ចិនជំរុញឱ្យសហរដ្ឋអាមេរិកលើកកម្ពស់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ក្នុងកំលុងកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាននាពេលខាងមុខ

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian ក្នុងថ្ងៃព្រហស្បតិ៍បញ្ជាក់ថា សហរដ្ឋអាមេរិកក្នុងនាមជាប្រទេសមិនក្នុងតំបន់ គួរតែដើរតួជាវិជ្ជមាន និងស្ថាបនា ក្នុងន័យលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍន៍ក្នុងតំបន់។ លោក Zhao Lijian បានថ្លែងបែបនេះ គឺជាការឆ្លើយតបទៅនឹងរបាយការណ៍ថាកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាននាពេលខាងមុខនេះ នឹងពិភាក្សាអំពីបញ្ហាទាក់ទងនឹងប្រទេសចិន។

លោកបន្តថា សហរដ្ឋអាមេរិកមិនគួរប្រើកិច្ចសហប្រតិបត្តិការជាបិទបាំង ដើម្បីបង្ខំឱ្យអ្នកដទៃជ្រើសរើសភាគី ឬលេងជាមួយភ្លើងលើបញ្ហាទាក់ទងនឹងផលប្រយោជន៍ស្នូលរបស់ប្រទេសចិននោះទេ។ បើតាមប្រព័ន្ធផ្សព្វផ្សាយ លោក Kurt Campbell អ្នកសម្របសម្រួលគោលនយោបាយឥណ្ឌូ-ប៉ាស៊ីហ្វិករបស់សេតវិមានបាននិយាយថា សហរដ្ឋអាមេរិកសង្ឃឹមថានឹងចាត់វិធានការដើម្បីរក្សាសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។

លោកបន្ថែមថា សហរដ្ឋអាមេរិកបន្តអនុវត្តតាមគោលនយោបាយចិនតែមួយ មិនគាំទ្រ “ឯករាជ្យតៃវ៉ាន់” និងគ្មានចេតនាធ្វើសកម្មភាពបង្កហេតុឡើយ។ ប៉ុន្តែខ្លួនចង់បានភាពច្បាស់លាស់អំពីបំណងប្រាថ្នា ដើម្បីរារាំងជំហានដែលនឹងបង្កហេតុ។

ជាការឆ្លើយតប លោក Zhao បាននិយាយថា គោលការណ៍ចិនតែមួយ គឺជាការឯកភាពជាសកលរបស់សហគមន៍អន្តរជាតិ និងជាបទដ្ឋានមូលដ្ឋានដែលបានបង្កើតឡើងសម្រាប់គ្រប់គ្រងទំនាក់ទំនងអន្តរជាតិ។ អាមេរិកគួរតែគោរពគោលការណ៍ចិនតែមួយ និងចិន-អាមេរិក។

ជាងនេះទៅទៀតនោះ សហរដ្ឋអាមេរិកគួរតែបញ្ឈប់ការកេងប្រវ័ញ្ចពាក់ព័ន្ធនឹងបញ្ហាកោះតៃវ៉ាន់ ដើម្បីចូលរួមក្នុងឧបាយកលនយោបាយ ក្នុងការប៉ុនប៉ងទប់ស្កាត់ឥទ្ធិពលចិន៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner