កីឡាករឃីកបុកស៊ីងកម្ពុជា ឈឿង ល្វៃ ឈ្នះហ្វីលីពីន នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ស៊ីហ្គេម លើកទី៣១

ណាណូយ-កីឡាករ ឈឿង ល្វៃ បានប្រកួតឈ្នះកីឡាករហ្វីលីពីន Ban Ario លើវិញ្ញាសាទម្ងន់៧១គីឡូក្រាម នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ លើប្រភេទកីឡាឃីកបុកស៊ីង កាលពីយប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ហើយត្រូវឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រដណ្ដើមមេដាយមាស នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

កីឡាករ ឈឿង ល្វៃ ជាបេក្ខភាពទី៤ លើប្រភេទកីឡាឃីកបុកស៊ីងកម្ពុជា ដែលឈរនៅមេដាយប្រាក់ ដែលគ្រោងនឹងប្រកួតវគ្គផ្តាច់ព្រ័ត្រ នាល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ ដើម្បីដណ្តើមមេដាយមាស។ កីឡាករ ឈឿង ល្វៃ នឹងត្រូវប្រកួតនៅវគ្គផ្តាច់ព្រ័ត្រជាមួយបេក្ខភាពកីឡាករថៃ Thongchai Thapphi នាវេលាម៉ោង ១០និង៤៥នាទីយប់ថ្ងៃទី១៣ ខែឧសភា។

ចំពោះបេក្ខភាពកីឡាករឃីកបុកស៊ីង៣នាក់ទៀត ដែលត្រៀមឡើងប្រកួតដណ្តើមមេដាយមាស នាយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ រួមមាន៖

១-កីឡាករ ទូច រ៉ាឆាន់ (បឹត សង្ឃឹម) បានយកឈ្នះកីឡាករម៉ាឡេស៊ី Seaw Wei Sheng នៅពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយត្រូវឡើងទៅវគ្គផ្តាច់ព្រ័ត្រប៉ះជាមួយកីឡាករថៃ Arunno Sivanpan វេលាម៉ោង ៧:១៥នាទីយប់។

២-កីឡាករ កាន់ ម៉េងហុង បានទម្លាក់កីឡាករម៉ាឡេស៊ី Awang Marajaya Awangku Abdul Rahman នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយត្រូវឡើងប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ វិញ្ញាសាទម្ងន់ ៥៤គីឡូក្រាម ដោយត្រូវប៉ះជាមួយកីឡាករថៃ Chaiwat Sungnoi នាវេលាម៉ោង ៨:១៥នាទីយប់។

៣-កីឡាករ លន បញ្ញា បានយកឈ្នះកីឡាករថៃ Rodnok Ophat នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយត្រូវឡើងទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ លើវិញ្ញាសាទម្ងន់៦៧គីឡូក្រាមជាមួយកីឡាករម្ចាស់ផ្ទះវៀតណាម Nguyen The Huong វេលាម៉ោង ៩:១៥នាទីយប់ ថ្ងៃទី១៣ឧសភា។
កីឡាករ ឈឿង ល្វៃ បានបង្ហាញចំណាប់អារម្មណ៍ក្រោយបញ្ចប់ការប្រកួតយប់មិញថា នៅក្នុងការប្រកួតនេះ រូបគេពិតជារីករាយខ្លាំងណាស់ ដែលបានយកឈ្នះគូប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយឡើងទៅប្រកួតដណ្តើមមេដាយ ១ប្រកួតចុងក្រោយ នៅវគ្គផ្តាច់ព្រ័ត្រ។

«អ្វីដែលធ្វើឲ្យខ្ញុំឈ្នះ គឺដោយសារការខិតខំប្រកួត និងបានយកជាតិមកដាក់នៅក្នុងបេះដូងរបស់ខ្ញុំ ហើយទទួលបានការលើកទឹកចិត្តពីថ្នាក់ដឹកនាំសហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជា និងអ្នកគាំទ្រទាំងអស់។ សម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ នាថ្ងៃទី១៣ឧសភា ខាងមុខឆាប់ៗនេះខ្ញុំនឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព បើទោះបីជាគូប្រកួតរបស់ខ្ញុំខ្លាំងកម្រិតណាក្តី ដើម្បីដណ្តើមមេដាយមាសជូនជាតិ។

ឯកឧត្តម ហេង សុឃន ប្រធានសហព័ន្ធកីឡាឃីកបុកស៊ីងបង្ហាញក្តីរីករាយ ដែលកីឡាករឃីកបុកស៊ីងបានប្រឹងប្រែងអស់ពីសមត្ថភាព ហើយកីឡាករចំនួន៤នាក់ កំពុងឈរលើកម្រិតមេដាយប្រាក់ទាំង៤នាក់ (៤គ្រឿង) ហើយឯកឧត្តមដាក់ក្តីសង្ឃឹមខ្ពស់ផងដែរ ក្នុងការយកឈ្នះនៅវគ្គផ្តាច់ព្រ័ត្រ ដណ្តើមមេដាយមាស។

ប្រធានសហព័ន្ធរូបនេះបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុន សែន ដែលផ្តល់ការលើកទឹកចិត្តដ៏ខ្ពង់ខ្ពស់ ពិសេសសម្តេចទាំងទ្វេរបានជួយសម្របសម្រួលផ្តល់ការហោះហើរបង្កលក្ខណៈងាយស្រួលជូនដល់កីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជាទាំងអស់ នៅក្នុងបេសកកម្មប្រកួតប្រជែមេដាយជូនជាតិ ពីក្នុងស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅប្រទេសវៀតណាមនេះ។

ជាមួយគ្នានេះ ឯកឧត្តម ហេង សុឃន ក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដែលបានលើកទឹកចិត្តសម្រាប់កីឡាករ កីឡាការិនីកម្ពុជា រួមទាំងប្រភេទកីឡាឃីកបុកស៊ីងផងដែរ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner