ប្រធាន សហព័ន្ធខ្មែរកីឡាអត្តពលស្ម័គ្រចិត្ត ថ្លែងថា ការបង្កើនចំនួនអត្តពលិកចូលរួមស៊ីហ្គេម នៅវៀតណាម ជាយុទ្ធសាស្រ្តត្រៀមស៊ីហ្គេម ឆ្នាំ២០២៣

អត្តពលិកកីឡាកម្ពុជា នាព្រឹកថ្ងៃទី១២ ខែឧសភានេះ បានបន្តចេញដំណើរចំនួន៩ប្រភេទកីឡាបន្ថែមទៀត សម្រាប់ជើងទី៤ ដើម្បីទៅចូលរួម ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម។

ថ្លែងប្រាប់អ្នកព័ត៌មានមុនចេញដំណើរ ឯកឧត្តម សំហេង បុរស ប្រធានសហព័ន្ធកីឡាខ្មែរអត្តពកម្មស្ម័គ្រចិត្ត បានគូសបញ្ជាក់ថា ស៊ីហ្គេមនៅប្រទេសវៀតណាមលើកនេះ សហព័ន្ធខ្មែរអត្តពលកម្ម បានបង្កើនចំនួនអត្តពលិកចូលរួមច្រើនជាងស៊ីហ្គេមមុនៗ ទាំងចំនួនកីឡាករ កីឡាការិនី គ្រូបង្វឹក និងមន្រ្តីសហព័ន្ធ។ ការបញ្ជូនច្រើនបែបនេះ ដោយសារសហព័ន្ធចង់ពង្រឹងសមត្ថភាព និងផ្តល់បទពិសោធន៍ការចូលរួមប្រកួតអន្តរជាតិដល់ពួកគាត់ ដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

ជាមួយគ្នានេះដែរ ឯកឧត្តមតំណាងឲ្យអត្តពលិកកីឡាអត្តពលកម្មទាំងអស់ សូមថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានយកចិត្តទុកដាក់ខ្ពស់ដល់កីឡាករ កីឡាការិនី ចំពោះការហ្វឹកហាត់បិទខ្ទប់ធ្វើឲ្យសមត្ថភាពរីកចំរើនកាន់តែខ្លាំង មិនត្រឹមតែប៉ុណ្ណោះ សម្តេចបានផ្តល់ថវិកាដល់អត្តពលិក និងសម្រួលមធ្យោបាយធ្វើដំណើរបង្កលក្ខណៈងាយស្រួលដល់ការចូលរួម និងពេលវេលាគ្រប់គ្រាន់សម្រាប់ការត្រៀមខ្លួនប្រកួតផងដែរ។ ឯកឧត្តម អះអាងទៀតថា ថវិកាដែលអត្តពលិក គ្រូបង្វឹកទទួលបានពីសម្តេចតេជោ ក្រុមការងារបានចែករំដល់កីឡាករ កីឡាការិនី ដែលមិនមានឈ្មោះទៅចូលរួម សកម្មភាពនេះបានបង្ហាញឲ្យនូវការស្រលាញ់រាប់អានគ្នា ក្នុងមហាគ្រួសារកីឡាកម្ពុជា។

គួរបញ្ចាក់ថា សម្រាប់៩ប្រភេទកីឡា ដែលចេញដំណើរនៅថ្ងៃទី១២ ខែឧសភានេះ មានកីឡាបាល់ទះឆ្នេរខ្សាច់ កីឡាទោចក្រយាន កីឡារាំ កីឡាទ្រីអាយ៉ាត្លង់ ស្នុកឃ័រ អត្តពលកម្ម អុកចិន ប្រដាល់សកល និង ហែលទឹក ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម បានដំណើរការប្រកួតចាប់តាំងពីថ្ងៃទី៦ ខែឧសភាមកម្ល៉េះ ពិធីបើកនឹងដំណើរការនៅថ្ងៃទី១២នេះ និងបញ្ចប់នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ សម្រាប់កម្ពុជាបានបញ្ជូន៣៣ប្រភេទកីឡាចូលរួម ។ ជាមួយគ្នានេះ អត្តពលិកកីឡាកម្ពុជា ដណ្តើមបានមេដាយជាបណ្តើរៗហើយ ៕ អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner