មន្រ្តីលោកខាងលិចចោទរុស្ស៊ីថា ជាមេខ្លោងវាយប្រហារផ្នែកព័ត៌មានវិទ្យានៅអ៊ុយក្រែន និងអឺរ៉ុប

កៀវ៖ រុស្ស៊ីជាអ្នកនៅពីក្រោយការវាយប្រហារតាមអ៊ីនធើណិតដ៏ធំប្រឆាំងនឹងបណ្តាញផ្កាយរណបអ៊ីនធើណេត ដែលបានធ្វើម៉ូដឹម (modems) រាប់ពាន់គ្រឿងគាំងដំណើរការ នៅពេលចាប់ផ្តើមសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការបញ្ជាក់ពីសហរដ្ឋអាមេរិក អង់គ្លេស កាណាដា និងសហភាពអឺរ៉ុប។

ក្រុមប្រឹក្សាសហភាពអឺរ៉ុបបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយក្នុងថ្ងៃអង្គារសប្តាហ៍នេះថា ការវាយលុកផ្នែកឌីជីថលប្រឆាំងនឹងបណ្តាញ KA-SAT របស់ក្រុមហ៊ុន Viasat បានកើតឡើងនៅចុងខែកុម្ភៈ ខណៈដែលរុស្ស៊ីបានចាប់ផ្តើមការលុកលុយរបស់ខ្លួនលើអ៊ុយក្រែន។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ការវាយប្រហារតាមអ៊ីនធើណិតនេះ មានផលប៉ះពាល់យ៉ាងសំខាន់ដែលបណ្តាលឱ្យមានការដាច់ទំនាក់ទំនង និងការរំខានទាំងអាជ្ញាធរសាធារណៈ ការប្រកបអាជីវកម្ម និងអ្នកប្រើប្រាស់មួយចំនួនក្នុងប្រទេសអ៊ុយក្រែន ក៏ដូចជាប៉ះពាល់ដល់រដ្ឋសមាជិកសហភាពអឺរ៉ុបមួយចំនួនផងដែរ។

រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់ថូនី ប្លីងគែន និយាយថា ការវាយប្រហារតាមអ៊ីនធើណិតនេះ មានបំណងរំខានដល់ការបញ្ជា និងការគ្រប់គ្រងរបស់អ៊ុយក្រែន ក្នុងកំលុងការឈ្លានពាន ហើយសកម្មភាពទាំងនោះបានជះឥទ្ធិពលដល់ប្រទេសអឺរ៉ុបផ្សេងទៀតផងដែរ។

មន្ត្រីសន្តិសុខអ៊ីនធើណិតអ៊ុយក្រែនលោក Victor Zhora បាននិយាយកាលពីខែមីនាថា ការវាយប្រហារតាមប្រព័ន្ធអ៊ីនធើណិតបានបណ្តាលឱ្យមានការខាតបង់ដ៏ធំ នៅក្នុងការទំនាក់ទំនងនៅពេលចាប់ផ្តើមនៃសង្រ្គាម៕ ប្រភព៖ Aljazeera ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner