សម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ សម្រេចប្រកាសសុពលភាពឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន ជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ជំនួស សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលទទួលមរណភាព

ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ បានបន្តដឹកនាំសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ ដោយមានរបៀបវារៈចំនួន៤។ របៀបវារៈទំាងបួននោះមាន ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន ជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ជំនួស សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ដែលទទួលមរណភាព។ ការបោះឆ្នោតជ្រើសតំាង ឯកឧត្តម កែប ជុតិមា ជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ និងឯកឧត្តម ខឹម ច័ន្ទគិរី ជាសមាជិកគណៈកម្មការសាធារណការ ដឹកជញ្ជួន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

សូមជម្រាបថា ក្រោយពីទទួលបានការបោះឆ្នោតគំាទ្រពីរដ្ឋសភាជាសមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ រួចមក ឯកឧត្តម កែប ជុតិមា ត្រូវបានសមាជិកគណៈកម្មការ បោះឆ្នោតជ្រើសតាំងជាប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ ផងដែរ។

ចំណែកគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានបោះឆ្នោតជ្រើសតាំង ឯកឧត្តម ពេជ្រ គឹមស្រ៊ាង ជាអនុប្រធានគណៈកម្មការផងដែរ។

ចំណែកសេចក្តីព្រាងច្បាប់ចំនួនពីរ ដែលរដ្ឋសភាលើកយកមកពិភាក្សាអនុម័តមាន សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា១៤០នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ។

ជាការកត់សម្គាល់សូមជម្រាបថា សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា១៤០នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ធ្វើឡើងដើម្បីឆ្លើយតបបរិបទជាក់ស្តែងនៃការរីកចម្រើនផ្នែកសេដ្ឋកិច្ច សង្គម និងស្របពេលដែលកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការត្រូវបានពង្រឹងនិងពង្រីកកាន់តែស៊ីជម្រៅ ពិសេសការផ្ទេរសិទ្ធិអំណាច មុខងារនិងធនធានទៅឱ្យរដ្ឋបាលផ្ទាល់ថ្នាក់ក្រោមជាតិ ដូចបានកំណត់ក្នុងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(២០២១-២០៣០) ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យកាន់តែប្រសើរថែមទៀតនោះ ឃើញថាការពង្រឹងស្ថាប័ននិងធនធានមនុស្សរដ្ឋបាលថ្នាក់ក្រោមជាតិ គឺពិតជាមានសារៈសំខាន់ណាស់ក្នុងការធានាឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងគោលបំណងប្រែក្លាយយកកម្ពុជាឱ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ខាងមុខ។

ចំណែក សេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហាររៀបចំឡើងដោយយោងនៃនិន្នាការសកលលោកនៃពាណិជ្ជកម្មអន្តរជាតិនិងដើម្បីឆ្លើយតបទៅនិងឧត្តមានុវត្តន៍ជាអន្តរជាតិនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅក្នុងតំបន់និងសកលោក។ តាមរយៈសេចក្តីព្រាងច្បាប់នេះនឹងកំណត់នូវគោលការណ៍ជាមូលដ្ឋានដើម្បីជំរុញឱ្យផលិតផលម្ហូបអាហារមានសុវត្តិភាពនិងស្របតាមស្តង់ដារកំណត់ សំដៅធានាកម្រិតការពារអាយុជីវិតនិងសុខភាពប្រជាពលរដ្ឋ ធានាប្រសិទ្ធភាពនៃការការពារផលប្រយោជន៍អ្នកប្រើប្រាស់និងរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ៕ ដោយ ហេង សមុ្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner