធអភិបាលកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ការធ្វើវិមជ្ឈការហិរញ្ញវត្ថុ ការផ្ទេរមុខងារក្នុង ការផ្តល់សេវាសាធារណៈនិងការអភិវឌ្ឍមូលដ្ឋាន ការផ្ទេរបុគ្គលិកនិងការកសាងសមត្ថ ភាពដល់បុគ្គលិករដ្ឋបាល ថ្នាក់ក្រោមជាតិការរៀបចំប្រព័ន្ធផែនការអភិវឌ្ឍ កម្មវិធីវិនិយោគរបស់រដ្ឋ បាលថ្នាក់ក្រោមជាតិ។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ទោះបីជាទទួលបានសមិទ្ធផលនានាជាច្រើនយ៉ាងណាក្តីក្នុងការអនុវត្តច្បាប់រៀបចំអង្គការនាពេលកន្លងមក ក៏បានជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងការរៀបចំរចនាសម្ព័ន្ធប្រព័ន្ធអភិបាលកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យស្របតាមការរីកចម្រើនជាតំបន់ទីក្រុងធំៗ តំបន់ទីក្រុង ទីប្រ ជុំជន តំបន់ជនបទ ការផ្ទេរមុខងារនិងធនធាន ផ្អែកតាមចរិតលក្ខណៈនៃរដ្ឋបាលថ្នាក់ ក្រោមជាតិ សមត្ថភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការអនុវត្តមុខងារ និងធនធានដែលបានផ្ទេរកាន់តែច្រើនឡើងទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។

ឈរលើមូលដ្ឋានដ៏ចាំបាច់ខាងលើនេះ ការធ្វើវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រង!ដ្ឋបាលរាជ ធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ពិតជាមានសារៈ សំខាន់ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការដឹកនាំនិងការគ្រប់គ្រងនៅ រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ។ ផ្អែកលើស្មារតីនេះសេចក្តីព្រាងច្បាប់ស្តីពីវិសោធន កម្មមាត្រា១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គឺត្រូវបានរៀបចំ ឡើងក្នុងគោលបំណងកែសម្រួល ចំនួនគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីបង្កើនធនធានមនុស្សក្នុងជួរគណៈអភិបាលដែល ជាអង្គប្រតិបត្តិឱ្យមានចំនួនសមស្របតាមស្ថាន ភាពនៃកំណើនសេដ្ឋកិច្ច កំណើនប្រជាពល រដ្ឋ និងភូមិសាស្ត នៃរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ដើម្បីរ៉ាប់រងអនុវត្តមុខងារនិងធនធានដែលបានផ្ទេរពីក្រសួង ស្ថាប័ននៅ ថ្នាក់ជាតិ អនុវត្តសេចក្តីសម្រេចនានារបស់ក្រុមប្រឹក្សា និងអនុវត្តតួនាទីជាតំណាងឱ្យរាជរដ្ឋាភិបាល ក្រសួង ស្ថាប័ននានានៅរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ដូចជា ការងារសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសាធរណៈ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាឱ្យកាន់តែមានប្រសិទ្ធភាពដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅមូលដ្ឋាន។

សម្តេចក្រឡាហោម សខេង នាយករដ្ឋមន្ត្រីស្តីទី បានបញ្ជាក់ទៀតថា ផ្អែកតាមស្មារតីនៃសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្ម មាត្រា១៤០នេះ ចំនួនគណៈអភិបាលសម្រាប់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនីមួយៗ និងត្រូវបានសិក្សានិង ពិនិត្យឡើងវិញ ដោយធ្វើការគិតគូរផ្អែកលើកត្តាមួយ ចំនួន ដែលរួមមានចំនួនសមាជិកក្រុមប្រឹក្សានៃរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនីមួយៗ កត្តាភូមិសាស្ត្រ និងកត្តាប្រជាសាស្ត្រនៃរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនីមួយៗ ដើម្បីជាមូលដ្ឋានក្នុងការសម្រេចដាក់ចេញនូវអនុក្រឹត្យស្តីពីការកំណត់ចំនួនគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បន្ទាប់ពីច្បាប់ស្តីពីវិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចូលជាធរមាន៕ដោយៈ ពល ជ័យ

ads banner