មេដឹកនំាស៊ីរីបង្ហាញការស្វាគមន៍ចំពោះកិច្ចព្រមព្រៀងរវាងរុស្ស៊ី និងតួកគី ក្នុងការដកកងកម្លំាងឃើដ YPG ចេញពីព្រំដែនស៊ីរី
រុស្ស៊ី៖ ប្រធានាធិបតីស៊ីរីលោក បាហ្សា អាល់ អាស្សាដ បានសម្តែងការគាំទ្រចំពោះការចុះអនុស្សរណៈរវាងប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន និងសមភាគតួកគី លោក តាយយីប អឺដូហ្គាន់ ស្តីពីបញ្ហាស៊ីរី ក្រោយមានកិច្ចពិភាក្សាទ្វេភាគីមួយ ។
ស្ថិតក្រោមអនុស្សរណៈនោះ កងសន្តិសុខរបស់រុស្ស៊ី រួមជាមួយកម្លាំងការពារព្រំដែនរបស់ស៊ីរី នឹងចូលទៅក្បែរព្រំប្រទល់តួកគី និង ស៊ីរី ជាប់ទីតាំងធ្វើប្រតិបត្តិការយោធារបស់តួកគី ដើម្បីជួយសម្របសម្រួលដល់ការដកខ្លួនចេញរបស់កងកម្លាំងឃើដ និង សព្វាវុធរបស់ពួកគេ ដែលអាចត្រូវចំណាយពេលជិតមួយសប្តាហ៍ ។ បន្ទាប់ពីមកទៀត ការល្បាតរួមគ្នារវាងរុស្ស៊ី និងតួកគី នឹងចាប់ផ្តើមឡើងនៅភាគខាងលិច និងភាគខាងកើតនៃតំបន់ប្រតិបត្តិការយោធារបស់តួកគី ។
ដោយឡែក រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក ស៊ឺហ្គៃ ឡាវរ៉ូវ បានបញ្ជាក់ថា ប្រតិ បត្តិការយោធានិទាឃរដូវនៃសន្តិភាព (Operation Peace Spring) របស់តួកគី កំពុងឈានទៅរកការលុបចោលទាំងស្រុង ប៉ុន្តែអ្វីៗគឺអាស្រ័យទៅលើការអនុវត្តនៃការព្រមព្រៀងគ្នានេះ ៕ធ.ដ