មេដឹកនាំកូរ៉េខាងជើង បញ្ជាឲ្យកម្ទេចសណ្ឋាគារទាំងអស់ ដែលសង់ដោយកូរ៉េខាងត្បូង
អត្ថបទដោយ៖
Kien Sereyvuth
មេដឹកនាំប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបញ្ជាឲ្យកម្ទេចសណ្ឋាគារ និងអគារទាំងអស់ដែលសាងសង់ឡើងដោយកូរ៉េខាងត្បូងនៅតំបន់ទេសចរណ៍ដ៏ល្បីល្បាញក្នុងប្រទេស ដោយលោក គីម ជុងអ៊ុន ចាត់ទុកសំណង់នៅភ្នំ Kumgang ដូចជា តង់សម្រាប់ជ្រកបណ្ដោះអាសន្នពីគ្រោះមហន្ដរាយ។
សូមបញ្ជាក់ថា តំបន់ទេសចរណ៍មួយនេះ ត្រូវបានគេចាត់ទុកថាជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការរវាងបងប្អូនកូរ៉េទាំងពីរ។ ប៉ុន្តែក្រោយពេលដែលធ្វើទស្សនកិច្ចនៅទីនោះ មេដឹកនាំកូរ៉េខាងជើង និយាយថាវាជាការប្រសើរដែលទីតាំងនេះ ត្រូវបានគ្រប់គ្រងដោយគ្មានការចូលរួមពីរដ្ឋាភិបាលក្រុងសេអ៊ូល។
ភ្ញៀវទេសចរកូរ៉េខាងត្បូងរាប់ពាន់នាក់ ត្រូវបានអនុញ្ញាតឱ្យចូលទស្សនាតំបន់នេះ ក្រោមការគ្រប់គ្រងយ៉ាងតឹងរឹង ប៉ុន្តែទេសចរត្រូវបានផ្អាកភ្លាមៗក្នុងឆ្នាំ២០០៨ បន្ទាប់ពីស្រ្តីម្នាក់ត្រូវបានឆ្មាំកូរ៉េខាងជើងបាញ់សម្លាប់៕ធ.ដ