ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ កោតសរសើរអភិបាលរាជធានីភ្នំពេញ រៀបចំសន្តិសុខសណ្តាប់ធ្នាប់បានល្អ នាឱកាសពិធីបុណ្យឆ្នាំថ្មីកន្លងទៅ

ភ្នំពេញ៖ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានសម្តែងការកោតសរសើរ ដល់គណៈ បញ្ជាការឯកភាពរាជធានីភ្នំពេញគ្រប់ថ្នាក់ ដែលបានខិតខំរួមគ្នា ការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលកន្លងទៅ បានល្អប្រសើរ ដែលទាក់ទាញប្រជាពល រដ្ឋមកលេងកម្សាន្តយ៉ាងច្រើនកុះករ ប្រកបដោយភាពសប្បាយរីករាយ។

ឯកឧត្តមប្រធានក្រុមប្រឹក្សា បានថ្លែងការកោតសរសើរដូច្នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣៦ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ នៅថ្ងៃទី១១ ខែឧសភា ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រួមទំាងសមាជិក សមាជិកាក្រុមប្រឹក្សារាជធានីភ្នំពេញ អភិបាលរងរាជធានីភ្នំពេញ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ប់ សារិន បានថ្លែងថា ក្រោមការដឹកនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងការរៀបចំឱ្យមានព្រឹត្តិការសង្ក្រាន្តនៅរម្មណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ គឺមាន ប្រជាពលរដ្ឋមកលេងកម្សាន្តយ៉ាងច្រើនកុះករ ប្រកបដោយភាពសប្បាយរីករាយ រហូតដល់ជាង២២ម៉ឺន នាក់ និងពុំមានបាតុភាពអ្វីកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។

បន្ថែមពីនេះទៀត ឯកឧត្តម បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ ក៏បានចាត់ចែង ក្នុងការចាក់វ៉ាក់សំាងចាប់ពីដូសមូលដ្ឋាន រហូតដល់ដូសជំរុញ ជូនដល់ប្រជាពលរដ្ឋនៅតាមទីវត្តអារាម ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ ឱ្យមានភាពសុំាក្នុងការ ការពារជំងឺកូវីដ១៩ និងបានធ្វើឱ្យប្រទេសកម្ពុជា កាន់តែមានភាពធូរស្រាលពីជំងឺនេះ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ឃួង ស្រេង ក៏បានណែនាំដល់មន្ទីរជំនាញ ចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញទំាងអស់ ត្រូវបន្តខិតខំបំពេញការងារទៅតាមជំនាញរៀងៗខ្លួន ឱ្យកាន់តែល្អបន្ថែមទៀត ពិសេស លើបញ្ហាដូចជា ក្មេងទំនើង គ្រឿងញៀន សន្តិសុខសណ្តាប់ធ្នាប់នៅតាមមូលដ្ឋាន ដើម្បីធានាបានសុវត្ថិភាពជូនប្រជាពលរដ្ឋ និងឆ្ពោះទៅការបោះឆ្នោតក្រុម ប្រឹក្សាឃុំ សង្កាត់ឱ្យប្រព្រឹត្តទៅដោយរលូន យុត្តិធម៌ មានតម្លាភាព និងគ្មានអំពើហិង្សា។

ឯកឧត្តមភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល បានធ្វើវិមជ្ឈការទៅថ្នាក់ក្រោមជាតិ ដូច្នេះគ្រប់មន្ទីរជំនាញទំាងអស់ ត្រូវធ្វើកិច្ចការជាមួយថ្នាក់ក្រោមជាតិ ហើយអភិបាលរង ទំាងអស់ ត្រូវយកចិត្តទុកធ្វើកិច្ចការទៅតាមជំនាញសមត្ថកិច្ចរបស់ខ្លួន ដើម្បីធានាប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហា និងការផ្តល់សេវា ជូនប្រជាពលរដ្ឋនៅមូលដ្ឋានបានកាន់តែល្អប្រសើរ។

សូមបញ្ជាក់ថា បច្ចុប្បន្ន រដ្ឋបាលរាជធានីភ្នំពេញ មានការយកចិត្តទុកដាក់យ៉ាងខ្លំាង លើបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ព្រោះវាជាតម្រូវការរួមរបស់ប្រជាពលរដ្ឋ ខណៈដែលប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ៕ ដោយ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner