ប្រតិភូ និងអត្តពលិកកីឡា ៩ប្រភេទទៀត បានចេញដំណើរទៅចូលរួមស៊ីហ្គេម នៅវៀតណាមព្រឹកនេះ

ភ្នំពេញ៖ នៅព្រឹកទី១២ ខែឧសភា ឆ្នាំ២០២២ នេះ ប្រតិភូ កីឡាករ-កីឡាការិនីកម្ពុជា ចំនួន៩ប្រភេទកីឡាទៀតបានចេញដំណើរដើម្បីទៅចូលរួមប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ដែលនឹងចាប់ផ្ដើមពិធីបើកជាផ្លូវការនៅថ្ងៃទី១២ ខែឧសភានេះ។

នៅក្នុងដំណើរបំពេញបេសកកម្ម ចូលរួមព្រឹត្តិការណ៍កីឡាស៊ីហ្គេម គឺប្រតិភូ អត្តពលិក សរុបប្រមាណ ១០០នាក់ លើកីឡាចំនួន ៩ប្រភេទរួមមាន កីឡាបាល់ទះឆ្នេរខ្សាច់, កីឡាទោចក្រយាន, កីឡារាំ, កីឡាទ្រីយ៉ាត្លុង, កីឡាប៊ីយ៉ា និងស្នូកឃ័រ, កីឡាអត្តពលកម្ម, កីឡាអុកចិន, កីឡាប្រដាល់សកល និងកីឡាហែលទឹក។

គិតមកទល់ពេលនេះ កម្ពុជាបានបញ្ជូនប្រតិភូ និងអត្តពលិកប្រមាណ ៤០០នាក់ លើ ២២ប្រភេទកីឡាហើយ ទៅទីក្រុងហាណូយ ក្នុងចំណោមប្រតិភូ និងអត្តពលិក ៣៣ប្រភេទកីឡា។

មុនឈានដល់ការប្រកួតផ្លូវការ ក៏មានកីឡាមួយចំនួនបានធ្វើការប្រកួតជាបណ្ដើរៗ និងដណ្ដើមបានមេដាយជូនជាតិផងដែរ។ ជាក់ស្ដែងកីឡាករទូករ៉ូអ៊ីងកម្ពុជា បានឈ្នះមេដាយសំរឹទ្ធ ១គ្រឿង លើវិញ្ញាសាគូបុរស។

ចំពោះកីឡាឃីកបុកស៊ីង មានកីឡាករ ៤រូប បានឡើងវគ្គផ្ដាច់ព្រ័ត្រត្រៀមប្រកួតដណ្ដើមមេដាយមាសជូនជាតិ នាថ្ងៃទី១៣ ខែឧសភាស្អែកនេះ រួមមានកីឡាករ ទូច រ៉ាឆាន់, លន បញ្ញា, កាន់ ម៉េងហុង និងកីឡាករ ឈឿង ល្វៃ ហើយកីឡាករ សាន រ៉ាគីម ក៏ទទួលបានមេដាយសំរឹទ្ធស្ទួន ១គ្រឿងផងដែរ។

ដោយឡែកកីឡាបាល់ទាត់ វិញ្ញសាបុរស ប្រកួត ២ដង ឈ្នះ១ និងចាញ់១ ខណៈវិញ្ញាសានារី ប្រកួតចាញ់១។

បញ្ជាក់ថា សម្រាប់ការដឹកជញ្ជូនក្រុមប្រតិភូ កីឡាករ-កីឡាការិនីកម្ពុជា ត្រូវបានផ្តល់ការហោះហើរដោយក្រុមហ៊ុន Cambodia Airways ទាំងទៅទាំងមកដោយឥតគិតថ្លៃ បន្ទាប់ពីទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner