អង្គការ NASA រំពឹងថា ជប៉ុនអាចនឹងសហការជាមួយ NASA ក្នុងការនាំយកអវកាសយានិកទៅកាន់ឋានព្រះច័ន្ទសាជាថ្មី
សហរដ្ឋអាមេ៉រិក៖ ទីភ្នាក់ងារអវកាសអាមេ៉រិក NASA បានឱ្យដឹងថ្មីៗនេះថា ជប៉ុនអាចនឹងមកចូលរួមកិច្ចប្រឹងប្រែងរបស់ NASA ក្នុងការនាំយកអវកាសយានិកទៅកាន់ឋានព្រះច័ន្ទសាជាថ្មី ។
ប្រសិនបើទីភ្នាក់ងារអវកាសរបស់ប្រទេសទាំងពីរ សម្រេចចាប់ដៃគ្នាក្នុងបេសកកម្មទៅកាន់ព្រះច័ន្ទនោះ ជប៉ុនប្រហែលជានឹងជួយអង្គការ NASA ក្នុងការកសាងស្ថានីយច្រកទ្វារអវកាសហៅថា Gateway នៅគន្លងគោចរជុំវិញព្រះច័ន្ទហើយអាចបញ្ជូនអវកាសយានិកជប៉ុនឲ្យទៅជាន់ផ្ទៃព្រះច័ន្ទ ជាមួយអាមេ៉រិកថែមទៀតផង ។ ក្រៅពីនេះអង្គការ NASA អាចនឹងអនុញ្ញាតឲ្យផ្កាយរណបខ្នាតតូច CubeSat របស់ជប៉ុន ធ្វើដំណើរតាមបេសកកម្ម Artemis ទី១ ផងដែរ ។
សូមរំលឹកផងដែរថា កន្លងមកនេះទីភ្នាក់ងារអវកាស NASA និង JAXA បានសហការគ្នាលើបេសកកម្មមួយចំនួនរួចស្រេចទៅហើយ ដោយរួមទាំងបេសកកម្មទាក់ទងនឹងស្ថានីយអវកាសអន្តរជាតិ ISS ជាដើម ដែលមានការបញ្ជូនអវកាសយានិក យានដឹកទំនិញ គ្រឿងយន្តរ៉ូបូត ព្រមទាំងបរិក្ខាជាច្រើនទៀត ៕ធ.ដ