លោក ដូណាល់ ត្រាំ សម្រេចលុបចោលទណ្ឌកម្មលើតួកគី ក្រោយមានបទឈប់បាញ់ នៅប្រទេសស៊ីរី
សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃពុធនេះ បានប្រកាសដកទណ្ឌកម្មរបស់ប្រទេសលោកប្រឆាំងនឹងតួកគីវិញហើយ និងថែមទាំងបានថ្លែងការពារការដកកងទ័ពអាម៉េរិកចេញពីប្រទេសស៊ីរី ដោយនិយាយថា ទុកឱ្យអ្នកផ្សេងប្រយុទ្ធនៅក្នុងប្រទេសមួយវិញ។
លោក ដូណាល់ ត្រាំ បាននិយាយថា ប្រទេសតួកគី បានប្រាប់រដ្ឋបាលលោកថា ពួកគេបានបញ្ឈប់ការប្រយុទ្ធ និងការវាយលុករបស់ពួកគេនៅស៊ីរីហើយ ហើយកំពុងធ្វើបទឈប់បាញ់គ្នានេះឱ្យមានភាពអចិន្ត្រៃយ៍ ហើយកិច្ចឈប់បាញ់គ្នានឹងមានជាប់លាប់ជាអចិន្ត្រៃយ៍។ លោក ត្រាំ បានបន្ថែមទៀតថា បទឈប់បាញ់គ្នាដែលសហរដ្ឋអាម៉េរិកបានសម្របសម្រួល នៅក្នុងការវាយលុករបស់កងកម្លាំងតួកគី លើក្រុមសកម្មប្រយុទ្ធឃើដ នៅប៉ែកឦសានប្រទេសស៊ីរី មានភាពជាអចិន្ត្រៃយ៍ហើយ ហើយសហរដ្ឋអាម៉េរិកក៏បានលុបចោលការដាក់ទណ្ឌកម្មលើតួកគីផងដែរ។
ដោយឡែក អ្នកនាំពាក្យរបស់ក្រុមសកម្មប្រយុទ្ធឃើដ SDF លោក Mustafa Bali បានអរគុណលោក ដូណាល់ ត្រាំ តាមបណ្តាញសង្គមធ្វីតធើ ចំពោះកិច្ចខិតខំប្រឹងប្រែងគ្មានហត់នឿយរបស់លោក ដែលបានបញ្ឈប់ការវាយប្រហារដ៏ឃោរឃៅដោយកងកម្លាំងតួកគី ហើយបាននិយាយថា លោកប្រធានាធិបតីអាម៉េរិកបានសន្យាថា នឹងថែរក្សាភាពដៃគូជាមួយកងកម្លាំង SDF ផងដែរ៕ធ.ដ