ប្រមុខអង្គការសហប្រជាជាតិបង្ហាញការព្រួយបារម្ភអំពីហានិភ័យនៃគ្រោះទុរភិក្សជាសកល ដោយសារសង្គ្រាមអ៊ុយក្រែន

យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូធឺរែស ថ្លែងថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីគ្រោះទុរភិក្សដែលកំពុងរីករាលដាល ខណៈសង្គ្រាមនៅអ៊ុយក្រែនកំពុងគំរាមកំហែងដល់សន្តិសុខស្បៀងនៅក្នុងតំបន់ផ្សេងៗគ្នារបស់ពិភពលោក។

ថ្លែងជាមួយអធិការបតី និងរដ្ឋមន្ត្រីការបរទេសអូទ្រីសនៅទីក្រុងវីយែន ក្នុងថ្ងៃពុធសប្តាហ៍នេះ លោក ហ្គូធឺរែស ក៏បាននិយាយផងដែរថា កិច្ចពិភាក្សាកំពុងបន្តដើម្បីជម្លៀសជនស៊ីវិលបន្ថែមទៀតចេញពីតំបន់ជម្លោះនៅអ៊ុយក្រែន និងបង្ហាញទំនុកចិត្តថា ការជម្លៀសកាន់តែច្រើននឹងកើតឡើងនាពេលអនាគត។

ទន្ទឹមគ្នា លោក ហ្គូធឺរែស បានបញ្ជាក់ដូច្នេះថា ខ្ញុំត្រូវតែនិយាយថា ខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំង ពោលគឺជាមួយនឹងហានិភ័យនៃភាពអត់ឃ្លានកំពុងរីករាលដាលនៅក្នុងផ្នែកផ្សេងៗនៃពិភពលោក ពីព្រោះស្ថានភាពអសន្តិសុខស្បៀងដែលយើងកំពុងប្រឈមមុខដោយសារតែសង្គ្រាមនៅអ៊ុយក្រែន។

គួរបញ្ជាក់ថា សង្គ្រាមនៅអ៊ុយក្រែនបានធ្វើឱ្យតម្លៃគ្រាប់ធញ្ញជាតិ ប្រេងចម្អិនអាហារ ប្រេងឥន្ធនៈ និងជីកើនឡើងជាសកល ដោយទីភ្នាក់ងារអង្គការសហប្រជាជាតិបានព្រមានថា ការឡើងថ្លៃនឹងធ្វើឱ្យវិបត្តិស្បៀងអាហារនៅទ្វីបអាហ្វ្រិកកាន់តែអាក្រក់ទៅៗ។

មិនតែប៉ុណ្ណោះ ការឈ្លានពានរបស់រុស្ស៊ីក៏បានរំខានដល់ការដឹកជញ្ជូននៅដែនសមុទ្រខ្មៅ ដែលជាផ្លូវទឹកដ៏សំខាន់សម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិ និងទំនិញផ្សេងៗទៀត ដែលរារាំងដល់ការនាំចេញពីអ៊ុយក្រែន និងរុស្ស៊ី៕ ប្រភព៖ Aljazeera ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner