អង់គ្លេសចុះកិច្ចព្រមព្រៀងសន្តិសុខជាមួយស៊ុយអែត និងហ្វាំងឡង់ ដោយមិនខ្វល់ពីប្រតិកម្មរបស់រុស្ស៊ី

ហែលស៊ិនគី៖ ចក្រភពអង់គ្លេសបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងធានាសន្តិសុខទៅវិញទៅមក ជាមួយប្រទេសស៊ុយអែត និងហ្វាំងឡង់ ក្នុងកំលុងនាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន បំពេញទស្សនកិច្ចក្នុងប្រទេសទាំងពីរនេះនៅក្នុងថ្ងៃពុធសប្តាហ៍នេះ ប៉ុន្មានថ្ងៃមុនទីក្រុង ស្តុកខុល និងទីក្រុងហែលស៊ិនគី នឹងត្រូវប្រកាសពីការសម្រេចចិត្តរបស់ពួកគេលើការដាក់ពាក្យចូលជាសមាជិកភាពណាតូ។

ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅប្រទេសស៊ុយអែត លោក ចនសុន បានអះអាងថា ការវាយប្រហារដោយយោធារុស្ស៊ីលើអ៊ុយក្រែន ដែលលោកបានពិពណ៌នាថា ជាយុទ្ធនាការបង្ហូរឈាមរបស់លោក ពូទីន ប្រឆាំងនឹងប្រទេសអធិបតេយ្យមួយ បានបញ្ចប់ក្តីសង្ឃឹមថា សន្តិភាពនៅអឺរ៉ុបនឹងស្ថិតស្ថេរ។ លោកបន្ថែមថា សង្រ្គាមនៅអ៊ុយក្រែនកំពុងបង្ខំយើងទាំងអស់គ្នាឱ្យធ្វើការសម្រេចចិត្តដ៏លំបាក។

ប៉ុន្តែប្រទេសអធិបតេយ្យត្រូវតែមានសេរីភាព ក្នុងការសម្រេចចិត្តទាំងនោះ ដោយគ្មានការភ័យខ្លាច ឥទ្ធិពល ឬក៏ការគំរាមកំហែងនៃការសងសឹក ហើយថា លោកមានការរីករាយជាខ្លាំងក្នុងការចុះហត្ថលេខាលើសេចក្តីប្រកាសនេះ។
ការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេសបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក ចនសុន កំពុងធ្វើទស្សនកិច្ចប្រទេសទាំងពីរនៅថ្ងៃនេះ ដើម្បីចុះហត្ថលេខាលើសេចក្តីប្រកាសជា “ប្រវត្តិសាស្ត្រ”។

បើតាមវិមានរដ្ឋាភិបាលអង់គ្លេស Downing Street កតិកាសញ្ញាថ្មីនេះពាក់ព័ន្ធនឹងការបង្កើនការចែករំលែកព័ត៌មានសម្ងាត់, ការបង្កើនល្បឿនការហ្វឹកហ្វឺនយោធារួមគ្នា, ការធ្វើសមយុទ្ធ និងការដាក់ពង្រាយ ព្រមទាំងការពង្រឹងសន្តិសុខនៅទូទាំងប្រទេសទាំងបី និងភាគខាងជើងនៃទ្វីបអឺរ៉ុប៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner