រុស្ស៊ីចោទសហរដ្ឋអាមេរិកថា កំពុងព្យាយាមបង្កឱ្យមានការតវ៉ាប្រឆាំងសង្រ្គាមក្នុងប្រទេសខ្លួន

ម៉ូស្គូ៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់រុស្ស៊ីបានថ្កោលទោសសហរដ្ឋអាមេរិកចំពោះការប៉ុនប៉ងញុះញង់ឱ្យមានការតវ៉ាប្រឆាំងសង្គ្រាមនៅអ៊ុយក្រែនក្នុងប្រទេសរុស្ស៊ី។

សេវាចារកម្មបរទេសរបស់រុស្ស៊ីបានចេញសេចក្តីថ្លែងការណ៍ខាងលើនេះនៅក្នុងថ្ងៃពុធម្សិលមិញ ដោយបន្ថែមថា ក្រសួងការបរទេសអាមេរិកបានកំណត់គោលបំណងសម្រាប់អង្គការក្រៅរដ្ឋាភិបាលដែលខ្លួនគ្រប់គ្រង ដើម្បីចាប់ផ្តើមបូជនីយកិច្ចបង្ខូចកេរ្តិ៍ឈ្មោះប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែននៅក្នុងសង្គមរុស្ស៊ី។

ទីភ្នាក់ងារនេះក៏បានអះអាងដែរថា សហរដ្ឋអាមេរិកកំពុងរៀបចំផ្សព្វផ្សាយពាក្យស្លោកប្រកាសអាសន្ន (alarmist slogans) នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីសាបព្រួសភាពភ័យស្លន់ស្លោនៅក្នុងប្រទេសរុស្ស៊ី។

ពាក់ព័ន្ធនឹងការចោទប្រកាន់នេះដែរ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានច្រានចោលសេចក្តីថ្លែងការណ៍ខាងលើ ដោយនិយាយថា វាគឺជារឿងដ៏គួរឱ្យអស់សំណើច ខណៈកន្លងមក រុស្ស៊ីទៅវិញទេដែលជាអ្នកនៅពីក្រោយការផ្សព្វផ្សាយព័ត៌មានមិនពិត។

គួរបញ្ជាក់ថា ចាប់តាំងពីការលុកលុយរបស់ខ្លួនលើអ៊ុយក្រែន រដ្ឋាភិបាលរុស្ស៊ីបានប្រុងប្រយ័ត្នកាន់តែខ្លាំងឡើង ចំពោះមនោសញ្ចេតនាប្រឆាំងសង្គ្រាមដែលអាចកើតមានក្នុងចំណោមពលរដ្ឋរបស់ខ្លួន។ តួយ៉ាង ទីក្រុងម៉ូស្គូបានរឹតបន្តឹងការគ្រប់គ្រងព័ត៌មានរបស់ខ្លួន និងបានឃុំខ្លួនមនុស្សដែលអំពាវនាវឱ្យមានការតវ៉ាផងដែរ៕ ប្រភព៖ NHK ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner